ការបង្ហាញខ្លួន ក្នុងពិធីប្រកួតឈុតបុរាណទ្រង់ទ្រាយធំ នៅប្រាសាទសំបូរព្រៃគុក អ្នកជំនួញដីធ្លី លោក ស្រេង ឈាងឡេង ដែលត្រូវគេស្គាល់ថា ជាម្ចាស់ហ៑ុនធំមួយ ក្នុងគម្រោងដីឡូតិ៍ក្រុមហ៑ុន សែនណារ៉ាឈាងឡេង តាមបណ្ដោយផ្លូវជាតិលេខម្ដុំផ្សារព្រៃទទឹង បានគ្រងឈុតបុរាណ នៅថ្ងៃនោះដែរ។ យ៉ាងណាមិញ លោក បដិសេធថា មិនមានគម្រោងបោះចោលមុខជំនួញ ហើយស្រវាសិល្បៈនោះឡើយ។
តារាវ័យក្មេង លោក ស្រេង ឈាងឡេង និយាយថា ខ្លួនមិនមានគម្រោងដើរចេញពីមុខជំនួញដីធ្លី ហើយឈោងចាប់សិល្បៈ សូម្បីតែបន្តិច ដោយលោកប្រាប់ថា ខ្លួនគ្រាន់តែចង់ប្រឡូកសិល្បៈ បំពេញតាមក្ដីស្រម៉ៃ នៅពេលគ្រួសារតារាកម្ពុជា ដែលជាអ្នករៀបចំកម្មវិធី បានផ្ដល់ឱកាសអោយប៉ុណ្ណោះ។ លោកថា ការងារសិល្បៈជាអ្វីដែលលោកស្រទ្បាញ់តាំងពីតូច ប៉ុន្តែលោកក៏មិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីទទួលសម្ដែង ឬ ឡើងឆាកទូរទស្សន៍ ក្រៅពីបង្ហាញខ្លួនខ្លះៗ នៅក្នុងសកម្មភាពសប្បុរសធម៌ របស់គ្រួសារតារាកម្ពុជា នោះឡើយ។ លោកសារភាពថា ខ្លួនគ្រោងចេញបទចម្រៀងបង្អួតមហាជន ក្នុងពេលឆាប់ៗ ប៉ុន្តែមិនមែន ដើម្បីចង់ល្បី ហើយចូលប្រឡូកសិល្បៈ អោយស៑ប់ដោយដកខ្លួន ពីជំនួញដីធ្លីនោះឡើយ។ លោកថាសិល្បៈ នឹងបង្ហាញខ្លួនតែពេលទំនេរពីជំនួញប៉ុណ្ណោះ ប៉ុន្តែការងារជំនួញ គឺនឹងកាន់តែចាប់អោយណែន។ ក្រៅពីបើកគម្រោងដីឡូតិ៍ថ្មីៗ បន្តបន្ទាប់ លោកក៏ទើបបោះទុនសាងសង់បុរី នៅម្ដុំដីឡូតិ៍ដែលលោកបើកលក់ និងគ្រោងធ្វើអាជីវកម្មផលិត និងនាំចូលឱសថច្រើនប្រភេទថ្មីមួយទៀត ដោយសារតែលោកគឺជានិស្សិតពេទ្យស្រាប់។
លោក ស្រេង ឈាងឡេង បញ្ជាក់ថា សប្បាយចិត្តយ៉ាងខ្លាំង ដែលបានចូលរួមគ្រងឈុតបុរាណ នៅក្នុងព្រឹត្តិការណ៍ទិវាវប្បធម៌បេតិកភណ្ឌជាតិ នៅបរិវេណប្រាសាទព្រៃគុក និងបានចូលរួមប្រកួតឈុតបុរាណ ក្រោមការរៀបចំរបស់គ្រួសារតារាកម្ពុជា។ បើទោះជាលោក មិនបានទទួលពាន តែលោកប្រាប់ថារំភើបចិត្ត សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍នោះ៕
មតិយោបល់