ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតវីជេ រតនា បាត់មុខពីសិល្បៈ កុំមើលផ្ទៃក្នុង

ក្នុងរយ:ពេលចុងក្រោយគេកត់សម្គាល់ថា ពិធីករលោក វីជេរតនា ដែលធ្លាប់សាងឈ្មោះល្បីល្បាញ នៅលើកញ្ចក់ទូរទស្សន៍ My TV បាត់មុខឈឹងតែម្ដង ពីការងារកាន់ក្បាលមេក្រូ ដោយគេឃើញលោកបង្ហោះតែរឿងរកស៊ី និងធ្វើជំនួញជាជំនួស។ ប៉ុន្តែលោកមិនបានផ្ដាច់ខ្លួនពីសិល្ប:នោះឡើយ គឺនៅតែបានបង្ហាញខ្លួន ចូលរួមក្នុងកម្មវិធីរបស់តារាសិល្ប: ខណ:ដែលក្រៅពីបង្អួតសុភមង្គល ជាមួយប្រពន្ធកូន លោកក៏ហ៊ឺហារលើសពីពេលនៅប្រឡូកជាពិធីករនោះផងដែរ។

ប្រភពពីអ្នកសិល្ប:បានអះអាងថា លោកវីជេ រតនា នឹងមិនត្រលប់មកកាន់អាជីពពិធីករវិញទេ ដោយសារតែក្រោយពី លោកមានភរិយា ហើយមានមុខជំនួញក្នុងដៃ គឺលោកមិនខុសពីអ្នកជំនួញធំដុំមួយរូប ក្នុងពេលដែលលោក ក៏រកពេលគ្រប់គ្រងមុខជំនួញមិនបានផង ដែលមិនអាចមកហែរហៃជាមួយអាជីពពិធីករបានដូចមុន។ លោកត្រូវគេឃើញ បើកជំនួញបើកការ៉ាស់ចាក់សាំងធំមួយ នៅមាត់ច្រកផ្សារចាក់អង្រែ ដោយប្រភពផ្លូវការថា ក្រៅពីបើកការ៉ាស់សាំងខ្លួនឯង លោកក៏ជាអ្នកចាយចាយសាំង ទៅកាន់ដៃគូផងដែរ ទើបធ្វើឲ្យលោក និងភរិយាកាក់កបដល់ម្លឹង។ លោក វីជេរតនា ត្រូវគេបញ្ជាក់ថា លោកក៏មានមុខជំនួញនាំចូលរថយន្ត មកពីប្រទេសមកលក់ឲ្យតាមការ៉ាសលក់ឡាន និងលក់ផ្ទាល់ខ្លួនផងដែរ ខណ:ដែលមុខរបរនាំចូលរថយន្ត របស់លោកត្រូវគេដឹងថា មានដើមទុនដល់សែនដុល្លារ។

ភរិយារបស់លោកក៏ត្រូវគេដឹងថា គឺជាអ្នកនាំចូលផលិតផលថែរក្សាសម្រស់មកពីក្រៅប្រទេស ដែលរកចំណូលបានច្រើនពាន់ដុល្លារ ក្នុងមួយខែផងដែរ។ អ្នកសិល្ប:ភាគច្រើននិយាយថា លោក វីជេរតនា ជោគជ័យមុខជំនួញខ្លាំងណាស់ ដោយលោកមិនខុសពីសេដ្ឋី វ័យក្មេងនោះទេ ដោយល្បីថាគ្រួសាររបស់លោក នឹងទិញងារឧកញ៉ាឲ្យលោក ដើម្បីឲ្យលោកកាន់តែងាយស្រួលធ្វើជំនួញ។

លោក វីជេរតនា ក៏ត្រូវគេសរសើរថា ជាអតីតពិធីករមួយរូប ដែលក្រៅពីឡើងកាលីបផ្នែកជីវភាពក្រោយរៀបការ ក៏មានសុភមង្គល ជាមួយភរិយាគួរឲ្យសរសើរផងដែរ ខណ:ដែលលោក ទើបតែត្រូវបានគេសរសើរថា ជាស្វាមីល្អដែលចេះឲ្យតម្លៃភរិយា ដែលខុសពីបុរសមួយចំនួន ដែលក្រោយពេលបើកជំនួញហើយកាន់ប្រាក់ម៉ឺនដុល្លារក្នុងដៃ ក៏មានការប្រែប្រួល ចំពោះនារីដែលខ្លួនរៀបការ ជាមួយនោះ។ សារដែលលោកត្រូវបានមហាជនកោតសរសើរ មិនដាច់ពីមាត់នោះ គឺ«មានគេសួរខ្ញុំថា រតនា ហេតុអីបានខ្លាចប្រពន្ធម៉េស? ខ្ញុំឆ្លើយថា ខ្ញុំមិនដែរខ្លាចប្រពន្ធទេ ខ្ញុំមានតែគោរពប្រពន្ធ (លើលោកនេះ គ្មានមនុស្សប្រុសណាខ្លាចប្រពន្ធទេ មានតែគោរពប្រពន្ធ) គេសួរបន្តទៀតថា ហេតុអីរតនា ឯងឃើញចាញ់ប្រពន្ធគ្រប់រឿងចឹង? ខ្ញុំឆ្លើយថា បើតាំងខ្លួនជាប្ដីគេហើយ បើចង់យកចាញ់យកឈ្នះជាមួយប្រពន្ធ តើវាបានផលប្រយោជន៍អី? លើលោកនេះ ខ្ញុំមិនដែរចាញ់អ្នកណាទេ តែខ្ញុំសុំចាញ់ប្រពន្ធខ្ញុំមួយ» ដែលសារបែបនេះ បង្ហាញយ៉ាងច្បាស់ថាលោក និងភរិយា ស្ថិតក្នុងភាពល្អូកល្អិនគ្នាខ្លាំង៕

មតិយោបល់