យោងតាម Trailer ដែលទើបបង្ហោះឡើងក្ដៅៗ ក្នុងរឿង”ព្រលឹង” តារា៣ដួង គឺ អ្នកនាង ភិន សុដាលីស លោក ភឹម តារាវិបុល និងនាយគ្រឿន សុទ្ធតែត្រូវបានផលិតករតម្រូវអោយសម្ដែងទម្រង់តែមួយ ខណៈដែលអ្នកទាំងបី ក៏សុទ្ធតែសម្ដែងចំស្ទីលដែលខ្លួនសម្ដែងបានម្យ៉ាងម្នាក់។ នេះជាស្នាដៃថ្មីរបស់ផលិតកម្មមហាហង្ស ដោយអ្នកទាំង៣រំពឹងយ៉ាងខ្លាំងថា នឹងទទួលជោគជ័យ។
នៅក្នុងភាពយន្តរឿង “ព្រលឹង” នេះ អ្នកនាង ភិន សុដាលីស នាយ គ្រឿន និង លោក ភឹម តារាវិបុល សុទ្ធតែត្រូវគេអោយសម្ដែងជាតួអង្គខ្មោចលង និងមានឈុតកំប្លែងស្ងួត ដែលធ្វើអោយអ្នកទស្សនាសើចចុកពោះ ដោយមិនដឹងខ្លួន។ ក្នុងចំណោមអ្នកទាំង៣ នាយគ្រឿន ត្រូវគេអោយសម្ដែងជាតួអង្គក្លាហានជាងគេ បើទោះជាត្រូវខ្មោចលង ហើយចំណែកលោក ភឹម តារាវិបុល គឺជាតួអង្គដែលពូកែខ្លាច ភ័យ និងមានឈុតច្រើន ដែលធ្វើអោយអ្នកទស្សនាទប់សំណើចមិនបាន។
នៅពីក្រោយការសម្ដែងអ្នកទាំង៣ បញ្ជាក់ព្រមគ្នាថា ក្នុងរឿង”ព្រលឹង”នេះ សុទ្ធតែតម្រូវអោយពួកខ្លួនសម្ដែង ជាតួអង្គប្រឈមនឹងខ្មោច ហើយមានស្ទីលកំប្លែងស្ងួត ទាំងប៉ារ៉ូល និងស្ទីលសម្ដែង។ យ៉ាងណាមិញ អ្នកទាំង៣ ប្រាប់ថាការសម្ដែងអត់លំបាកទេ ដោយសារតែអ្នកនិពន្ធដាក់ត្រូវចរឹតខាងក្រៅ ហើយបើកសិទ្ធិអោយសម្ដែងបញ្ចេញបញ្ចូល។
គួរបញ្ជាក់ថា ភាពយន្តរឿង “ព្រលឹង” ត្រូវបានប្រកាសថា ចំណាយការផលិតអស់ច្រើន ពិសេសលើបច្ចេកទេស និងប្លង់សម្ដែង។ ភាពយន្តនេះ នឹងប្រកាសលក់សំបុត្រនៅថ្ងៃទី៤ កក្កដា ខែក្រោយ ដោយរំពឹងថានឹងមានអ្នកទស្សនាច្រើន ដែលហោចណាស់ ក៏ច្រើនមិនខុសគ្នានឹងរឿង”ផ្ទះចុងភូមិ” ដែលទទួលបានជោគជ័យនោះដែរ៕
មតិយោបល់