កាលពីព្រឹកថ្ងៃទី២ មិថុនា តារាចម្រៀង កញ្ញា មាស អាលីស បានចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីទៅច្រៀងរាំនៅក្នុងទឹកដីសហរដ្ឋអាមេរិក។ អ្វីដែលគេកត់សម្គាល់ គឺនាងមិនធ្លាប់ បានចេញទៅច្រៀង នៅក្រៅប្រទេសទាល់តែសោះ ប៉ុន្តែដល់បានចេញម្ដង គឺបានចេញដល់ទៅ៧ខែយ៉ាងតិច ហើយជាទឹកដី នៃប្រទេសមហាអំណាច ដែលអ្នកណាក៏ស្រម៉ៃចង់ទៅតែម្ដង។
កញ្ញា មាស អាលីស និយាយថា នាងប្រឡូកក្នុងអាជីពចម្រៀង ច្រើនឆ្នាំមកហើយ ហើយក៏ប្រឡូក ក្នុងអាជីពជាអ្នកនិយាយវិទ្យុ មិនតិចឆ្នាំដូចគ្នាផងដែរ ប៉ុន្តែនាងមិនដែលមានសំណាង ត្រូវបានស្ពុនស័រទាក់ទង អោយចេញច្រៀងក្រៅប្រទេសទាល់តែសោះ។ នាងថាខ្លួនមានបំណង ចង់ចេញច្រៀងក្រៅប្រទេស ជាយូរមកហើយ ប៉ុន្តែមិនដែលមានឱកាសសោះ ទើបនាងរំភើបចង់ហូរទឹកភ្នែក នៅពេលបានជាប់ទៅច្រៀង នៅសហរដ្ឋអាមេរិក ហើយជាប់ដល់រយៈពេល៧ខែ ដែលជារយៈពេលយូរមួយ សម្រាប់សិល្បករស្រករក្រោយដូចនាង។ នាងថា ខ្លួននឹងឡើងទៅសម្ដែង ជាមួយលោក ម៉េង ប៑ុនឡូ លោក ម៉េង ប៑ុនលី និងលោក យក់ ដួងតារា ដោយក្នុងរយៈពេល៧ខែ នៅលើទឹកដីអាមេរិកនោះ នឹងមានការសម្ដែងរៀងរាល់ចុងសប្ដាហ៍ ហើយសម្ដែងច្រើនរដ្ឋ។ យ៉ាងណាមិញនាងថា នឹងមិនបន្តកុងត្រា លើសពី៧ខែនោះទេ ដើម្បីកុំអោយបាត់បង់ទីផ្សារក្នុងស្រុក គឺនាងនឹងទទួលតែរយៈពេល៧ខែ ដែលបានកុងត្រា ជាមួយខាងអ្នកធានាទៅប៉ុណ្ណោះ។
ក្នុងឱកាសជូនដំណើរកូនស្រីឡើង យន្តហោះនោះ គេឃើញ ម្ដាយរបស់ មាស អាលីស អរផង ទឹកភ្នែករលីងរលោងផង ដោយសារតែអ្នកទាំងពីរ មិនធ្លាប់បែកគ្នារយៈពេលយូរបែបនេះ។ អ្នកស្រី ពេជ្រ ច័ន្ទសុខា ម្ដាយរបស់នាងនិយាយថា មាស អាលីស ជាកូនស្រីតែម្នាក់ ក្នុងចំណោមបងប្អូន៣នាក់។ អ្នកស្រី រស់នៅជាមួយកូន មិនដែលបែកគ្នា ក្នុងរយៈពេលយូរបែប នឹងនោះទេ ប៉ុន្តែដើម្បីសម្រេចក្ដីប្រាថ្នា របស់កូនស្រី ចង់សាងកេរ្តិ៍ឈ្មោះ នៅសហរដ្ឋអាមេរិក អ្នកស្រីមានតែបង្ហាញការត្រេកអរ និងជូនពរអោយកូនស្រី អោយសុខសប្បាយ និងជោគជ័យ៕
មតិយោបល់