ចាត់ទុកជារឿងសំណាងយ៉ាងខ្លាំងដែលតារាសម្ដែង លោក យន សុភ័ក្រ ត្រូវគេឃើញឈ្នះរង្វាន់ធំទូរទស្សន៍៤០អុីង ដែលជារង្វាន់ធំជាងគេក្នុងចំណោមរង្វាន់ដែលត្រូវប្រគល់ជូនភ្ញៀវ និងតារាសិល្បៈ។ លោកឈ្នះរង្វាន់ធំស្របគ្នា គេបានចាប់អារម្មណ៍ថាលោកបណ្ដើរនារីជាទីស្រលាញ់ ដែលត្រូវគេស្គាល់ថាជាគូស្នេហ៍ និងជាអនិកជនខ្មែរនៅបារាំង។
លោក យន សុភ័ក្រ បានថ្លែងបញ្ជាក់ថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលអង្គុយទទួលទានក្នុងពិធីជប់លៀងសុខ ស្រាប់តែត្រូវគេប្រកាសថា ឈ្នះរង្វាន់ធំ គឺទូរទស្សន៍៤០អុីង ដែលលោកប្រកាសមិនគួរជឿ។ នេះមិនមែនជាលើកទី១ទេ ដែលលោកចូលរួមក្នុងពិធីជប់លៀងប្រចាំឆ្នាំ តែជាលើកដំបូងដែលកម្មវិធីនេះ ធ្វើអោយលោករំភើបចង់ហោះ ដោយសារតែការត្រូវរង្វាន់កុំថា ដល់ថ្នាក់រង្វាន់ធំ សូម្បីតែរង្វាន់តូចធម្មតា ក៍ជារឿងសប្បាយចិត្ត។ ពាក់ព័ន្ធនឹងនារីកំណាន់ចិត្ត លោកអះអាងថា ពិតជាគូស្នេហ៍របស់លោកមែន ដោយលោក និងនាង នឹងមានដំណឹងល្អក្នុងពេលឆាប់ៗ។
គួរបញ្ជាក់ថា លោក យន សុភ័ក្រ បានឈ្នះរង្វាន់ក្នុងពិធីជប់លៀងប៉ុស្តិ៍លេខ៥ កាលពីល្ងាចថ្ងៃទី៨ កុម្ភៈ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ នៅភោជនីយដ្ឋានទន្លេបាសាក់២។ ក្នុងពិធីនោះ គេឃើញមានវត្តមានសិល្បករ និងតារាៗយ៉ាងច្រើនកុះករចូលរួម។
លោក ហួង តារាមុន្នី ប្រធានផលិតកម្មវិធីប្រចាំនៅប៉ុស្តិ៍លេខ៥ បានថ្លែងបញ្ជាក់ថា នេះជាឆ្នាំទី៤ហើយ ដែលប៉ុស្តិ៍លេខ៥រៀបចំពិធីជប់លៀងប្រចាំឆ្នាំ ដោយក្រៅពីចំណាយថវិកាជប់លៀង ដើម្បីអោយបុគ្គលិក និងក្រុមការងារជួបជុំសប្បាយចិត្ត ក៍បានចំណាយអញ្ជើញតារាសម្ដែងទាំងអស់ ដែលធ្លាប់សម្ដែងនៅប៉ុស្តិ៍លេខ៥ ក៍អញ្ជើញផលិតករគ្រប់ផ្នែកអោយចូលរួមផងដែរ។
តារាសិល្បៈដែលបានចូលរួមនៅក្នុងពិធីនោះរួមមានផលិតករស្ទើរគ្រប់ផលិតករ ដែលធ្លាប់ផលិតរឿងអោយប៉ុស្តិ៍លេខ៥ តារាសម្ដែងលោក សុធា ពិសិដ្ឋ លោក យន សុភ័ក្រ កញ្ញា ញឹម ចាន់ថន លោក សូ ឆានី កញ្ញា ព្រះកាយ ច័ន្ទ លោក អៀង ចេនឡា និងតារាៗដែលមានឈ្មោះបោះសំលេងយ៉ាងច្រើនកុះករ។
គួរបញ្ជាក់ថា នៅក្នុងយប់នោះ គូស្នេហ៍របស់លោក គឺកញ្ញា Kim Yean ដែលទើបចុះមកពីបារាំងបាន៤អាទិត្យ ក៏ត្រូវបានរង្វាន់ទូរទស្សន៍៣២អុីង ក្នុងពិធីជប់លៀងប៉ុស្តិ៍លេខ៥នោះដែរ។ នេះជារឿងចៃដន្យដ៏កម្រ ដែលលោក និងគូស្នេហ៍បណ្ដើរគ្នាទាំងគូ ហើយស្រាប់តែឈ្នះរង្វាន់ទាំងពីរនាក់បែបនេះ៕
មតិយោបល់