ក្នុងពិធីជប់លៀង និងបើកសម្ពោធគម្រោងលក់ចម្ការ មិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី២៧ កុម្ភៈ តារាសម្ដែងជើងចាស់អ្នកស្រី ពៅ ថាវី ដែលអ្នកសិល្បៈនិយមហៅឈ្មោះថា យាយពៅៗ បានឈ្នះរង្វាន់ធំប្រចាំកម្មវិធី មិនគួរអោយជឿ ដោយអ្នកស្រីឈ្នះបានចម្ការប័រមួយហិកតារ ស្ថិតនៅក្នុងខេត្តមណ្ឌលគីរី។ ចម្ការនោះ ត្រូវបានប្រកាសថា មានដំណាំប័រពេញចម្ការ ដោយខាងក្រុមហ៊ុន ក៏បានប្រកាសថា នឹងផ្ដល់ជូនការថែទាំពីសំណាក់ក្រុមបច្ចេកទេសពេញរយៈពេល៤ឆ្នាំ ដែលមានន័យថា អ្នកស្រីមិនចំណាយសូម្បីមួយសេនរៀល ប៉ុន្តែបានដីស្របច្បាប់មួយហិកតារ ហើយបានទាំងផលដំណាំ ដោយមិនខ្វល់រឿងធ្វើចម្ការដោយខ្លួនឯង។
អ្នកស្រី ពៅ ថាវី បានថ្លែងក្នុងពេលទទួលរង្វាន់ថា អ្នកស្រីមិននឹកស្មានថា ខ្លួនមានសំណាងបានឈ្នះរង្វាន់ធំ ដោយឈ្នះចម្ការប័រមួយហិកតារ ដែលមានតម្លៃច្រើនម៉ឺនដុល្លារនោះទេ ខណៈដែលអ្នកស្រីមកចូលរួមនៅក្នុងពិធីនោះ គឺគ្រាន់តែមកក្នុងនាមជាភ្ញៀវកិត្តិយស និងមិនបានទិញដូរចម្ការរបស់ក្រុមហ៊ុនទាល់តែសោះ។ អ្នកស្រីថា រំភើបចង់ហោះ ដោយសារតែអ្នកស្រីវ័យកាន់តែចាស់ហើយ សម្ដែងក៏ចាប់ផ្ដើមធ្លាក់ចុះទីផ្សារ ប៉ុន្តែសម្រាប់ផ្ទះសម្បែង គឺអ្នកស្រីនៅជួលផ្ទះគេប៉ុណ្ណោះ។ អ្នកស្រីថា មួយជីវិតមិនដែលចាប់បានរង្វាន់ អ្វីសូម្បីតែតូចតាចនោះទេ ទើបអ្នកស្រីយល់ថា ការឈ្នះរង្វាន់ដីមួយហិកតារ ដោយមានទាំងដំណាំប័រពេញចម្ការផង នឹងធ្វើអោយអ្នកស្រីមានកម្លាំងក្នុងជីវិត ជាពិសេសក្នុងពេល ដែលវ័យកាន់តែចាស់នាពេលនេះ។
លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោង និងជាប្រធានគម្រោងឈ្មោះឋានព្រះឥន្ទ បានអះអាងថា រយៈពេលច្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុនរបស់លោកសំងំទិញបានចម្ការអ្នកស្រីរហូតដល់រាប់ពាន់ហិកតារ នៅខេត្តមណ្ឌលគីរី រតនៈគីរី កំពត និង ពោធិសាត់ជាដើម ហើយបានវិនិយោគដាំជាដំណាំផ្សេង អាស្រ័យទៅតាមសណ្ឋានដី។ ប៉ុន្តែដោយសារក្រុមហ៊ុនយល់ថា បើក្រុមហ៊ុនបន្តវិនិយោគដំណាំធុរ៉េន ដូងក្រអូប និងប័រ តែម្នាក់ឯងរបៀបនេះ គឺនៅថ្ងៃណាមួយពិតជាមានហានិភ័យ អ៊ីចឹងហើយទើបក្រុមហ៊ុនសម្រេចពុះដីចម្ការ ដែលខ្លួនទិញបានរហូតដល់រាប់ពាន់ហិកតារនោះ ជាឡូតិ៍តូចៗវិញ ដោយក្នុងឡូតិ៍មានទំហ៊ំ១ហិកតារៗ ហើយលក់បង់រំលោះ ដើម្បីអោយមានការចូលរួមវិនិយោគ ដើម្បីបន្ថយបន្ទុករបស់ក្រុមហ៊ុន។
