ភ្នំពេញៈ ពន្លកសិល្បៈ ដែលល្បីល្បាញនៅក្នុងប្រទេសថៃ លោក បាន ចន្ទី បានអះអាងឲ្យដឹងថា មានផលលំបាកខ្លាំងណាស់ ដំបូងឡើយ ដើម្បីធ្វើឲ្យអ្នកគាំទ្រថៃ ទទួលស្គាល់ ខ្លួនលើឆាកចំរៀង ក្នុងប្រទេសដែលមានសាសនាប្រពៃណីស្រដៀងនឹងកម្ពុជាមួយនេះ ។
បើនិយាយអំពីហេតុផលត្រឹមតែជា និស្សិតអាហាររូបករណ៍ទៅសិក្សានៅថៃ វាជារឿងមោទនៈភាពបាត់ទៅហើយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ សម្រាប់ខ្លួន និងសង្គមជាតិនោះ គឺ បាន ចន្ទី អាចបង្ហាញសមត្ថភាពផ្នែកសិល្បៈ ឲ្យមិត្តភក្តិ បងប្អូន និងជនរួមជាតិបានដឹង តាមរយៈវេទិកាច្រៀងតំណាងឲ្យ សាកលវិទ្យាល័យ រាជាផាត់ឈៀងម៉ៃ ។
ពន្លកសិល្បៈវ័យ ២០ ឆ្នាំ លោក បាន ចន្ទី បច្ចុប្បន្នសិក្សាឆ្នាំទី៣ ផ្នែកសិល្បៈទំនាក់ទំនង មុខជំនាញភាពយន្ត និងស្ពតពាណិជ្ជកម្ម ហើយលោកគ្រោងនឹងចាប់យកថ្នាក់អនុបណ្ឌិតលើជំនាញ កំពុងសិក្សាឲ្យខាងតែបាន នាពេលខាងមុខ ទោះបីជាកេរ្តិ៍ឈ្មោះ ល្បីទាំងនៅថៃ និងក្នុងប្រទេសកម្ពុជាក្តី ។
បាន ចន្ទី បានប្រាប់ Post News ឲ្យដឹងថា «ខ្ញុំជាខ្មែរ ដល់ពេលទៅច្រៀង និងសម្តែងនៅថៃ វាលំបាកខ្លាំងណាស់ វាមិនដូចយើងទៅច្រៀងមួយភ្លែតៗនោះទេ ជាពិសេសទស្សនិកជននៅទីនោះ ច្បាស់ថា ខ្ញុំខ្មែរ ចឹងច្រៀងថៃកើតអត់ ធ្វើអ្វីល្អអត់»។
លោក បាន ចន្ទី ក៏បានទទួលស្គាល់ផងដែរថា បញ្ហាលំបាកដែលទស្សនិកជន ថាឲ្យនោះ គឺវាដើមចម មកពីបញ្ហាភាពរកាំរកូស រវាងប្រទេសជាតិទាំងពីរកន្លងមក។
បាន ចន្ទី ថា «តាមរយៈសមត្ថភាពខ្ញុំ អាចច្រៀងថៃ បាននោះ អ្នកស្អប់ និងមិនគាំទ្រ បែរជាមកស្រឡាញ់ និងចូលចិត្ត ខណៈដែលកន្លងមក គេគិតថាយើងខ្មែរ ច្រៀង និងសម្តែងក៏មិនឲ្យបង្ហាញទេពកោសល្យនោះដែរ»។
ពាក្យចាស់ខ្មែរ ពោលថា «ក្រោយភ្លៀងមេឃស្រឡះ » សុភាសិត នេះបានក្លាយជារឿងពិត នឹងធ្លាក់ទៅដល់ យុវជន បាន ចន្ទី ដោយផលិតកម្មនៅថៃ ហៅឲ្យដើរតួរង បាន ៣រឿង និង រឿងមួយទៀត គឺរឿងកូរ៉េ ប៉ុន្តែសម្រាប់ចំណងជើងរឿង យុវជន ខាងលើ បានធ្វើការបដិសេធ មិនបញ្ចេញនោះឡើយ ។
ក្នុងវិស្សមកាល មកលេងស្រុកខ្មែរ បាន២ខែនេះ យុវជន បាន ចន្ទី ដែលជាពន្លកសិល្បៈ ត្រូវអ្នករៀបចំកម្មវិធី ផ្សេងៗ ហៅឲ្យច្រៀង និង ផលិតកម្ម ក្នុងស្រុកមួយ ហៅឲ្យកុងត្រាផងដែរ ប៉ុន្តែដោយសារតែរវល់នឹងការបញ្ចប់ជំនាញ នៅថៃ ជាហេតុធ្វើឲ្យ បាន ចន្ទី បដិសេធ មិនទទួលយកតាមសំណើរផលិតកម្ម១ នោះទេ៕
ទស្សនាបទចម្រៀង «២០ឆ្នាំក្នុងក្តីស្រម៉ៃ» របស់ បាន ចន្ធី ដូចខាងក្រោមនេះ៖
មតិយោបល់