ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនសរសើរមិនបាន ពេលឃើញតារាខ្មែរ រំលេចក្រមាយ៉ាងស្រស់ស្អាត ក្នុងព្រឹត្តិការណ៍វាយណភ័ណ្ឌឆ្នាំនេះ

ការប្រកួតបុរសនារីឯកវាយនភណ្ឌលើកទី៥ កាលពីថ្ងៃទី១ ឩសភា នៅស្ទីឌីយោទូរទស្សន៍បាយ័ន ក្រៅពីចាប់អារម្មណ៍លើកការប្រកួត របស់បេក្ខជន និងបេក្ខនារី ដែលសុទ្ធសឹងតែជាតំណាង ពីរោងចក្រកាត់ដេរនានា នៅក្នុងវេទិកានោះ ក៏មានការចាប់អារម្មណ៍លើសិល្បករមួយក្រុម ដែលពួតដៃគ្រងឈុតបែបខ្មែរ គឺហូលផាមួង និងអាវកត្រង់ជាដើម ហើយរំលេចក្រមាខ្មែរយ៉ាងស្រុះដៃ គ្នាផងដែរ។ នេះជាការបង្ហាញទម្រង់វប្បធម៌បុរាណមួយរបស់តារាសិល្ប: ដែលជាការលើកកម្ពស់ ចំពោះសំលៀកបំពាក់ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់ខ្មែរផង និងដើម្បីរួមគ្នាលើកស្ទួយឲ្យក្រមាខ្មែរ កាន់តែមានការទទួលស្គាល់ ក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិផង។

