ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតកម្ម ឌីភី បន្តប្រឡងជ្រើសរើសអ្នកចម្រៀង

ភ្នំពេញៈ ប្រមាណជាង២ឆ្នាំមកហើយ ដែលផលិតកម្មឌីភី និងវិទ្យុ DP បានរៀបចំកម្មវិធីប្រឡងចម្រៀងជាទ្រង់ទ្រាយធំ ដើម្បីស្វែងរកតារាចម្រៀងដែលមានសំឡេងល្អ។ វេទិកានេះ ត្រូវគេកត់សម្គាល់ថា ទទួលបានចំណាប់អារម្មណ៍ខ្លាំងឡើងចុងក្រោយ បន្ទាប់ពីបានផ្សព្វផ្សាយទូលំទូលាយលើបណ្ដាញហ្វេសប៊ុក ជាពិសេស គឺក្នុងផេករបស់ផលិតកម្មឌីភី។

ថ្លែងប្រាប់ Post News លោក កុយ ស៊ីឌឿន ម្ចាស់ផលិតកម្មឌីភី (DP) និងជាអ្នករៀបចំកម្មវិធីប្រឡងចម្រៀង «សំនៀងឯក ក្លិបសិល្បៈឌីភី» ដែលត្រូវគេកត់សម្គាល់ថា មានភាពកក្រើកនៅលើបណ្ដាញហ្វេសប៊ុកនាពេលចុងក្រោយ បានអះអាងថា ការប្រឡងចម្រៀងមួយនេះ បានបញ្ចប់២រដូវកាលមកហើយ ដោយនៅពាក់កណ្ដាលឆ្នាំ២០១៦នេះ គឺជាការប្រឡងជ្រើសរើសសម្រាប់រដូវកាលទី៣។ លោកថា នេះជាកម្មវិធីប្រឡងចម្រៀងទូទៅ ដោយមិនមែនសម្រាប់តែសិស្ស ដែលចូលហ្វឹកហាត់ក្នុងក្លិបសិល្បៈឌីភីនោះទេ ដោយលោកបានកត់សម្គាល់ថា អ្នកមានសំឡេងល្អកាន់តែច្រើន បូករួមទាំងកម្មករ និងកម្មការិនី ដែលចង់ក្លាយជាតារាចម្រៀងអាជីពផង ក៏សុទ្ធតែចូលរួម។ លោកថា កម្មវិធីនេះ មិនសូវចាប់អារម្មណ៍ក្នុងរដូវកាលទី១ ដោយសារតែលោកធ្វើកម្មវិធីផ្សាយផ្ទាល់តែលើវិទ្យុ និងមិនមានការផ្សាយផ្ទាល់នៅលើហ្វេសប៊ុកដូចគ្នានឹងរដូវកាលទី២។ ដោយឡែក សម្រាប់ការប្រឡងចម្រៀងនៅរដូវកាលទី៣ ដែលទើបចាប់ផ្ដើមបានរយៈពេល២ខែនេះ គឺរឹតតែទទួលបានការចាប់អារម្មណ៍។ ការប្រឡងចម្រៀងនេះ លោកថា ក្នុងមួយរដូវកាលមានរយៈពេល១៣ខែ ដោយមានការប្រឡងជ្រើសរើសប្រចាំសប្ដាហ៍ ប្រចាំខែ ប្រចាំត្រីមាស និងឆ្ពោះទៅជម្រើសប្រចាំឆ្នាំ។

លោក កុយ ស៊ីឌឿន បញ្ជាក់ថា អ្នកដែលបានជាប់ក្នុងរដូវកាលទី១ និងទី២ កន្លងមក ក្រៅពីត្រូវបានក្លាយខ្លួនជាតារាចម្រៀងប្រចាំផលិតឌីភី ដែលនឹងចេញឌីសក្នុងពេលខាងមុខ ក៏បានក្លាយជាបុគ្គលិកក្នុងវិទ្យុឌីភី និងក្នុងហាងកែសម្ភស្សឌីភី ដើម្បីបង្កើតឱកាសឲ្យពួកគេមានការងារធ្វើតាមជំនាញផងដែរ។ លោកទទូចឲ្យអ្នកមានសំឡេងល្អ រួសរាន់ដាក់ពាក្យចូលប្រឡងចម្រៀង ដើម្បីស្វែងរកឱកាសក្លាយខ្លួនជាតារាចម្រៀងអាជីព ដោយការទំនាក់ទំនងដាក់ពាក្យលោកថា រួមមានទីតាំងមជ្ឈមណ្ឌលកែសម្ភស្សឌីភី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម្ដុំផ្សារទួលទំពូង និងតាមរយៈផេក «ផលិតកម្មឌីភី»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រឡងចម្រៀងនេះ ត្រូវគេឃើញផ្សាយបន្តផ្ទាល់រៀងរាល់សប្ដាហ៍ តាមរយៈវិទ្យុឌីភី FM ១០១,៧០ វិទ្យុឌីភី FM ៩៩,៧៥ និងវិទ្យុឌីភី FM ៩៤,៣០ និងតាមរយៈហ្វេសប៊ុកតែម្ដង ដោយអ្នកជាប់លេខ១ ក៏ទទួលបានប្រាក់រង្វាន់ និងម៉ូតូឌ្រីមសង់ស៊េរីទំនើប មិនអន់ជាងការប្រឡងចម្រៀងធំៗផងដែរ។ អ្វីដែលសំខាន់លោក កុយ ស៊ីឌឿន បញ្ជាក់មិនមែនតែអ្នកជាប់ចំណាត់ថ្នាក់ប៉ុណ្ណោះទេ ដែលបានក្លាយខ្លួនជាតារាចម្រៀង គឺសូម្បីតែអ្នកធ្លាក់ ខ្លះក៏បានក្លាយជាតារាចម្រៀងក្នុងវង់អកកេសរបស់លោក ឬរបស់វង់ផ្សេង និងក្នុងហាងមួយចំនួន តាមរយៈការផ្សាយរបស់វិទ្យុឌីភី និងហ្វេសប៊ុកនាពេលកន្លងមកដូចគ្នា៕

មតិយោបល់