នៅថ្ងៃទី៨ កក្កដា ក្នុងឆ្នាំ២០១៩នេះ មហាព្រឹត្តិការណ៍គ្រងឈុតបុរាណ និងការប្រកួតឈុតបុរាណ ត្រូវបានប្រកាសធ្វើឡើងទៀតហើយ ដោយការរៀបចំនៅក្នុងឆ្នាំនេះ គឺមានការសហការចូលរួមពីស្ថាប័ន៣ គឺក្រុមហ៑ុនហុងដាជួបកៅ នៅទីរួមខេត្តកំពង់ធំ អាជ្ញាធរខេត្តកំពង់ធំ និង គ្រួសារតារាកម្ពុជា។ សិល្បករទាំងចាស់ទាំងថ្មី ប្រមាណជាង៨០រូប នឹងចូលរួមហែរក្បួនឈុតបុរាណវចេញពីខេត្តកំពង់ធំ និងបើកការប្រកួតឈុតបុរាណ នៅបរិវេណប្រាសាទសំបូរព្រៃគុក ដើម្បីអបអរប្រាសាទសំបូរព្រៃគុក ចូលជាបេតិកភ័ណ្ឌពិភពលោក។
លោក ជួប ចាន់តារា ប្រធានសាខាហុងដាជួបកៅ បានថ្លែងបញ្ជាក់ថា ដោយសារតែនៅថ្ងៃទី៨ កក្កដា នេះ គឺជាខួប២ឆ្នាំនៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក និងជាខួបមួយឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ជាបេតិកភ័ណ្ឌពិភពលោក ទើបក្រុមហ៑ុនហុងដាប្រចាំទីរួមខេត្តកំពង់ធំ សម្រេចសហការរៀបចំ ទិវារវប្បធម៍បេតិកភ័ណ្ឌមួយឡើង ដោយបានសហការជាមួយគ្រួសារតារាកម្ពុជា ដើម្បីអោយដឹកនាំសិល្បករសិល្បការិនី អោយគ្រងឈុតបុរាណជាទ្រង់ទ្រាយធំ ក្នុងនាមលើកស្ទួយ ដល់វប្បធម៍ជាតិ។
លោកថាកម្មវិធីឆ្នាំនេះ គឺជាលើកទី១ ដែលក្រុមហ៑ុនរបស់លោកចូលរួមរៀបចំ ហើយក៏ជាកិត្តិយសផងដែរ ដែលកម្មវិធីទាំងមូល មានការសហការចូលរួមពីអាជ្ញាធរខេត្ត ជាពិសេសគឺគ្រួសារតារាកម្ពុជាតែម្ដង។ ក្នុងព្រឹត្តិការណ៍នេះ លោកនឹងរៀបក្បួនដង្ហែរដោយរថយន្ត និងម៉ូតូ ចាកចេញពីទីរួមខេត្តកំពង់ធំ នៅវេលាព្រឹកថ្ងៃទី៨ កក្កដា ហើយពេលទៅដល់ច្រកចូលប្រាសាទសំបូរព្រៃគុក នឹងដង្ហែរក្បួន ដោយរទេះគោ និងដោយថ្មើរជើង រហូតដល់បរិវេណប្រាសាទ ដែលជាកន្លែងរៀបចំពិធី។ ក្រៅពីមានការសម្ដែងល្ខោនខោល ការបង្ហាញឈុតបុរាណពីគ្រួសារតារាកម្ពុជា និងការប្រកួតដណ្ដើមពានគ្រួសារតារាកម្ពុជា សម្រាប់អ្នកគ្រងឈុតស្អាត លោកក៏នឹងប្រកាសមូលនិធិ១០០០រៀល ជួយដល់ល្ខោនខោល នៅក្នុងពិធីនោះផងដែរ។
លោកបញ្ជាក់ពីគោលបំណងថា កម្មវិធីនេះ ដើម្បី អបអរគំរប់ខួប២ឆ្នាំ នៃប្រាសាទសំបូរព្រៃគុកចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ លើកស្ទួយល្ខោនខោលខ្មែរ ដែលបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយនៃមនុស្សជាតិ។ ថែរក្សាសំលៀកបំពាក់បំពាក់ទម្រង់បុរាណខ្មែរ។ បណ្តុះគំនិតឲប្រជាពលរដ្ឋគ្រប់រូប ចូលរួមថែរក្សា និង ចូលរួមលើកស្ទួយ សម្បត្តិវប្បធម៌ ទាំងអស់គ្នា។
លោក ផាត់ តារារដ្ឋ ស្ថាបនិក គ្រួសារតារាកម្ពុជា បានគូសបញ្ជាក់ថា ដោយសារតែការរៀបចំរបស់ទិវារវប្បធម៍បេតិកភ័ណ្ឌជាតិ នៅប្រាសាទសំបូរព្រៃគុកនេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយវប្បធម៍ជាតិ ហើយត្រូវនឹងគោលបំណងលើកស្ទួយ សំលៀកបំពាក់បុរាណ ដែលគ្រួសារតារាកម្ពុជា រមែងធ្វើកន្លងមក ទើបធ្វើលោកសហការដឹកនាំសិល្បករ សិល្បការិនីប្រមាណជាង៨០រូប អោយចូលរួមគ្រងឈុតបុរាណ នៅក្នុងព្រឹត្តិការណ៍នោះ។
លោករំពឹងយ៉ាងខ្លាំងថាការចូលរួមរបស់គ្រួសារតារាកម្ពុជា នឹងជួយផ្សព្វផ្សាយវប្បធម៍បុរាណរបស់ខ្មែរ កាន់តែទូលំទូលាយ ក៏ដូចជាជួយផ្សព្វផ្សាយតំបន់វប្បធម៍ នៃប្រាសាទសំបូរព្រៃគុក អោយពិភពលោក កាន់តែចាប់អារម្មណ៍ជាងមុន៕
មតិយោបល់