ព្រះសីហនុៈ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១០និង២០នាទីព្រឹក កម្លាំងនគរបាលអន្តោប្រវេសន៍កម្ពុជា សហការជាមួយនគរបាលជំនាញមកពីប្រទេសចិន បានបណ្តេញជនជាតិចិនចំនួន ៦៣នាក់ ឲ្យត្រឡប់ទៅប្រទេសកំណើតវិញ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា អនុប្រធានទីស្នាក់ការត្រៀមបណ្តេញចេញ ប្រចាំខេត្តព្រះសីហនុ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ជនជាតិចិនទាំង ៦៣នាក់ ស្រី១៣នាក់ ត្រូវបានបណ្តេញចេញឲ្យត្រឡប់ទៅប្រទេសកំណើតវិញ និងបានប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជា លើលិខិតបើកផ្លូវរយ:ពេល ៣ឆ្នាំ តាមជើងហោះហើរពិសេស (KOS-CHN) ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍។ ក្រៅពីការបញ្ជូនចេញជនជាតិចិនទាំង ៦៣នាក់នេះ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលអន្តោប្រវេសន៍ ក៏បានបញ្ជូនជនជាតិចិន ដែលមានពិរុទ្ធភាពដូចគ្នាចំនួន ៥នាក់ ស្រី ១នាក់ ទៅប្រទេសចិនវិញផងដែរ សរុបរយៈពេល ២ថ្ងៃនេះ មានជនជាតិចិនចំនួន ៦៨នាក់ ដែលត្រូវបានបណ្តេញចេញ តាមផ្លូវច្បាប់របស់ប្រទេសកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ៕
មតិយោបល់