ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ ឱក សុគន្ធកញ្ញា ទិញចម្ការដូងក្រអូបយ៉ាងត្រជាក់ល្ហិម

ក្នុងឱកាសច្រៀងរាំលើឆាកតន្ត្រី ក្នុងពិធីបើកការិយល័យលក់ដីចម្ការដូងក្រអូប នៅខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី៣ មេសា តារាចម្រៀងល្បីល្បាញកញ្ញា ឱក សុគន្ធកញ្ញា នៅតែធ្វើអោយព្រឹត្តិការណ៍ “ឋានព្រះឥន្ទ” ដែលជាគម្រោងលក់ចម្ការបង់រំលោះ ទទួលបានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី។ ព័ត៌មានផ្លូវការបានអះអាងថា នាងបានទិញចម្ការដូងក្រអូបពីក្រុមហ៊ុននេះ មិនតិចហិកតារនោះទេ ខណៈដែលប្រភពជិតស្និទ្ធិរបស់នាង ក៏បង្ហើបថានាងគម្រោងសង់ទីលម្ហែកាយ នៅក្នុងចម្ការដែលបានទិញនោះ ដើម្បីសម្រាកកម្សាន្តផង។

ប្រភពពីក្រុមហ៊ុនហង្សម្ចាស់ដី បានអះអាងថា មិនមែនតែអ្នកនាង ចាន់ កែវនិមល ពិធីការិនីងហង្សមាស ដែលតែងបង្ហាញខ្លួន ធ្វើជាពិធីការិនីទិញចម្ការធុរ៉េន នៅខេត្តកំពតពីក្រុមហ៊ុនមួយនេះ ចំនួន៥ហិកតារនោះទេ តារាចម្រៀង នាង ឱក សុគន្ធកញ្ញា ក៏បានទិញចម្ការពីក្រុមហ៊ុននេះ មិនតិចហិកតារដូចគ្នានោះដែរ ដោយគ្រាន់តែនាងទិញនៅខេត្តសៀមរាប ហើយជាប្រភេទចម្ការដូងក្រអូប ដែលនាងយល់ថា ងាយស្រួលបានផលលឿនជាងធុរ៉េន។

នៅមិនទាន់ដឹងថា នាងទិញប៉ុន្មានហិកតារនៅឡើយទេ ប៉ុន្តែយោងតាមការទទួលស្គាល់របស់ ឱក សុគន្ធកញ្ញា កាលពីយប់ថ្ងៃទី៣ មេសា នោះ នាងថា ខ្លួនពិតជាបានទិញមែន ប៉ុន្តែតិចតួចប៉ុណ្ណោះ។ ប្រភពបន្តថា ឱក សុគន្ធកញ្ញា មិនត្រឹមតែទិញផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏នាំសាច់ញាតិ មិត្តភ័ក្ត្រមកទិញចម្ការដូងក្រអូបជាប់ព្រំរបស់ខ្លួនផងដែរ ទើបមានការប៉ាន់ស្មានថា កញ្ញាទំនងជាទិញមិនតិចហិកតារជាង ពិធីការិនី ចាន់ កែវនិមលនោះទេ ស្របគ្នាដែលការចូលរួមទិញចម្ការរបស់នាង និងអតិថិជនទាំងអស់ ត្រូវបាន លោក ហង្ស ព្រីន្សយ៉ា ជាម្ចាស់គម្រោងប្រកាសថា គឺជាការរួមចំណែកធ្វើអោយកម្ពុជា ក្លាយជាហង្សធំមួយក្នុងពេលដ៏ខ្លី នៅក្នុងតំបន់អាស៊ី។

