មិនត្រឹមតែដឹកនាំក្រុមសប្បុរសជន ដើម្បីរៃគ្នាជាអំណោយប៉ុណ្ណោះទេ តារាចម្រៀង លោក សនវិជ្ជបុត្រ ដែលបច្ចុប្បន្នបានក្លាយជាអ្នកលក់ឡានហើយ មិនសូវខ្វល់ពីការងារសិល្បៈដូចគ្រាមុន ក៏បានចំណាយថវិការបស់ខ្លួន ទិញជាអំណោយផ្សេងៗ និងចូលរួមសម្ពោធផ្លូវលំមួយខ្សែ ដែលកើតចេញពីកម្លាំងសប្បុរសជនរៃគ្នា ចាក់ដីធ្វើផ្លូវជូនដល់អ្នកស្រុក នៅខេត្តព្រៃវែងផងដែរ។ លោកបានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ក្រោយពិធីចែកអំណោយ ជាពិសេសនៅពេលអ្នកស្រុកបង្ហាញអារម្មណ៍សប្បាយចិត្ត ពេលទទួលបានផ្លូវមួយខ្សែ។
ផ្លូវលំ១ខ្សែ ដែលតារាចម្រៀង លោក សន វិជ្ជបុត្រ បានចូលរួមសម្ពោធក្នុងពិធីចែកអំណោយនោះ ស្ថិតក្នុងភូមិមេសាង ឃុំព្រៃរំដេង ខេត្តព្រៃវែង ដែលផ្លូវមួយខ្សែនេះ កើតចេញពីពលរដ្ឋក្នុងភូមិ ក៏ដូចជាសប្បុរសជនជាច្រើន រៃអង្គាសប្រាក់គ្នាជួយចាក់ដី និងឈូសឆាយអោយក្លាយជាផ្លូវ ដើម្បីធ្វើដំណើរ។ ពិធីនេះ ធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៤ ខែ កម្ភៈ ឆ្នាំ ២០១៩ ដោយតារាចម្រៀងក្នុងផលិតកម្មM លោក សន វិជ្ជបុត្រ ដែលជាសប្បុរសជនម្នាក់ក្នុងការរួមចំណែកជួយជួសជុល និងកសាងផ្លូវនេះ ជាអ្នកកាត់ខ្សែបូរ។ ផ្លូវនេះ មានប្រវែងប្រហែល៥ទៅ៨គីឡួម៉ែត្រ ចាប់ពីផ្លូវថ្នល់កែងភូមិមេសាង ឃុំព្រៃរំដេង ខេត្តព្រៃវែង ឆ្ពោះទៅវត្តមេសាង និងបន្តទៅ ភូមិថ្មស ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ផ្លូវនេះត្រូវបានផ្ដួចផ្ដើមជួសជុលដោយលោក ខុត សីហា ដែលជាអ្នកគៀងគរ សប្បុរសជន អោយមានការជួសជុល។
តារាចម្រៀង លោក សន វិជ្ជបុត្រ បានអះអាងគ្មានអ្វីសប្បាយចិត្តជាងឃើញប្រជាពលរដ្ឋ សប្បាយចិត្តត្រេកអរនឹងបានផ្លូវធ្វើដំណើរ និងទទួលបានអំណោយបន្តិចបន្តួច នៅក្នុងថ្ងៃនោះទេ ជាពិសេសនៅក្នុងពេលដែលពលរដ្ឋ គ្រាន់តែឃើញក្រុមសប្បុរសជនហើយរត់អោបរឹត។ លោកថាពលរដ្ឋ មិនមែនរំភើបព្រោះតែបានអំណោយ ដែលយកជូននោះទេ ប៉ុន្តែសប្បាយចិត្តនឹងឃើញសប្បុរសជន យកចិត្តទុកដាក់ចំពោះកង្វះខាត របស់ពួកគាត់។ លោកថ្លែងឲ្យដឹងថា មូលហេតុដែលនាំឲ្យលោក សម្រេចចិត្តនាំអំណោយ ក៏ដូចជាថវិកា មកជួយដល់អ្នកភូមិខាងលើ ក៏ព្រោះតែទីកន្លែងនេះ លោកធ្លាប់បានចុះមកជួយម្ដងរួចមកហើយកាលជាង២ឆ្នាំមុន។ ដោយឃើញផ្លូវ១ខ្សែនេះ ខ្វះខាតជំពាក់ថ្លៃដីគេផងនោះ អ្នកស្រុកបានពឹងពាក់ឲ្យលោកជួយ ក៏សម្រេចមកជួយម្ដងទៀតទៅ។ លោកថា កាលជាង២ឆ្នាំមុនខ្លួន បានជួយបុកអណ្ដូង១ និងនាំអំណោយមកចែកជាច្រើនម្ដងរួចមកហើយ។ ចំពោះនៅឆ្នាំនេះ លោកបាននាំអំណោយមួយចំនួនធំ សម្រាប់ចែកដល់ចាស់ក្នុងភូមិ និងពលរដ្ឋដែលក្រីក្រខ្លាំង៣គ្រួសារ។
ពលរដ្ឋដែលក្រីក្រខ្លាំង៣គ្រួសារ ដែលទទួលអំណោយនោះ មានអង្ករ មី ទឹកត្រី ទឹកសៀបអ៊ីវ ត្រីខ ទឹកដោះគោ ទឹកផ្លែឈើ ជាដើម។
ជាមួយគ្នានោះ ចាស់ក្នុងភូមិលោកមានក្រមា១០០ និង សារ៉ុង១០០ ព្រមទាំងផ្ដល់ប្រាក់១ចំនួនក្នុងការចាក់បន្តធ្វើផ្លូវនេះថែមទៀត។
តាមការបញ្ជាក់ពីលោក ខុត សីហា ផ្លូវលំខាងនិងត្រូវចំណាយប្រហែលជាង៣០០០ដុល្លារថែមទៀត ក្នុងការជួសជុល ទើបរួចរាល់ បច្ចុប្បន្នលោកកំពុងតែ គៀងគរសប្បុរសជនផ្សេងទៀត ដើម្បីបន្តធ្វើផ្លូវ១ខ្សែនេះឲ្យរួចរាល់។
តំណាងប្រជាជនក្នុងភូមិទាំងអស់ អ្នកផ្ដួចផ្ដើមជួសជុលផ្លូវខាងលើ សូមថ្លែងអំណរគុណ សប្បុរសជនទាំងអស់ ព្រមទាំងក្រុមគ្រួសារ ដែលបានរួមចំណែកជួយជួសជុលផ្លូវ១ខ្សែនេះ បានសម្រេចនូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕















មតិយោបល់