ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាច្រើននាក់ ទទូចអោយ ចាប់ខ្លួនជនល្មើសលើ ករណី អាន វិសាល

ក្រោយពីអតីតតារាចម្រៀង ប្រចាំផលិតកម្ម M លោក អាន វិសាលមានដំណឹងត្រូវគេវាយបែកក្បាលនឹងញញួរ តារាជាច្រើន ត្រូវគេឃើញចេញមុខឈឺឆ្អាល។ លោក ម៉ានុត រាជ តារាសម្ដែងនិងជាមិត្តភ័ក្ត្រ និងតារាច្រើនទៀត សុទ្ធតែបានចេញមុខសុំអោយមានអន្តរាគមន៍ជួយដល់តារាចម្រៀងរូបនេះ។

លោក អាន វិសាល ត្រូវបានក្រុមក្មេងស្ទាវមួយក្រុម វាយមួយញញួរចំក្បាល​ បណ្ដាលឲ្យ​រងរបួសធ្ងន់ កាលពីម៉ោងប្រហែល១១ និង៣០នាទីយប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយ​នៅផ្លូវលេខ​១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្រ្ដីម្នាក់ ដែលមិនទាន់ច្បាស់ថាជាប្រពន្ធ ឬជាបងស្រី បានប្រាប់អ្នកសារព័ត៍មានក្នុងស្រុកថា លោក អាន វិសាល បានចេញពីហាងមួយកន្លែង ដែលជាកន្លែងច្រៀងរាល់រាត្រី ដោយជិះម៉ូតូម៉ាក CD ដល់ផ្លូវលេខ១១៣ ក៏ឈប់ទិញឥវ៉ាន់ចាប់ហួយហូប បន្ទាប់មកក៏មានក្រុមក្មេងស្ទាវ ជិះម៉ូតូមកដល់ជិតបើករេ​ពេញផ្លូវ។ ប្រភពនោះបន្តថា ក្រោយពេល លោក អាន វិសាល ប្រាប់ថា អូនបើកម៉ូតូប្រុងប្រយ័​ត្ន កុំបើករេ​ចឹង ប្រយត្ន័ប៉ះគេ ស្រាប់តែក្មេងស្ទាវនោះ ក៏ឈប់មុខតូបលក់ ឥវ៉ាន់ដែលគេស្គាល់ថា ជាកន្លែងលក់របស់ម្ដាយក្មេងស្ទាវ ហើយវាយនឹងញ​ញួរ បណ្ដាលឲ្យបែកក្បាលរបួសធ្ងន់។

លោក អាន វិសាល បានបង្ហោះលើគណនេយ្យផ្ទាល់ខ្លួនថា “បងៗ​អ្នកកាសែតអើយ បើខ្ញុំចេះផុសខ្ញុំផុសហើយ ព្រោះវាខ្មាស់គេ ណាមួយខ្ញុំមិនចង់អោយមា្តយខ្ញុំដឹងផង គាត់ចាស់ ហើយ ហើយគាត់មានជំងឺទៀត ពេលមានរឿងភា្លមៗខ្ញុំអង្វរ ម្តងហើយម្តងទៀត មិចបានធ្វើបែបហ្នឹង ( បាទជួយ like & share បាទអគុណ)”។

លោក ម៉ានុត រាជ បានថ្លែងបញ្ជាក់ថា មានតែមហាជន និងកម្លាំងសមត្ថកិច្ចប៉ុណ្ណោះ ដែលអាចជួយរកយុត្តិធម៍ដល់លោក អាន វិសាល បាន ដោយសារតែតារាចម្រៀងមួយនេះ លោក មិនមានខ្នងបង្អែក និងមិនមានលទ្ធផលប្ដឹងផ្ដល់ដល់ជនបង្កហេតុនោះទេ។

លោក ចាន់ មករា អ្នកផលិតស្ពត និងជាគូស្នេហ៍កញ្ញា ដេនី ក្វាន់ បានបង្ហោះថា លោក អាន វិសាល បែកក្បាលដោយសារត្រូវគេវាយក្បាល នឹងញញួរ។ លោកបានបង្ហោះថា “តារាចម្រៀង អាន វិសាល ត្រូវគេវាយក្បាលនឹងញញួរ ម្ចាស់ខ្លួន (អាន វិសាល) បែរជាសុខចិត្ត សំងំស្ងៀម ព្យាយាមលាក់ ព័ត៏មានទៅវិញ។ តោះជួយ share និង ជួយឈឺឆ្អាល ដេីម្បីជួយគាត់ផង។ ទោះបីគាត់មិនចង់ Ann Visal II”។ ការបង្ហោះរបស់សាមីខ្លួន និងលោក ចាន់ មករា ធ្វើអោយម្នាក់ៗ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលម្ចាស់បទ” ទឹកភ្នែកខ្ទើយ”រូបនេះ នៅមិនទាន់ចេញមុខបកស្រាយនៅឡើយ ក្រៅពីឆ្លើយតបអ្នក Comment ថា លោកឈឺក្បាលយ៉ាងខ្លាំង ក្រោយត្រូវវាយបែកក្បាលហូរឈាម។ លោក ចាន់ មករា បានទទូចអោយមានការអន្តរាគមន៍ ជួយដល់លោក អាន វិសាល ដោយលោកអះអាងថា លោក អាន វិសាល ពិតជាគួរអោយសង្វេគក្រោយធ្លាក់ប្រជាប្រិយភាព។

លោក អាន វិសាល ទៅបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែនៅមិនទាន់ដឹងថា នឹងមានសភាពបែបណាឡើយ ក្នុងពេលនេះ៕

 

មតិយោបល់