ខុសពីតារាចម្រៀងជាច្រើន ដែលប្ដូរទ្រនំចូល គឺបានឈានឡើងទីផ្សារ ដូចជាលោក នីកូ និង កញ្ញា សួស វិហ្សា ជាដើមតារាចម្រៀងលោកខេមរៈ សិរីមន្ត បែរជាត្រូវគេកត់សម្គាល់ថា ចាប់តាំងពីលោកហក់ចូលហង្សមាស គឺសន្ទុះទីផ្សារចុះខ្សោយជាងមុនយ៉ាងគំហ៊ុក។ យ៉ាងណាមិញ ហេតុផលដែលលោក មិនមានបទផ្ទុះ និងមិនសូវមានទីផ្សារថតស្ពតធំៗដូចមុន មិនដែលដោយសារតែហង្សមាសមិនសូវលើកនោះទេ ប៉ុន្តែត្រូវបានអ្នកវិភាគយល់ថា បណ្ដាលមកពីលោកបានធ្វើរឿងមួយចំនួនអោយអ្នកគាំទ្រអស់ជំនឿចិត្តច្រើនជាង។
លោកត្រូវគេកត់សម្គាល់ថា មានការរិះគន់ច្រើនជាងការចាប់អារម្មណ៍ តាំងពីការលេងស្ទីលសក់ តាំងពីការតុបតែងខ្លួន តាំងពីការចោទថា លោកចម្លងក្បាច់ក្ងោកពីតារាចម្រៀងម៉ាដូណា និងសំខាន់ជាងគេ គឺការប្រកែកថា មិនធ្លាប់មានប្រពន្ធកូន ហើយស្រាប់តែចុងក្រោយចេញមុខទទួលស្គាល់ និងករណីប្រកែកថាប្អូនស្រី គឺកញ្ញា ខេមរៈ ស្រីពៅ មិនមានជំងឺធ្ងន់ធ្ងរដូចការលេចធ្លាយជាហូរហែរកន្លងមក ប៉ុន្តែស្រាប់តែមានដំណឹងទទួលមរណភាពដែលពិបាកអោយអ្នកគាំទ្រទទួលយក។
ធៀបនឹងទីផ្សារតារាចម្រៀងជាគូប្រជែងរបស់លោក បូករួមទាំងតារាប្រុសជំនាន់ក្រោយច្រើននាក់ផង ដែលគេកត់សម្គាល់ថា ឡើងសន្ទុះក្រឺតៗ ក្រឡេកមកមើលលោកខេមរៈ សិរីមន្ត គឺមានបទចម្រៀងចេញលក់ល្អៗច្រើនណាស់ ប៉ុន្តែបទចម្រៀងទាំងនោះបែរជាមិនផ្ទុះ មិនមានការគាំទ្រខ្លាំង។
អ្នកគាំទ្រជាច្រើនយល់ថាការបាត់បង់ទំនុកចិត្ត គឺជាអ្វីដែលធ្វើអោយលោកថមថយប្រជាប្រិយភាព ខណៈដែលការកុហកដែលបានធ្វើឡើង គឺសុទ្ធតែជារឿងដែលអ្នកគាំទ្រភាគច្រើនយល់ថា មិនអាចទទួលយក។ មុនពេលទទួលស្គាល់ការពិត លោក និងបងប្រុស គឺ លោកខេមរៈ ភារុណ ធ្លាប់បានទាំងប្រកាសប្ដឹង លោក សាន ប៊ុនធឿន ឡើងផ្អើលពិភពសិល្បៈ ក្រោយពេលអ្នកសារព័ត៌មានល្បីឈ្មោះរូបនេះ ចេញផ្សាយព័ត៌មានថា មានភរិយានោះផង។
ប្រតិកម្មរបស់លោកទាំងពីរ ធ្វើអោយអ្នកគាំទ្រមិនតិចនាក់ទេ ស្លុងចិត្តជឿតាម រហូតដល់មានហ្វេនខ្លះឈានដល់ការជេរប្រទិច និងថាអ្វីដែលបានចុះផ្សាយរឿងលោកមានប្រពន្ធកូន គឺជារឿងបំភ្លើសនោះផង។ លោក និងបងប្រុស រមែងធ្វើអោយអ្នកគាំទ្រស្លាប់ចិត្ត ជាមួយនឹងការប្រកែកថា តារាចម្រៀង ខេមរៈ ស្រីពៅ មិនមានជំងឺធ្ងន់ធ្ងរ និងថានាងគ្រាន់តែមានជំងឺក្រពះតិចតួច ហើយត្រៀមខ្លួនត្រលប់មកកាន់សិល្បៈឆាប់ៗ។ ប្រសិនបើសម័យនេះ មិនមែនជាសម័យហ្វេសប៊ុក ប្រសិនបើគ្មានអ្នកកាច់កុងលោក ទម្លាយអោយដឹងពីមុខមាត់ភរិយា និងកូនៗ ប្រហែលជាដំណឹងរឿងមានប្រពន្ធកូន នឹងស្ថិតក្នុងអាថ៌កំបាំងមកទល់ពេលនេះ។
