ទើបតែបញ្ចប់ការថតភាពយន្តមួយអោយប៉ុស្តិ៍លេខ៥សោះ តារាម៉ូដែល កញ្ញា ទឹម រដ្ឋា ត្រូវបានស្ថាប័នមួយនេះ អោយគ្រងតំណែងជាតួអង្គសំខាន់ក្នុងរឿង “ភ្លើងគំនុំ” ដែលជាភាពយន្តថ្មីសន្លាង។ ភាពយន្តនេះ ត្រូវបានក្រុងពាលីប្រកាសចេញថត កាលពីព្រឹកថ្ងៃទី១០ មិថុនា ដោយនាងត្រូវគេអោយសម្ដែង ជាតួឆ្នាស់ឆ្នើម និងចិត្តអាក្រក់ទៀតហើយ។
កញ្ញា ទឹម រដ្ឋា និយាយថា នៅប៉ុស្តិ៍លេខ៥ នាងមានយីអ៑ុនយ៉ាងខ្លាំង ដោយត្រូវបានជ្រើស អោយសម្ដែងក្នុងភាពយន្តថ្មីៗ មួយហើយមួយទៀត ដែលហាក់ដូចជាតួប្រចាំប៉ុស្តិ៍។ យ៉ាងណាមិញនាងថា ខ្លួនមិនមានកុងត្រា ជាមួយប៉ុស្តិ៍លេខ៥នោះទេ ដោយឱកាស បានសម្ដែងមួយរឿង ហើយមួយរឿងទៀតរបស់នាង គឺជាការពេញចិត្តរបស់ផលិតករថៃសុទ្ធសាធ។
ក្នុងរឿង”ភ្លើងគំនុំ” ថ្មីនេះ នាងថា ផលិតករតម្រូវអោយនាងសម្ដែងជាតួរងឆ្នាស់ឆ្នើម និងចិត្តអាក្រក់ លើសពីរឿងមុនៗទៅទៀត តែនាងមិនភ័យបារម្ភរឿងសម្ដែងក្នុងតួអង្គនេះទេ បើទោះកាលមុន មានមហាជនតាមគប់ដបទឹកសុទ្ធ ដូចតារាសម្ដែង អ្នកនាង ផាភួង ដោយសារតែនាងយល់ថា មហាជនពិតជាដឹងថា នាងគ្រាន់តែសម្ដែងប៉ុនណ្ណោះ។ កញ្ញា បានទាំងប្រកាសថា នឹងសម្ដែងកាចឆ្នាស់ អោយអស់ពីសមត្ថភាព ដើម្បីអោយអ្នកទស្សនា យល់ថានាងសម្ដែងបានចិត្តអាក្រក់ពេញទំហឹងនោះផង។ ទឹម រដ្ឋា បន្តថា សប្បាយចិត្ត ដែលបានសម្ដែងក្នុងរឿងនេះ ដោយនាងយល់ថា ឱកាសទទួលបានរឿង នៅប៉ុស្តិ៍លេខ៥បន្តបន្ទាប់ ក៏អាចមកពីគោរពពេលវេលាបានល្អ និងទំនាក់ទំនងការងារល្ អជាមួយផលិតករ តាំងពីបានប្រលូកការងារនឹងគ្នានោះដែរ។
យោងតាមពិធីដែលបានប្រកាសឡើង ភាពយន្តភាគរឿង “ភ្លើងគំនុំ” នឹងដំណើរការចេញផលិត ចាប់ពីថ្ងៃបញ្ចប់ក្រុងពាលីតទៅ ដោយគ្រោងចំណាយពេលប្រមាណ៣ខែ។ ភាពយន្តនេះ នឹងគ្រោងដាក់បញ្ចាំងនៅប៉ុស្តិ៍លេខ៥ នៅក្នុងម៉ោងមាស នៅអំឡុងចុងឆ្នាំ ឬដើមឆ្នាំ២០២០៕
មតិយោបល់