ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រះកាយច័ន្ទ ព្រឺៗពេលរំឭកពីវិញ្ញាណក្នុងរឿង “ពិសស្នេហ៍”

ក្នុងពិធីជប់លៀងបិទរឿង “ពិសស្នេហ៍” ដែលជាភាពយន្តភាគរបស់ប៉ុស្តិ៍លេខ៥ កញ្ញា ព្រះកាយច័ន្ទ ដែលជាតួឯកស្រី បានអះអាងថា វិញ្ញាណដែលនាងបានជួបនៅក្នុងពេលថត ក្នុងប្លង់ត្រូវឡើងអង្គុយលើចុងឈើ នៅតែធ្វើឲ្យនាងព្រឺៗ ដោយសារតែនៅកន្លែងនោះ អ្នកស្រុកប្រាប់ថា ធ្លាប់មានស្រីម្នាក់ចងក ហើយពេលដែលនាងទៅថត ក៏ថតជាប់វិញ្ញាណស្រីម្នាក់ នៅអង្គុយលើចុងឈើ ដូចគ្នានឹងរូបនាង នៅក្នុងកាមេរ៉ា។ យ៉ាងណាមិញនាងថា វិញ្ញាណដែលឲ្យនាងឃើញនោះ មិនធ្វើឲ្យនាងភ័យខ្លាច ដល់ថ្នាក់សម្ដែងមិនបាននោះទេ ទើបនាងអាចថតបញ្ចប់ភាពយន្ត សូម្បីតែប្លង់ព្រឺព្រួចប៉ុណ្ណា ក៏សម្ដែងបាន។

កញ្ញា ព្រះកាយច័ន្ទ និយាយថា គ្រប់ប្លង់ក្នុងរឿង”ពិសស្នេហ៍” ស្ទើរតែមិនមានប្លង់ណា ដែលនាងសម្ដែងបានស្រួលនោះទេ ដោយសារតែនាង គឺជាវិញ្ញាណអ្នករបាំ ដែលសម្បូរ តែប្លង់សម្ដែងពេលយប់ និងនៅទីតាំងព្រឺព្រួចៗ ដែលសូម្បីតែនាងក៏ព្រឺៗក្បាលទម្រាំថតចប់មួយប្លង់ៗ។ នាងបានទាំងចាត់ទុកថា ភាពយន្តរឿង”ពិសស្នេហ៍” បន្សល់នូវការលំបាក និងបទពិសោធន៍រន្ធត់ៗ រាប់មិនអស់ ធ្វើឲ្យនាងចងចាំនោះផង។ យ៉ាងណាមិញនាងថា សប្បាយចិត្ត ដែលភាពយន្តនេះ បញ្ចប់ការថត និងត្រៀមដាក់ផ្សាយនៅប៉ុស្តិ៍លេខ៥ ដោយនាងរំពឹងថា ការសម្ដែងដែលនាង ពុះពារនឹងទទួលបានជោគជ័យ។

នៅក្នុងពិធីនោះ មិនត្រឹមតែបិទបញ្ចប់ភាពយន្តរឿង”ពិសស្នេហ៍”ប៉ុណ្ណោះទេ ភាពយន្តរឿង”រ៉ៃប្ដូរទ្រនំ” ក៏បិទបញ្ចប់នៅក្នុងថ្ងៃនោះផងដែរ។ អុីចឹងហើយ ទើបវត្តមានតារាចាស់ថ្មីៗល្បីៗជាច្រើន ដែលសុទ្ធតែជាតួសំខាន់ ក្នុងរឿងទាំងពីរត្រូវគេឃើញបង្ហាញខ្លួន៕

មតិយោបល់