ការមិនទទួលស្គាល់ការពិតម្ដងជាពីរដង គេកត់សម្គាល់ថាតារាចម្រៀង លោកខេមរៈ សិរីមន្ត ចាប់ផ្ដើមធ្លាក់ចុះការគាំទ្រ ហើយមានការរិះគន់ជារឿងៗពីក្រោយខ្នង។ អ្នកតាមដានវិភាគថា ការពិតផលិតកម្មហង្សមាសប្រឹងប្រែងផលិតបទចម្រៀងអោយលោកល្អៗខ្លាំងណាស់ ប៉ុន្តែអាចថាអ្នកគាំទ្រមួយចំនួនហាក់បាត់ទំនុកចិត្ត ទើបបទទាំងនោះទោះល្អប៉ុណ្ណា ក៏នៅតែស្ងាត់មិនផ្ទុះ។ ប្រភពពីអ្នករៀបចំកម្មវិធីជាច្រើនព្រលយថា កាលពីមុនអោយតែបានតារាចម្រៀងលោក ខេមរៈ សិរីមន្ត ទោះជាខាងអ្នករៀបចំចំណាយដល់ប៉ុន្មាន ក៏ត្រូវតែយកអោយបាន ប៉ុន្តែពេលនេះ សន្ទុះនៃការយកលោកអោយខានតែបានដូចមុនប្រែប្រួល ស្របគ្នាដែលតារាថ្មីៗច្រើនឡើងចាប់ផ្ដើមជំនួសប្រជាប្រិយភាព។
លោក ខេមរៈ សិរីមន្ត ត្រូវគេសង្ស័យថាហង្សមាស មិនទាន់ដាក់អោយចេញមុខក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកដូចគ្នានឹងកំពូលតារាមួយចំនួន អាចជារឿងពាក់ព័ន្ធនឹងការចុះខ្សោយប្រជាប្រិយភាព ស្របគ្នាដែលកម្មវិធីប្រគំតន្ត្រីក្រៅពីការរៀបចំរបស់ហង្សមាស ទីផ្សារថតស្ពតធំៗ មិនសូវមាននោះផង។ ប្រភពជាច្រើនកំពុងសម្ដែងពីការថមថយ របស់លោក ខេមរៈ សិរីមន្ត ស្របគ្នាដែលគេឃើញច្រើនមកហើយថា តារាដែលធ្លាក់ចុះប្រជាប្រិយភាព គឺពិតពិបាកនឹងស្ដារ ដែលអាចនិយាយបានថា ទោះជាខំបញ្ចេញស្ទីលល្អបែបណា បទល្អយ៉ាងណាក៏សន្ទុះគាំទ្រ នៅមានកម្រិត។
លោកខេមរៈ សិរីមន្ត ក៏ត្រូវកត់សម្គាល់ថាគឺជាតារាចម្រៀងល្បីល្បាញតែម្នាក់ ដែលកម្របង្ហាញខ្លួនក្នុងកម្មវិធីសប្បុរសធម៌ ដែលច្រៀងមិនបានតម្លៃខ្លួនផងដែរ ទើបបណ្ដោយអោយទីផ្សារសិល្បៈរបស់លោករអិលចូលដៃតារាមួយចំនួន ដោយមិនដឹងខ្លួន។ យ៉ាងណាមិញ គេនៅតែរំពឹងថាលោកមិនមានវាសនាដូចតារាដែលល្បីខ្លាំងហើយធ្លាក់កូដនៅក្នុងពិភពសិល្បៈនោះទេ ដោយសារតែលោកគឺជាតារាហង្សមាស ដែលមានប្រេនខ្លាំង ហើយលោកក៏មានបងប្រុសចាំនិពន្ធបទចម្រៀងល្អៗអោយច្រៀង៕
មតិយោបល់