ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្សត់ណាស់! ជុំ លីណូ ចេញបទរំលែកទុក្ខរឿងបាក់អគារ ស្របពេលឪពុកខ្លួនត្រូវសង្គ្រោះបន្ទាន់

នៅទីបំផុត តារាចម្រៀង ជុំ លីណូ ចេញបទគួរឲ្យចាប់អារម្មណ៍ពាក់ព័ន្ធ នឹងហេតុការណ៍បាក់អគារនៅខេត្តព្រះសីហនុ ។ អ្វីដែលស្ទើរទប់ទឹកភ្នែកមិនបានទៅទៀត គឺលោក ជុំ លីណូ ចេញបទ “ជីវិតកម្មករ” ដោយរៀបរាប់ពីខ្សែជីវិតកម្មករសំណង់មុនហេតុការណ៍បាក់អគារនោះ។

បទចម្រៀងយ៉ាងក្ដុកក្ដួលរបស់តារាចម្រៀង លោក ជុំ លីណូ កំពុងត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែអត្ថន័យក្នុងបទចម្រៀងកំពុងដុតរោលអារម្មណ៍មហាជន នៅក្នុងហេតុការណ៍បាក់អគារដែលជាព្រឹត្តិការណ៍ក្ដៅគគុកនៅក្នុងពេលនេះ។ អ្វីដែលកាន់តែកត់សម្គាល់ទៅទៀត គឺបទចម្រៀងមួយនេះ ត្រូវបានបង្ហោះឡើងស្របគ្នា ដែលលោកបានប្រកាសនៅលើហ្វេសប៊ុកថា ឪពុករបស់លោកស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។

លោក ជុំ លីណូ បានឆ្លើយបញ្ជាក់ថា បើទោះជាឪពុករបស់លោកមានជំងឺរ៉ាំរ៉ៃអស់រយៈពេលច្រើនឆ្នាំ និងកំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ក៏លោកនៅចេញបកស្រាយបទចម្រៀង ដើម្បីរំលែកទុក្ខដល់ក្រុមកម្មករសំណង់ ដែលរងគ្រោះថ្នាក់ក្នុងហេតុការណ៍បាក់អគារនៅខេត្តព្រះសីហនុផងដែរ។ លោករំពឹងថា បទចម្រៀងមួយនេះ នឹងទទួលការចាប់អារម្មណ៍ ហើយលោកបួងសួងឲ្យឲ្យពុករបស់លោកជាសះស្បើយ និងឆ្លងផុតគ្រោះក្នុងពេលឆាប់ៗ៕

មតិយោបល់