ព័ត៌មានជាតិ

ជនបរទេសម្នាក់ ធ្លាក់ពីលើសណ្ឋាគាររ៉ូយ៉ាល់ក្រោន កម្ពស់៥ជាន់

សៀមរាបៈ នៅវេលាម៉ោង ៤ និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ មានករណីជនបរទេសម្នាក់ បានធ្លាក់ពីលើសណ្ឋាគារ រ៉ូយ៉ាល់ក្រោន បណ្ដាលឲ្យរងរបួស ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ច បានឲ្យដឹងថា ជនបរទេសខាងលើ បានធ្លាក់ពីលើសណ្ឋាគារកម្ពស់ ៥ជាន់ចុះមកក្រោម (ធ្លាក់ចូលក្នុងអាងទឹក) បណ្ដាលឲ្យរងរបួសចង្កេះ និងភ្លាត់ដៃខាងស្ដាំ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ អន្តរជាតិរ៉ូយ៉ាល់អង្គរ។

ជនរងគ្រោះឈ្មោះ SHA PENGCHENG ភេទប្រុស កើតថ្ងៃទី២៨-០៥-១៩៩៨៥ ជនជាតិចិន កាន់លខិតឆ្លងដែនលេខ E67347450 ជាភ្ញៀវទេសចរណ៍។ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ស្នាក់នៅបន្ទប់លេខ ៥១៧ សណ្ឋាគារកើតហេតុ។

តាមប្រភពពីមិត្តភក្ដិជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ១៨ និង០០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ខ្លួន និងជនរងគ្រោះ បាននាំគ្នា ទៅផឹកស្រា នៅម្ដុំផាប់ស្ទ្រីត និងបន្តទៅខារ៉ាអូខេ រហូតដល់ម៉ោងប្រហែល០៣ និង០០នាទីក៏ត្រលប់មកវិញ ហើក៏ចូលបន្ទប់គេងរៀងៗខ្លួន។

លុះដល់វេលាកើតហេតុបុគ្គលោកសណ្ឋាគារ ក៏បានមកគោះទ្វារបន្ទប់គេងប្រាប់ថាមិត្តភក្ដិរបស់ខ្លួន បានធ្លាក់ពីជាន់ទី៥នៃសណ្ឋាគារចុះមកក្រោម (ធ្លាក់ចូលអាងទឹក) ឮដូចនេះគាត់បានចុះមកមើល និងបានជួយបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យ។

មូលហេតុ៖ នៅមិនទាន់ដឹងនោះទេ ដោយមន្ត្រីប៉ូលិស កំពុងធ្វើការស្រាវជ្រាវ៕

មតិយោបល់