កំពូលតួសម្តែងស្រី ជុន ជី ហ៊ុន (Jun Ji Hyun) ដែលត្រូវគេស្គាល់ផងដែរជា ជៀនណា ជុន នឹងរៀបការជាមួយអ្នកជំនួញម្នាក់នៅក្នុងខែមិថុនា។
ភ្នាក់ងាររបស់ ជុន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា តួសម្តែងស្រីរូបនេះនឹងរៀបការនៅថ្ងៃទី២ ខែមិថុនា នៅឯសណ្ឋាគារស៊ីឡា នៅក្នុងសង្កាត់ចាងជុងដុង ភាគកណ្តាលទីក្រុងសេអ៊ូល ជាមួយបុរសម្នាក់ដែលមានឈ្មោះថា ចយ ជុនហែក។ ទីភ្នាក់ងារនេះបានបន្ថែមទៀតថា ជុន នឹងបន្តអាជីពសម្តែងរបស់នាងបន្ទាប់ពីអាពាហ៍ពិពាហ៍នេះ។
យោងតាមរបាយការណ៍ឲ្យដឹងថា ចយ គឺជាចៅទួតអ្នកច្នៃម៉ូត លី យុងហ៊ី។ គាត់មានអាយុដូចគ្នានឹង ជុន វ័យ៣១ឆ្នាំ ហើយនាពេលបច្ចុប្បន្នកំពុងធ្វើការនៅឯធនាគាររបស់អាមេរិកមួយ។ អ្នកទាំងពីរបានស្គាល់គ្នាចាប់តាំងពីពួកគេឈានចូលអាយុ២០ឆ្នាំ និងទើបតែបានចាប់ផ្តើមណាត់ជួបទាក់ទងគ្នាប្រហែលរយៈពេលមួយឆ្នាំ កន្លងទៅនេះ។
ពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយថា អ្នកទាំងពីរនឹងរៀបការឆាប់ៗនេះ បន្ទាប់ពីព័ត៌មានបានលេចឮនៅក្នុងខែធ្នូថា ពួកគេកំពុងណាត់ជួបទាក់ទងគ្នា។
អនាគតម្តាយក្មេករបស់ ជុន ដែលជាអ្នកច្នៃម៉ូត លី ជែងវូ ដ៏ល្បីល្បាញម្នាក់ផងដែរ ត្រូវបានគេដឹងថាបានណែនាំ ជុន ដល់ពួកមិត្តភក្តិកាលពីពេលថ្មីៗនេះថាជាអនាគតកូនប្រសាស្រី។ ទីភ្នាក់ងាររបស់ ជុន បានបដិសេធពាក្យចចាមអារ៉ាមនេះ រហូតមកដល់រយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ។
ជុន ដែលបានចាប់ផ្តើមអាជីពជាលើកដំបូងរបស់នាងក្នុងឆ្នាំ១៩៩៧ ជាតារាបង្ហាញម៉ូត បានបង្កើនកេរ្តិ៍ឈ្មោះបន្ទាប់ពីខ្សែភាពយន្តឆ្នាំ២០០១ដែលទទួលបាន ជោគជ័យល្អបំផុតរឿង “My Sassy Girl”។
នាងបានសម្តែងភាពយន្តនិយាយភាសាអង់គ្លេសរបស់នាងជាលើកដំបូង នៅក្នុងរឿង “Blood: The Last Vampire” ហើយកាលពីពេលថ្មីៗនេះបានដើរតួសម្តែងនៅក្នុងរឿង “Snow Flower and the Secret Fan” ជាមួយតារាហូលីវូដ ហុក ជែកមែន (Hugh Jackman) និងកំពូលតួសម្តែងស្រីជនជាតិចិន ហ្សាង ហ្ស៊ីយី៕ឈាមត្រជាក់
មតិយោបល់