ភ្នំពេញៈ លោក ចន្ទតារា អ៊ុំ ដែលជាអនិកជនរស់នៅអាមេរិក និងជាអតីតប្តី អ្នកនាង ព្រំ រដ្ឋា បានជិះយន្តហោះពីរដ្ឋកាលីហ្វ័រញ៉ា ទឹកដីអាម៉េរិក មកកាន់កម្ពុជា ដើម្បីប្រឡូកសិល្បៈសារជាថ្មីម្តងទៀត ក្រោយបែកបាក់ស្នេហា ៨ឆ្នាំនោះ។
លោក ចន្ទតារា អ៊ុំ បានមកដល់កម្ពុជា តាំងពីថ្ងៃទី៨ ខែមិថុនា ហើយគ្រោងនឹងវិលទៅកាន់ទឹកដីអាម៉េរិកវិញ នៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ។
លោក ចន្ទតារា អ៊ុំ បានប្រាប់ Post News នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ ឲ្យដឹងថា ដំណើរពីអាម៉េរិកលើកនេះ គឺលោកចង់ប្រឡូកសិល្បៈសារជាថ្មី ដោយត្រៀមនឹងបង្កើតរឿងភាគ ដើម្បីទូរទស្សន៍ ហើយក៏កំពុងថតកាយវិការ បទចម្រៀង ឲ្យលោក សាន ផានិត ដូចគ្នា ។
លោក ចន្ទតារា អ៊ុំ ថា «មកលើកនេះ ដើម្បីប្រឡូកក្នុងវិស័យសិល្បៈ តាមពិតទៅដើម្បីត្រៀមបង្កើតរឿងភាគ ដាក់តាមទូរទស្សន៍ តែកំពុងសម្លឹងមើលទូរទស្សន៍ ដែលផ្តល់លទ្ធភាពឲ្យយើង ធ្វើការហ្នឹង»។
និយាយអំពីទំនាក់ទំនង រវាងលោក និង ព្រំ រដ្ឋា លោក ចន្ទតារា អ៊ុំ បានអះអាងថា លោកមានទំនាក់ទំនងធម្មតា ជាមួយនឹងអតីតប្រពន្ធ តែទំនាក់ទំនងនេះ គ្មានអ្វីស៊ីជម្រៅ ក្រៅពីសួរសុខទុក្ខ និងថែទាំកូនស្រី តែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា លោក ចន្ទតារា អ៊ុំ បានចូលរោងការជាមួយ ព្រំ រដ្ឋា កាលពីឆ្នាំ២០០៣ ប៉ុន្តែចំណងស្នេហានេះ បានចែកផ្លូវគ្នា នៅឆ្នាំ២០០៨ បន្សល់កូនស្រីមួយជាតំណក់ឈាម ៕
មតិយោបល់