ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាកុះករ បើកការប្រគំតន្ត្រីសប្បុរសធម៍ នៅសៀមរាប

នៅល្ងាចថ្ងៃទី១៤ ឧសភានេះ តារាចាស់ក្មេងល្បីៗយ៉ាងច្រើនកុះករ នឹងពួតដៃគ្នា បើកការប្រគំតន្ត្រីធំ ដែលមានឈ្មោះថា តន្ត្រីសប្បុរសធម៍ អ៊ីណារីតា នៅបរិវេណវិទ្យាល័យក្រឡាញ់ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីប្រមូលថវិកា ជួយដល់កុមារកំព្រា និង សហគមន៍ក្រីក្រ។ នេះជាការប្រគំតន្ត្រីសប្បុរសធម៍ទ្រង់ទ្រាយធំ ដែលក្រុមហ៊ុនអ៊ីណារីតា បង្កើតឡើង ដើម្បីបានចូលរួមចំណែកក្នុងកិច្ចការសង្គម បន្ទាប់ពីក្រុមហ៊ុននេះ ប្រកាសបើកដំណើរការធ្វើអាជីវកម្មពុះលក់ដីឡូតិ៍ នៅខេត្តសៀមរាប។

លោក ឌីម សួនណាត អគ្គនាយក ក្រុមហ៊ុន ENARITA បានថ្លែងបញ្ជាក់ថា ហេតុផលដែលរៀបចម្ការប្រគំតន្ត្រីសប្បុរសធម៍ជាទ្រង់ទ្រាយធំមួយនេះ គឺដោយសារតែលោកយល់ថា បើក្រុមហ៊ុនរបស់លោកបរិច្ចាគតែម្ដង នូវថវិការដែលគម្រោងជួយដល់សង្គមនោះ វាហាក់មិនសូវមានន័យ ទើបលោកសម្រេចចំណាយថវិកាផ្ទាល់ខ្លួន បើកជាការប្រគំតន្ត្រីសប្បុរសធម៍ ដើម្បីឲ្យមានជាការបរិច្ចាគ ពីមជ្ឈដ្ឋានដែលចង់ជួយសង្គមវិញ ទើបលោកកៀរគរតារាសិល្ប:ច្រើននាក់ ឲ្យរួមចំណែកច្រៀងរាំនៅថ្ងៃទី ១៤ ឧសភា ដោយការប្រគំតន្ត្រីនាល្ងាចថ្ងៃនេះ រំពឹងថា មានអ្នកទស្សនាកកកុញ។

យ៉ាងណាមិញលោកថា ថវិកាដែលរំពឹងថានឹងទទួលបាន នៅមិនទាន់ដឹងថា នឹងយកទៅធ្វើសកម្មភាពសង្គមនៅមណ្ឌលកុមារកំព្រាណា ឬ នៅកន្លែងណា ដោយថវិកាដែលទទួលបាន គឺនឹងយកទៅធ្វើសកម្មភាពសង្គម ដោយមិនប្រើប្រាស់ខុសគោលដៅនោះទេ ដើម្បីរួមចំណែកចែក រំលែកក្ដីស្រទ្បាញ់ជូនអ្នកខ្វះខាត។ លោកថា នេះ ជាការប្រគំតន្ត្រីសប្បុរសធម៍ទ្រង់ទ្រាយធំលើកដំបូង ដែលក្រុមហ៊ុនអចលនទ្រព្យ Enarita របស់លោក ធ្វើឡើងដើម្បីសង្គម តែមិនមែនជាលើកទី១នោះទេ ដោយសារតែកន្លងមក ក្រុមហ៊ុនក៏ធ្លាប់ជួយដល់សង្គម ហើយក៏មិនមែនជាលើកចុងក្រោយនោះដែរ ព្រោះក្នុងពេលបន្តបន្ទាប់ក្រុមហ៊ុន ក៏នឹងការប្រគំតន្ត្រីសប្បុរសធម៍បែបនេះ ដើម្បីសង្គមបន្តទៀតផងដែរ។

គួរបញ្ចាក់ថា លោកឌីម សួនណាត និង លោកស្រី ម៉ក់ សុភក្ត្រ័ ទើបតែបានបរិច្ចាគថវិការ ផ្ទាល់ខ្លួន ចំនួន ១ម៉ឺនដុល្លារ កាលពេលថ្មីៗនេះ ជូនដល់កាកបាទក្រហមកម្ពុជាផងដែរ៕

មតិយោបល់