ប៉ុន្តែក្រុមហ៊ុននៅតែបន្តផ្ដល់ជូននូវពូជដំណាំ និងការថែទាំដោយបុគ្គលិកជំនាញរហូតដល់៤ឆ្នាំ ឬ៦ឆ្នាំ ដែលជារយៈពេល អោយបង់រំលោះនោះ ដើម្បីអោយចម្ការទាំងឡាយនៅតែមានដំណាំចេញផ្លែចេញផ្កា ងាយស្រួលអោយក្រុមហ៊ុនទទួលទិញផល។ លោកថា គម្រោងដីចម្ការពុះឡូតិ៍របស់ខ្លួន មានតម្លៃពី១៤០០០រហូតដល់ជាង៤ម៉ឺនក្នុងមួយហិកតារ ដោយនៅទឹកដីខេត្តមណ្ឌលគីរី គឺជាចម្ការប័រ នៅកំពតជាចម្ការធុរ៉េន និងនៅខេត្តពោធិ៍សាត់គឺជាចម្ការដូងក្រអូប។ ក្នុងនោះក្រុមហ៊ុនក៏នឹងពុះលកក់ចម្ការក្រូច និងចម្ការឬស្សី ជាហិកតារៗអោយបង់រំលោះបែបនេះ ក្នុងពេលខាងមុខផងដែរ។
លោកថាពិធីជប់លៀង ដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ កុម្ភៈ គឺជាពិធីសម្ពោធបើកលក់ចម្ការដូងក្រអូបនៅខេត្តពោធិ៍សាត់ ដោយក្នុងមួយហិកតារ គឺលក់បង់រំលោះរយៈពេល៤ ទៅ៦ឆ្នាំ ហើយមិនគិតការប្រាក់ និងមិនត្រូវការប្រាក់តម្កល់។ តម្លៃដែលលក់ជូននេះ ក៏បូកបញ្ចូលថ្លៃ ផ្ដល់ពូជដំណាំ និងសេវាថែទាំដំណាំអោយពេញរយៈពេល៤ឆ្នាំផងដែរ ដោយមានន័យថា ម្ចាស់រង់ចាំតែទទួលផល។ អ្វីដែលសំខាន់លោកអះអាងថា ដីចម្ការដែលបានពុះលក់មិនមែនជាដីសម្បទានរបស់រដ្ឋ ឬដីខុសច្បាប់នោះទេ ដោយលោកធានាថា ជាដីដែលមានប្លង់កម្មសិទ្ធិច្បាស់លាស់ ដោយសារតែដីទាំងនោះ គឺជាដីដែលលោកប្រមូលទិញ ពីពលរដ្ឋកាលពីច្រើនឆ្នាំមុន ហើយយកមកវិនិយោគជាចម្ការប៉ុណ្ណោះ។
ដោយឡែកសម្រាប់រង្វាន់ដីមួយហិកតារ ដែលតារាសម្ដែងជើងចាស់ អ្នកស្រី ពៅ ថាវី បានឈ្នះ លោកថា មិនមែនជាដីទទេនោះទេ គឺជាដីមានដំណាំប័រមួយចម្ការនៅខេត្តមណ្ឌលគីរី ហើយបើទោះជាលោកផ្ដល់ជូនប្លង់កម្មសិទ្ធិជូនអ្នកស្រី ដោយមិនអោយអ្នកស្រីចំណាយ សូម្បីមួយសេនក្ដី ក៏លោកនឹងមានក្រុមបច្ចេកទេសផ្ដល់ពូជ និងមើលថែដំណាំប័រជូនអ្នកស្រី ពេញរយៈពេល៤ឆ្នាំ ដូចគ្នានឹងអតិថិជនបង់រំលោះដែរ។ លោកថាអ្នកទិញនេះ នឹងចំណេញ៤យ៉ាងគឺ ទីបានចម្ការដោយមិនខ្វល់ ពីការមើលថែ ទី២ដីងាយឡើងថ្លៃ ទី៣បានដីជាប្រភេទធ្វើទេសចរណ៍បាន និងទី៤គឺបានទ្រព្យតកូនតចៅ។ អ៊ីចឹងហើយទើបគ្រាន់តែលោកប្រកាសគម្រោងនេះភ្លាម កាលពីឆ្នាំ២០១៨ គឺលក់អស់រាប់ពាន់ហិកតារ ដោយគម្រោង ដែលទើបប្រកាសក្ដៅៗកាលពីយប់ថ្ងៃទី២៧ កុម្ភៈ គឺជាគម្រោងទី៧ហើយ៕
មតិយោបល់