ថ្លែងក្រោយផ្ទុះប្រតិកម្មជុំវិញការលើកឡើងនេះ លោក ហង្ស ព្រីន្សយ៉ា នៅតែរក្សាជំហរថា ៣ទៅ៥ឆ្នាំទៀត តាមរយៈយុទ្ធសាស្ត្រពង្រីកកសិកម្ម និង វិស័យសេដ្ឋកិច្ចរបស់លោក និងអ្នកវិនិយោគផ្សេងទៀត កម្ពុជាពិតជាក្លាយជាហង្សអាស៊ី។ លោកថាសត្វហង្ស គឺសត្វសុភាព ហើយអ្នកណាក៏ស្រលាញ់ អ្នកណាក៏ចង់ធ្វើជាម្ចាស់ ដោយសារតែរូបសម្រស់ និងរូបរាងដ៏ទាក់ទាញរបស់សត្វនេះ។ មិនខុសគ្នាដែរ កម្ពុជា ក៏មិនខុសពីហង្សមួយក្បាលដែរ ដោយសារតែកម្ពុជាមានទាំងធនធានធម្មជាតិ ធនធានចំណេះដឹង ហើយអ្វីដែលសំខាន់ គឺកម្ពុជានៅមានកត្តាច្រើនណាស់ ដែលអាចក្លាយជាហង្ស និងក្លាយជាប្រទេសអ្នកមានទៅបាន។ លោកឧទាហរណ៍ថា សម្រាប់វិស័យបច្ចេកវិទ្យា និងឧស្សាហកម្មទំនើប កម្ពុជាមិនអាចទៅរួចជាមួយប្រទេសក្នុងតំបន់នោះទេ ប៉ុន្តែពឹងលើសណ្ឋានដី និងវិស័យកសិកម្មតែមួយផ្នែកក៏កម្ពុជាអាចក្លាយជាហង្សធំមួយ ដែលអារកចំណូលចូលហោប៉ៅពលរដ្ឋ និងជួយអោយកម្ពុជារួចផុតពីបន្ទាត់ក្រីក្របានដែរ។

លោកបន្តលើកឡើងថា នៅក្នុងពេលនេះក្រុមហ៊ុនហង្សម្ចាស់ដីរបស់លោក បានបោះទុនវិនិយោគប្រមូលទិញដីទុកចោលរបស់ពលរដ្ឋរាប់ម៉ឺនហិកតារ នៅក្នុងបណ្ដាខេត្តសំខាន់ៗ រួមមានខេត្ត កំពត ខេត្តពោធិ៍សាត់ ខេត្តមណ្ឌលគីរី និងខេត្តសៀមរាប ជាដើម ដើម្បីវិនិយោគដាំដុះជាចម្ការធុរ៉េន ជាចម្ការដូងក្រអូប ជាចម្ការប័រ និងជាចម្ការក្រូចជាដើម ដោយក្រុមហ៊ុនរបស់លោក បានទាំងប្រើយុទ្ធសាស្ត្រពុះដីធំៗទាំងនោះ ជាចម្ការមួយហិកតារៗលក់អោយពលរដ្ឋ ក្នុងលក្ខខណ្ឌបង់រំលោះ ឬ បង់ផ្ដាច់ ដើម្បីអោយពលរដ្ឋបានរួមចំណែកធ្វើជាអ្នកវិនិយោគក្នុងគម្រោងរបស់លោក។

លោកបន្តថា នៅក្នុងដំណាក់កាលកំពុងឈូសឆាយ និងធ្វើការដាំដុះនេះ កម្ពុជាមើលមិនទាន់ឃើញថា ខ្លួនគឺជាហង្សដូចអ្វីដែលលោកអះអាងនោះទេ ប៉ុន្តែនៅរយៈពេល៣ឆ្នាំក្រោយ ទៅ៥ឆ្នាំក្រោយ ក្នុងពេលដែលដីទំនេរ ដីមិនប្រើការដែលលោកវិនិយោគហើយពុះជាឡូតិ៍ទាំងនោះ ប្រែក្លាយជាចម្ការដំណាំ ដែលលក់បានចំណូល នៅពេលនោះហើយ ដែលកម្ពុជានឹងមើលឃើញថា ខ្លួនគឺជាប្រទេសដែលអាចទាក់ទាញក្រុមវិនិយោគទុនបរទេស និងអន្តរជាតិកម្រិតណា។
លោកថាកន្លងមកបណ្ដាក្រុមហ៊ុនតូចធំៗ រមែងប្រើតែយុទ្ធសាស្ត្រដាំដុះចម្ការតែម្នាក់ឯង ហើយនៅពេលចម្ការទាំងមូលធំពេក ប្រើទុនមកទប់មិនរួចក៏បោះបង់ចោល ធ្វើអោយកម្ពុជានៅតែមានដីអត់ប្រយោជន៍សេសសល់ពាសវាលពាសកាល ប៉ុន្តែរូបលោកលោក មើលឃើញថា មានតែការចូលរួមពីសំណាក់បងប្អូនក្នុងស្រុក ដែលរួមចំណែកធ្វើជាម្ចាស់ចម្ការ ម្ចាស់ភាគហ៊ុនប៉ុណ្ណោះ ទើបអាចអោយវិស័យកសិកម្មនៅក្នុងប្រទេសទាំងមូល ឈានឡើងដល់កំពូល។

