ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្ដែង អ៊ុក សុធារៈ ចេញមុខសុំទោសហើយ

ភ្នំពេញ: ថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០១៩ តារាសម្តែង អ៊ុក សុធារៈ បានចេញមុខសុំទោសហើយ ជាមួយដៃគូរសម្តែងរបស់លោកពីរនាក់ទៀត ទៅដល់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសហើយ។

យោងតាមវីឌីអូ(Live) ៖ នៅលើគណនីហ្វេសប៊ុក (Account Facebook) របស់តារាសម្តែង អ៊ុក សុធារៈ និងក្រុមសម្តែងរបស់លោកពីរនាក់ទៀតបានអះអាងថា ខ្លួនលោកនិងក្រុមសម្តែងរឿងអប់រំខ្លីៗ Tik Tok មិនបានដឹងថា ការស្លៀកពាក់ខោអាវអ្នកទោសច្រៀងរាំនៅក្នុងវីឌីអូបង្ហោះនៅលើ ហ្វេសប៊ុកនោះបានធ្វើឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ក្រសួងពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានពន្ធនាគារនោះទេ ខ្ញុំនិងក្រុមសម្ដែងសូមលើកដៃសំពះ សុំទោសប្រជាពលរដ្ឋខ្មែរនិងក្រសួងមហាផ្ទៃ។

បញ្ជាក់៖ ការចេញមុខសុំទោសជាសាធារណៈពីសំណាក់លោក អ៊ុក សុធារៈ និងក្រុមសម្តែងរបស់លោកនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនុរក្សថ្នាក់លេខ១ នុត សវនា បានប្រតិកម្មយ៉ាងខ្លាំង និងប្រកាសចាត់វិធានការច្បាប់ ប្រសិនបើតារាសម្តែង អ៊ុក សុធារៈ មិនចេញមុខសុំទោស និងធ្វើសេចក្តីបំភ្លឺជាសាធារណៈនោះទេ ៕

មតិយោបល់