ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង «ទឹកចិត្តម្ដាយសម័យថ្មី» បន្តលាក់ខ្ទង់ចំណាយ

ភ្នំពេញៈ ក្នុងពិធីក្រុងពាលីចេញថតរឿង «ទឹកចិត្តម្ដាយសម័យថ្មី» របស់ផលិតកម្ម Town កាលពីថ្ងៃទី៦ កក្កដា នៅម្ដុំវិទ្យាល័យព្រែកឯង ផលិតករ និងតំណាងក្រុមហ៊ុនដោយផ្ទាល់នៅតែបន្តលាក់ខ្ទង់ចំណាយ បើទោះជារឿងមួយនេះ ត្រូវគេចាប់អារម្មណ៍បានប្រមូលផ្ដុំដោយតារាសម្ដែងល្បីៗ ដែលសុទ្ធតែមានតម្លៃខ្លួនខ្ពស់ និងត្រូវផលិតឡើងក្នុងកម្រិតជាភាពយន្តប្រកួតប្រជែង។ នៅក្នុងពិធីនោះ គេឃើញវត្តមានតារាសម្ដែងទាំងចាស់ទាំងថ្មី បង្ហាញខ្លួនយ៉ាងច្រើនកុះករ លើកលែងតែអ្នកនាងអម្ពរ ទេវី ដែលមិនទាន់ចុះមកពីអាមេរិកមកធ្វើពិធីក្រុងពាលីឲ្យទាន់គេប៉ុណ្ណោះ។

អ្នកស្រីពាន់ ភួងបុប្ផា ជាអ្នកនិពន្ធ និងជាអ្នកទទួលផលិតរឿងនេះ ឲ្យផលិតកម្មថោន បានអះអាងថា អ្នកស្រីមិនអាចបញ្ជាក់ខ្ទង់ចំណាយ ដោយចំហរនៅក្នុងពេលនេះបានទេ ដោយសារតែបញ្ហានេះ គឺជារឿងលាក់ការរបស់ក្រុមហ៊ុន និងម្យ៉ាងមកពីអ្នកស្រីមិនចង់អួតមុន នាំឲ្យមានការវិភាគបែបនេះបែបនោះ។

យ៉ាងណាក៏ដោយ អ្នកស្រីប្រាប់ថាខ្សែរឿង «ទឹកចិត្តម្ដាយសម័យថ្មី» នឹងគ្រោងចំណាយច្រើន ដោយសារតែការចំណាយទៅលើតួអង្គ ក៏ខ្ពស់ ហើយការចំណាយទៅលើដេគ័រផ្ទៃរឿងក៏មិនតិចដើម្បីឲ្យរឿងមានគុណភាពគ្រប់គ្រាន់។ អ្នកស្រីរំពឹងយ៉ាងខ្លាំងថា រឿងដែលមានវត្តមានសុទ្ធតែជាតារាល្បីៗ ដូចជាអ្នកនាងអម្ពរ ទេវីនេះ នឹងទទួលបានការគាំទ្រខ្លាំងក្នុងពេលចាក់បញ្ចាំងជាសាធារណៈនៅតាមរោងកុន ដោយសម្អាងថា រឿងនេះ ផលិតឡើងឲ្យល្អសម្រាប់ប្រកួតប្រជែងនៅក្នុងវិស័យភាពយន្ត។ មិនខុសគ្នាដែរតំណាងរបស់ផលិតកម្មថោន ក៏បានបញ្ជាក់ថា សុំលាក់ខ្ទង់ចំណាយ និងស្នើឲ្យរង់ចាំមើលពីគុណភាពរឿងជាជាងការប្រកាសជាមុនពីការចំណាយសម្រាប់មួយរឿងនេះផងដែរ។

អ្នកស្រីពាន់ ភួងបុប្ផា បានអះអាងថា ការប្រកាសពីខ្ទង់ចំណាយនៅមិនទាន់កំណត់បាននោះទេ ទើបការជជីកចង់ដឹងពីការចំណាយជាក់ស្ដែងសម្រាប់រឿងនេះ នៅមិនទាន់ឆ្លើយបាន។ អ្នកស្រីបានបដិសេធឲ្យដឹងពីតម្លៃប៉ាន់ស្មាន ដោយសារតែភាពជាក់ស្ដែងក៏មិនទាន់ដឹងថា អស់ប៉ុន្មាន។

នៅក្នុងពិធីសម្ពោធរឿងនោះ គេឃើញមានការចូលរួមពីតារាល្បីៗជាច្រើនដូចជាអ្នកនាងស្វែង សុជាតា អ្នកនាងស៊ឹម សូលីកា និងកញ្ញាឌុច លីដា ជាដើម។ រឿងនេះត្រូវបានផលិតករបញ្ជាក់ថា នឹងចេញថតបណ្ដើរៗចាប់ពីថ្ងៃក្រុងពាលីតទៅ ដោយក្នុងខែ៨ក្នុងពេលអ្នកនាងអម្ពរ ទេវី ចុះមកក៏បន្តថតប្លង់ដែលនៅសេសសល់ទៀតដើម្បីអាចដាក់បញ្ចាំងនៅអំឡុងចុងឆ្នាំ ឬដើមឆ្នាំខាងមុខ៕

photo_2016-07-06_13-13-48 photo_2016-07-06_13-13-49 photo_2016-07-06_13-13-49-2 photo_2016-07-06_13-13-50 photo_2016-07-06_13-13-50-2 photo_2016-07-06_13-13-51 photo_2016-07-06_13-13-51-2 photo_2016-07-06_13-13-52 photo_2016-07-06_13-13-52-2 photo_2016-07-06_13-13-53 photo_2016-07-06_13-13-53-2 photo_2016-07-06_13-13-54 photo_2016-07-06_13-13-55 photo_2016-07-06_13-13-56 photo_2016-07-06_13-13-56-2 photo_2016-07-06_13-13-57 photo_2016-07-06_13-13-58 photo_2016-07-06_13-13-58-2 photo_2016-07-06_13-13-59

មតិយោបល់