លោកថ្លែងបញ្ជាក់ថា”កាលពីមុនក្រុមហ៊ុនធំៗ គាត់ធ្វើចម្ការតែម្នាក់ឯង ចឹងទោះចង់មិនចង់ដើមទុន ដែលគាត់ប្រឹងធ្វើ គឺនឹងបាត់និរន្តរភាព ប៉ុន្តែរូបខ្ញុំ ខ្ញុំហ៑ាននិយាយថា កម្ពុជានឹងក្លាយជាហង្សនៅអាស៊ីទៅបាន គឺដោយសារតែក្នុងពេលនេះ ខ្ញុំចាប់អារម្មណ៍ថា គម្រោងលក់ចម្ការរបស់ក្រុមហ៊ុនទៅកាន់បងប្អូនយើង គឺបងប្អូនយើង រួមគ្នាទិញច្រើន ចឹងបើមួយគ្រួសារៗ សុទ្ធតែមានចម្ការ ហើយចម្ការទាំងនោះ ត្រូវបានថែទាំដោយក្រុមហ៊ុន ដើម្បីអោយកកើតជាដំណាំលើផ្ទៃដី ដែលក្រុមហ៊ុនប្រកាសលក់រាល់ថ្ងៃ តើកម្ពុជា នឹងខ្វះភោគផលទៀតទេ ហើយបើកម្ពុជា ក្លាយជាប្រទេសនាំចេញកសិកម្មធំមួយ ក្រៅពីអង្ករដែលធ្លាប់មាន តើកម្ពុជាអាចចាត់ទុកថា ជាហង្សនៅអាស៊ី ឬក្នុងតំបន់បានឬ មិនបាន?”។

លោកហង្ស ព្រីន្សយ៉ា បន្តថា នៅក្នុងពេលនេះក្រុមហ៊ុនរបស់លោក បោះទុនរាប់
លានដុល្លារទិញដីនៅខេត្តមណ្ឌលគីរី វិនិយោគដាំប័រ ទិញដីនៅខេត្តកំពត វិនិយោគដាំធុរ៉េន ទិញដីនៅខេត្តពោធិ៍សាត់ វិនិយោគដាំធុរ៉េន និងដូងក្រអូប និងទិញដីនៅខេត្តសៀមរាប វិនិយោគដាំដូងក្រអូប ដោយពុះលក់បង់រំលោះ បានច្រើនពាន់ហិកតារមកហើយ ខណៈដែកក្រុមហ៊ុនក៏បានសហការ ជាមួយថៃដែលជាស្ដេចកសិកម្មអោយជួយបច្ចេកទេសក្នុងការដាំដុះ និងមើលថែដំណាំទាំងនោះ ដើម្បីអោយដីចម្ការដែលបងប្អូន បានទិញគឺពិតជាមានអ្នកមើលថែ និងដាំដុះដំណាំអោយដូចក្នុងកិច្ចសន្យា ដើម្បីអោយ៤ឆ្នាំក្រោយ គឺចម្ការដែលបានទិញពីក្រុមហ៊ុនហង្សម្ចាស់ដីរបស់លោក មានផ្លែផ្កាពិតប្រាកដ។

ក្នុងនោះក្រុមហ៊ុនក៏ទើបតែចុះកិច្ចព្រមព្រៀង ជាមួយមហាយក្សចិន ក្នុងការផ្គត់ផ្គង់ធុរ៉េន និងដូងក្រអូប ក្នុងជំហានដំបូងគឺ២ម៉ឺនហិកតារនៅរយៈពេល៣ឆ្នាំក្រោយ ដែលតម្រូវអោយក្រុមហ៊ុន ត្រូវតែពន្លឿនលើការឈូសឆាយ និងដាំដុះដំណាំជូនពលរដ្ឋដែលទិញចម្ការពីក្រុមហ៊ុន មិនអោយភ័យរឿងបានតែដីហើយគ្មានដំណាំ ឬមានដំណាំហើយគ្មានទីផ្សារទទួលទិញឡើយ៕

មតិយោបល់