ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ ចាន់ស្រីមុំ លេងឈុតធំមិនធម្មតា ក្នុងថ្ងៃខួប៣ឆ្នាំអាជីវកម្ម

កាលពីយប់ថ្ងៃទី១៦ កុម្ភ: តារាសម្ដែងអ្នកនាងគង់ ចាន់ស្រីមុំ ត្រូវគេឃើញលេងមួយឈុតធំតែម្ដង នៅក្នុងពិធីខួប៣ឆ្នាំអាជីវកម្មហាងម៉ូម៉ូ Momo ដែលកាន់តែធ្វើឲ្យគេឃើញថា អ្នកនាងគឺជាតារាអ្នកនាំចូល ផលិតផលថែរក្សាសម្រស់ធំជាងគេ នៅក្នុងវិស័យជំនួញ។ ជោគជ័យរបស់អ្នកនាង បានទាំងរុញឲ្យតារាស្រីរូបនេះ ផ្អាកខ្វល់ពីការសម្ដែង ក្នុងពេលដែលអ្នកនាងនៅមានទីផ្សារមិនធម្មតា នៅក្នុងវិស័យសិល្ប:នោះ។

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ នៅក្នុងពិធីខួបគម្រប់៣ឆ្នាំនៃក្រុមហ៊ុនម៉ូម៉ូ ដែលអ្នកនាងគង់ ចាន់ស្រីមុំ និងស្វាមីធ្វើជាថៅកែ ដោយសារតែអ្នកនាងម៉ៅភោជនីយដ្ឋាន Bottom Up ធំមួយនៅក្បែរកោះពេជ្រប្រារព្ធពិធី ដោយអ្នកនាងថែមទាំងចំណាយទាំងស្រុងដើម្បីឲ្យភ្ញៀវកិត្តិយស និងតារាសិល្ប: រហូតដល់ជាង២០០នាក់ បានសប្បាយរីករាយ។ ក្នុងពិធីនោះអ្នកនាង បានចំណាយរៀបចំអាហារប៊ុហ្វេ ដោយមិនតម្រូវឲ្យភ្ញៀវកិត្តិយសចំណាយ សូម្បីតែមួយសេន។ អ្វីដែលគេកាន់តែកត់សម្គាល់ទៅទៀត គឺអ្នកនាងចំណាយយកសុទ្ធតែពិធីករល្បីៗ និងតារាចម្រៀងល្បីៗ ឲ្យធ្វើជាពិធីករប្រចាំកម្មវិធី និងឡើងច្រៀងនៅលើវេទិកា។ ម្ចាស់បទ«មាន់ស្រែ»កញ្ញា រ៉ាប៊ី អ្នកនាងសុគន្ធ និសា កញ្ញា វីឌីណែត និងតារាបង្ហាញម៉ូដលំដាប់ៗ សុទ្ធតែត្រូវបានអ្នកនាងទាក់ទងឲ្យបង្ហាញខ្លួនដើរម៉ូដ និងឡើងឆាក ដែលធ្វើឲ្យពិធីជប់លៀង៣ឆ្នាំ របស់ក្រុមហ៊ុនម៉ូម៉ូអ្នកនាងក្លាយជាពិធីធំដុំ។

អ្នកនាងគង់ ចាន់ស្រីមុំ បញ្ជាក់ថាដោយសារតែអ្នកនាងដំណើរការ អាជីវកម្មនាំចូលផលិតផលថែរក្សាសម្រស់ ម៉ាកម៉ូម៉ូទទួលបានជោគជ័យ ក្នុងរយ:ពេល៣ឆ្នាំក្រោយដំណើរការ ទើបអ្នកនាងសម្រេចចំណាយជប់លៀង អមដោយចាប់ឆ្នោតជាទ្រង់ទ្រាយធំតែម្ដង ជូនដល់ម្ចាស់សាខា និងអតិថិជន។ អ្នកនាងថាកម្មវិធីដែលបានធ្វើឡើង ចំណាយមិនតិចជាង៣ម៉ឺនដុល្លារទេ ដោយសារតែអ្នកនាងបានសម្រេចចែកជូននូវម៉ូតូ ទូរទស្សន៍ ទូរស័ព្ទ និងឆ្នាំងដាំបាយជាដើម ដើម្បីចាត់ទុកថាជាការចំណាយថ្លែងអំណរគុណដល់អតិថិជនផង។ អ្នកនាងថា នេះជាលលើកទី១ ដែលអ្នកនាងចំណាយអស់ច្រើនម៉ឺន ដើម្បីអតិថិជន ប៉ុន្តែក៏ដើម្បីជាការលើកទឹកចិត្ត ដល់អ្នកគាំទ្រផលិតផលម៉ូម៉ូ កន្លងមកប៉ុណ្ណោះ។

មកទល់ពេលនេះ អ្នកនាងថាមុខជំនួញម៉ូម៉ូរបស់ខ្លួនដែលរួមមានទឹកអប់ ម្សៅផាត់ កូខ័រពណ៌ភ្នែក និងគ្រឿង Make Up ជាដើម ដំណើរការបាន៨សាខាហើយ ដោយ៥ទីតាំងធំៗ ស្ថិតនៅភ្នំពេញ និង៣ទៀតនៅខេត្តសៀមរាប កំពង់ចាម និងបាត់ដំបង ដោយមិនរាប់បញ្ចូលអ្នកចែកចាយនៅទូទាំងប្រទេសនោះផង។ អ៊ីចឹងហើយទើបអ្នកនាងសម្រេចចិត្តធ្វើខួប៣ឆ្នាំ កាលពីថ្ងៃទី១៦ កុម្ភ: ឲ្យធំតែម្ដង ដោយបានទាំងអញ្ជើញតារាល្បីៗឲ្យច្រៀងរាំ និងឲ្យធ្វើជាភ្ញៀវកិត្តិយស យ៉ាងកុះករផង៕

មតិយោបល់