ការបង្ហាញវត្តមានរបស់តារាសិល្ប:មួយក្រុម ដែលរំលេចដោយឈុតបែបខ្មែរ នៅក្នុងការប្រកួតដ៏សំខាន់ប្រចាំឆ្នាំ កាលពីថ្ងៃទី១ ឩសភា ក្នុងទិវារពលកម្មអន្តរជាតិនោះ តារាៗរបស់គ្រួសារតារាកម្ពុជា ដែលត្រូវគេឃើញមានការចូលរួម ទាំងសិល្បករជំនាន់ចាស់ និងជំនាន់ថ្មីចម្រុះគ្នាតែម្ដង ខណ:ដែលសិល្បករភាគច្រើន ក្រៅពីរំលេចឈុតហូលផាមួង និងអាវករកុតតំណាងអត្តសញ្ញាណជាតិ ក៏លម្អដោយក្រមាខ្មែរ យ៉ាងស្រស់ស្អាត គួរឲ្យចង់គយគន់ផងដែរ។ តារាៗដែលចូលរួម នៅក្នុងព្រឹត្តិការណ៍នោះរួមមាន លោក សុះ ម៉ាច តារារៀមច្បង ទ្រង់សុីសុវត្ថិ សិរីវុឌ តារាសម្ដែងល្បីល្បាញ និងអ្នកម្នាង លោក មាស សុខរតន: អ្នកដឹកនាំផលិតកម្មថោន លោក នូ សុភេន ផលិតករកម្មវិធី លោក សុខ រ៉ាសុី ពិធីករហង្សមាស អ្នកស្រីរីយ៉ាមីសែលត្រាណេ ភរិយាបណ្ឌិត្យមីសែលត្រាណេ អ្នកនាង ភីម តារាកំប្លែង លោក សុិន សុធារិទ្ធ តារាសម្ដែង លោករុន ណាកូ តារាសម្ដែង លោក ម៉ៃ សុគន្ធ តារាចម្រៀង លោក សុគន្ធ ដេវីដ តារាចម្រៀង កញ្ញា ហ៑ុន ម៉ាលីស អតីតបេក្ខនារីក្នុងកម្មវិធីចម្រៀងឯក ក្រុមកំប្លែងឌីជេឆ្លាម អ្នកនាង យីវ ម៉ូនីកា តារាសម្ដែង អ្នកនាង សាង សុរិយា តារាសម្ដែង ក្រុមតារា RA Group ក្រុមតារាប្រចាំក្លិបលោក ច័ន្ទ ណារ័ត្ន កញ្ញា ចូចូ តារាសម្ដែង និងតារាចាស់ក្មេងជាច្រើនរូបទៀត ដែលរូបសម្រស់របស់តារាម្នាក់ សុទ្ធតែមើលទៅឃើញស្រស់ស្អាត និងលេចធ្លោនៅក្នុងកម្មវិធី នៅពេលគ្រងឈុតហូលផាមួងអាវប៉ាក់ ហើយភាគច្រើនរំលេចដោយក្រមាខ្មែរ។ ក្នុងនោះតារាសម្ដែង កញ្ញា កុសុម៉ា ហៅព្រះអាទិត្យតូច ក៏បានគ្រងមួយឈុតច្នៃពីក្រមាខ្មែរ យ៉ាងស្រស់ស្អាត ធ្វើឲ្យម្នាក់ៗកោតសរសើរ នឹងការតុបតែងកាយរបស់នាងផង។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងបញ្ជាក់ថា ជាលើកទី២ហើយ ដែលលោកដឹកនាំសិល្បករចាស់ក្មេងយ៉ាងច្រើនកុះករ ចូលរួមលើកកម្ពស់ការប្រកួតបុរសនារីឯកវាយនភណ្ឌ ដោយកាលពីឆ្នាំសិល្បករ ជាសមាជិកដែលស្ម័គ្រចិត្តចូលរួមទាំងអស់ បានចំណាយធនធានផ្ទាល់ខ្លួន ជ្រើសឈុតក្នុងសម័យបុរាណដោយឡែកៗពីគ្នា រួមមានឈុតក្នុងសម័យអង្គរ ឩដុង្គ និង ចតុមុខជាដើម ដើម្បីរំលេចនូវវប្បធម៌ខ្មែរ។ ដោយឡែកនៅក្នុងឆ្នាំនេះ លោក និងក្រុមតារាសិល្ប: បានសម្រេចជ្រើសយកឈុត បែបប្រពៃណីគឺហូលផាមួង អាវប៉ាក់ និងអាវករត្រង់ ហើយរំលេចដោយក្រមាវិញម្ដង។ លោកថានេះ ជាការបង្ហាញទម្រង់វប្បធម៌មួយ ដើម្បីផ្សព្វផ្សាយដល់សាធារណ:ជន ហើយក៏ជាលើកកម្ពស់វប្បធម៌ និងផលិតផលខ្មែរ គឺក្រមា ដែលមួយរយ:មុនសិល្បកម្មមួយនេះធ្លាក់ដល់ដង្ហើមចង្រឹតទៅហើយ ឲ្យមានទីផ្សារឡើងវិញ។ លោកថា តារាសិល្ប:គឺជាអ្នកផ្សព្វផ្សាយវប្បធម៌អរិយធម៌ដ៏មានប្រសិទ្ធិភាព ដូច្នេះបើក្នុងកម្មវិធីផ្សេងៗតារាសិល្ប:មិនរួមចំណែកលើកស្ទួយទម្រង់បុរាណ និងប្រពៃណីខ្មែរទេ នោះក្មេងៗជំនាន់ក្រោយ ក៏មិនឲ្យតម្លៃសំលៀកបំពាក់ខ្មែរទៅតាមនោះដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតនៅក្នុងយប់នោះ បេក្ខនារី យ៉ុន កាន់ទីម៉ា កម្មការិនីកាត់ដេរមកពីខេត្តកំពង់ស្ពឺ ពាក់ស្លាកលេខ២ និងលោក លឿង វិសាល កម្មករកាត់ដេរមកពីខេត្តតាកែវ ពាក់ស្លាកលេខ៨ ទទួលបានចំណាត់ថ្នាក់លេខ១។ បេក្ខនារី សុន ស្រីពៅ មកពីខេត្តស្វាយរៀង និងបេក្ខជន សុខ មនោចិន មកពីខេត្តបន្ទាយមានជ័យ ទទួលបានចំណាត់ថ្នាក់លេខ២ និងបេក្ខនារី លី ណៃហ៑ាង មកពីភ្នំពេញ និងបេក្ខជន រដ្ឋា ថៃលី មកពីកំពង់ចាម ទទួលចំណាត់ថ្នាក់លេខ៣ ដោយម្នាក់ៗ ទទួលបានម៉ូតូម្នាក់១គ្រឿង និងប្រាក់រង្វាន់ខុសៗគ្នា៥លាន ៤លាន និង៣លានរៀល៕

មតិយោបល់