ក្រៅពីគម្រោងធ្វើពិធីបើកសម្ពោធជាទ្រង់ទ្រាយធំនៅថ្ងៃទី២៨ មករា ផលិតករ និងតួសម្ដែងក្នុងរឿង «ម៉ាដាមអាប» ក៏បានប្រារព្ធពិធីបួងសួង ជាទ្រង់ទ្រាយធំ កាលពីល្ងាចថ្ងៃទី២៥ មករា នៅមុខរូបសំណាកឧកញ៉ាក្រឡាហោមគង់ ស្ថិតនៅច្រាំងទន្លេនៅទល់មុខវត្តកោះក្របីផងដែរ ផលិតកររឿងបានប្រាប់មូលហេតុជាច្រើន ដែលនាំអោយលោកសម្រេចចិត្តដឹកនាំតារាសម្ដែងទៅបួងសួងនៅក្នុងថ្ងៃនោះ។
លោក ហួរ សុផល ហៅហួរ សិរី ម្ចាស់ផលិតកម្មក្លាស៊ិក បានថ្លែងបញ្ជាក់ថា ហេតុផលដែលលោកសម្រេចធ្វើពិធីនៅវត្តកោះក្របី គឺដោយសារតែនៅខាងមុខវត្តនោះ មានបារមីស័ក្ដសិទ្ធិគង់សណ្ឋិត ដោយអ្នកស្រុក និងអ្នកមកពីចម្ងាយមានជំនឿលើបារមីនៅទីនោះខ្លាំងក្លា ទើបលោកសម្រេចចិត្តទៅសុំសិរីសួស្ដី និងជោគជ័យនៅទីនោះ ដើម្បីអោយពេលដាក់បញ្ចាំងរឿងមានអ្នកចូលទស្សនាច្រើន។ លោកថាហេតុផលមួយនេះ ក៏ដើម្បីអោយតួសម្ដែង បានស្គាល់ពីបារមីនៅកោះក្របី និងចង់អោយស្គាល់ពីទីសក្ការៈនោះផងដែរ ក្នុងពេលដែលលោក ក៏ចង់លើកកំពស់លើជំនឿព្រហ្មញ្ញសាសនា។
លោកថាពិធីបួងសួងនោះតារាភាគច្រើន ត្រូវបានតម្រូវអោយតែងបុរាណ តែសម្រាប់តួជាភ្ញៀវកិត្តិយស មានខ្លះក៏ស្លៀកពាក់ធម្មតា និងខ្លះក៏តែងបុរាណដូចគ្នា នឹងតួសម្ដែងនៅក្នុងភាពយន្តនោះដែរ។ លោកមានអារម្មណ៍ចង់ស្រក់ទឹកភ្នែក នៅពេលធ្វើពិធីបួងសួង ស្រាប់តែមានវិញ្ញាណបារមីមួយចំនួន មកចូលសណ្ឋិតក្នុងស្នងរូប ដោយវិញ្ញាណទាំងនោះ សុទ្ធតែបានប្រសិទ្ធីជួយដល់ភាពយន្ត និងតួសម្ដែង ធ្វើអោយលោកហាក់មានសង្ឃឹមច្រើន។ លោកថា ភាពយន្តរឿង«ម៉ាដាមអាប» គឺជារឿងភ័យរន្ធត់ តែសើចសប្បាយ ដែលលោករំពឹងយ៉ាងខ្លាំងថា នឹងមានការគាំទ្រខ្ពស់ ស្របគ្នាដែលតួសម្ដែង នៅក្នុងភាពយន្តក៏សុទ្ធតែជាតួល្បីៗ ដែលមានទីផ្សារនាពេលបច្ចុប្បន្ន។ ក្នុងភាពយន្តនេះ ក៏មានឈុតឆាកស្រឡាញ់ភេទដូចគ្នារវាងប្រុស និងប្រុស ដែលសម្ដែងដោយតារាឡើងកូដមួយរូប ដោយលោកបញ្ជាក់ថា នៅក្នុងឈុតនោះ នឹងមានអ្នកទស្សនាភាគច្រើនផ្ដោតការចាប់អារម្មណ៍ ព្រោះតែទាំងពីរហ៊ានសម្ដែងគួរអោយទាក់ភ្នែក។
លោករំពឹងថាក្រោយបញ្ចប់ពិធីបួងសួងទ្រង់ទ្រាយធំ ភាពយន្តរឿង «ម៉ាដាមអាប» នឹងមានអ្នកចង់ទស្សនាភាគច្រើន ដោយសារតែលោកជឿថា ភាពយន្តដែលល្អ ក៏ត្រូវការពឹងលើជំនឿផងដែរ ដើម្បីអោយកាន់តែមានប្រជាប្រិយភាព។ នៅក្នុងពិធីបួងសួងនោះគេឃើញវត្តមាន កញ្ញា រំដួលលិចទឹក លោកថៃ ប៊ុននាង លោកឈួន ពន្លឺ កញ្ញា ញឹម ចាន់ថន លោកទេព រិទ្ធីនី លោកអៀម សុខា លោក ឃីម រតនៈ អ្នកនាងសុគន្ធ អារីយ៉ា និងតារាសម្ដែងជាច្រើនរូបទៀត៕
មតិយោបល់