កាលពីយប់ថ្ងៃទី៧ មីនា នៅភ្នំពេញ តារាចម្រៀងល្បីល្បាញលោក ព្រាប សុវត្ថិបានធ្វើអោយកញ្ជ្រោលព្រឹត្តិការណ៍ “ឋានព្រះឥន្ទ” ដែលបានធ្វើនៅក្រុងប៉ោយប៉ែត មិនធម្មតានោះឡើយ។ លោកបកស្រាយបទចម្រៀងទី១ លើឆាក បានតែប៉ុន្មានឃ្លាប៉ុណ្ណោះ ក៏ត្រូវអ្នកគាំទ្រឡោមព័ទ្ធយ៉ាងកកកុញពេញឆាកតែម្ដង ស្របគ្នាដែលលោកក៏បានប្រកាសជំហរពាក់ព័ន្ធគម្រោងឋានព្រះឥន្ទនោះ។
លោក ព្រាប សុវត្ថិ ដែលត្រូវគេស្គាល់ថា ជាម្ចាស់គម្រោងដីឡូតិ៍មួយរូបដែរ បានអះអាងថា គឺជាដំណឹងល្អខ្លាំងណាស់ ដែលប្រទេសកម្ពុជា មានក្រុមហ៑ុនស្របច្បាប់ ពុះលក់ចម្ការជាហិកតារៗ ហើយថែមទាំងមានសេវាបង់រំលោះមិនគិតការប្រាក់ និងមានទាំងការមើលថែដំណាំអោយផង ដោយមិនបាច់ខ្វល់រឿងដាំដុះខ្លួនឯង។ លោកទទូចអោយគាំទ្រគម្រោងមួយនេះ ដើម្បីលើកស្ទួយដល់វិស័យកសិកម្មនៅកម្ពុជា ក៏ដូចជាដើម្បីមានចម្ការដែលជាកំណប់ទ្រព្យតកូនតចៅ។ លោកថា ជារឿងសប្បាយចិត្តណាស់ ដែលលោកបានច្រៀងបើកសម្ពោធ គម្រោងលក់ចម្ការដូងក្រអូប របស់ក្រុមហ៑ុននេះ ស្ថិតនៅខេត្តសៀមរាប ដោយកាន់តែសប្បាយ នៅពេលគ្រាន់តែឡើងឆាកភ្លាម ក៏មានម្ចាស់ចម្ការយ៉ាងកុះករមកគាំទ្រលោក ពេញមុខឆាក។
លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោង និងជាប្រធានគម្រោងឈ្មោះឋានព្រះឥន្ទ បានអះអាងថា ក្រោយពីលោកទទួលជោគជ័យ ក្នុងគម្រោងពុះលក់ចម្ការធុរ៉េន ចម្ការបឺ និងចម្ការដូងក្រអូប នៅខេត្តពោធិសាត់ មណ្ឌលគីរី និងកំពត ក្រោយពីប្រមូលទិញដីស្រែ និងដីចម្ការអ្នកស្រុកមកវិនិយោគ ជាចម្ការៗតាមប្រភេទដី ពេលនេះក្រុមហ៑ុនរបស់លោក សម្រេចបើកលក់ចម្ការដូងក្រអូប មួយបន្ថែមទៀត នៅខេត្តសៀមរាប ក្នុងគម្រោងទី៨ ដោយធ្វើពិធីសម្ពោធនៅក្រុងប៉ោយប៉ែត ក្រោមវត្តមានអភិបាលក្រុង និងតារាល្បីៗ រួមមានលោក ព្រាប សុវត្ថិ នាយពែកមី និងក្រុមកំប្លែងល្បីៗ។
លោកថាគម្រោងនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងតាំងពីមុនសម្ពោធ ទើបធ្វើអោយលោកកាន់តែមានកម្លាំងចិត្តបន្ថែមទៀត ក្នុងអាជីវកម្មនេះ។ លោកថា គម្រោងនេះ មិនមែនជាដីជួល ឬ ដីសម្បទាននោះទេ ដោយពេលបង់ដាច់ក្រុមហ៑ុនធានាជូនប្លង់រឹង និងធានាមើលថែផលដំណាំអោយពេញរយៈពេល៤ឆ្នាំ ដោយក្រោយ៤ឆ្នាំ គឺមើលថែខ្លួនឯង ឬ ម៉ៅផ្លែអោយក្រុមហ៑ុន ហើយចាំតែយកចំណេញ៕
មតិយោបល់