ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆ័យលី ដាឡែន ឱបរឹតប្រុសក្មេងឡើងខ្វិតភ្លេចខ្លួន

នៅក្នុងកម្មវិធី ហ្គេម Eragold Family Champion របស់ទូរទស្សន៍ My TV កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា មុននេះ គេឃើញតារាសម្ដែង អ្នកនាង ឆ័យលី ដាឡែន ឱបប្រុសក្មេង លោក រុន ណាកូ ដែលត្រូវគេស្គាល់ថា ជាម្ចាស់ពានឈុតបុរាណរបស់គ្រួសារតារាកម្ពុជា កាលពីឆ្នាំ២០១៨ ឡើងខ្វិត បើទោះជាអ្នកទាំងពីរមិនសូវឃើញស្និទស្នាលគ្នាក្រៅឆាក។ រូបភាពឱបរឹតរបស់អ្នកទាំងពីរ ទទួលបានការចាប់អារម្មណ៍គួរសម ក្រោយការបង្ហោះ។

ក្រោយរូបភាពទាំងនោះបង្ហោះឡើង មានការលើកឡើងជាច្រើនថា តិចស្វាមីរបស់អ្នកនាងប្រច័ណ្ឌទៅ ស្របគ្នាដែលអ្នកនាង និងស្វាមី ទើបបញ្ចប់ព័ត៌មានបែកបាក់គ្នាក្ដៅៗផង។ យ៉ាងណាមិញ អ្នកនាង ឆ័យលី ដាឡែន បានអះអាងថា រូបភាពឱបរឹតនៅក្នុងកម្មវិធីប្រកួតប្រជែងហ្គេមនោះ គឺគ្រាន់តែរូបភាពសិល្បៈ ក្នុងនាមអ្នកនាងជាមេក្រុម ហើយតែឱបរឹតកូនក្រុមទៅវិញទៅមក ក្រោយពេលឈ្នះទឹកប្រាក់ក្នុងមួយវគ្គៗប៉ុណ្ណោះ ដោយមិនមែនក្នុងន័យចម្លែកណាមួយ ឈានទៅដល់ស្វាមីប្រច័ណ្ឌនោះទេ។ អ្នកនាងថា រវាងអ្នកនាង និងស្វាមីត្បិតមិនសូវឃើញបណ្ដើរគ្នាព្រោះរវល់រៀងខ្លួន ហើយនៅក្នុងសិល្បៈ អ្នកនាងក៏ត្រូវសម្ដែង ឬ លេងកម្មវិធី ប៉ះតារាប្រុសក្មេងៗក៏ពិតមែន ប៉ុន្តែស្វាមីអ្នកនាងបែងចែកច្បាស់ណាស់ ថាអ្វីជាសិល្បៈ ដោយមិនល្អក់កករជាមួយអ្នកនាងឡើយ។

ដោយឡែកលោក រុន ណាកូ វិញបានអះអាងថា រូបភាពឱបរឹតទាំងនោះ លោកហ៊ានបង្ហោះ ក៏ដោយសារតែជារូបភាពសប្បាយក្នុងពេលប្រកួតប្រជែង និងជាគ្រាន់តែឱបរឹតក្នុងនាមប្អូនប្រុសរំភើបចិត្ត ហើយស្ទុះឱបបងស្រី ឬ ឱបរៀមច្បង ដែលជាមេក្រុមប៉ុណ្ណោះ គឺមិនមានបំណងផ្សេងនោះទេ។ ម្យ៉ាងបើទោះជាលោក និងអ្នកនាង ឆ័យលី ដាឡែន មិនសូវបានទាក់ទងគ្នា ប៉ុន្តែលោក និងអ្នកនាង ក៏ឧស្សាហ៍ជួបគ្នាក្នុងកម្មវិធីគ្រួសារតារាកម្ពុជាកន្លងមក ដោយលោកក៏មិនដែលរំលងក្នុងការលើកដៃសំពះអ្នកនាង ក្នុងនាមជារៀមច្បងផងដែរ ទើបលោក និងអ្នកនាង ហ៊ានឱបរឹតគ្នា ដូចបងស្រីប្អូនប្រុស លើឆាក មិនគិតរឿងផ្សេង៕

មតិយោបល់