កាលពីថ្ងៃទី១៤ កក្កដា អ្នកស្រី សរ កេសារ៉ា ដែលត្រូវគេដឹងថា ជាតារាសម្ដែងជើងចាស់ និងជាម្ចាស់ផលិតកម្មកេសារ៉ាភាពយន្ត បានធ្វើខួបកំណើតយ៉ាងសប្បាយរីករាយ។ ខុសពីម្ចាស់ខួបកំណើត ភាគច្រើន ដែលតែងបួងសួងសុំអោយខ្លួនមានសុខភាពល្អ មានសម្រស់ស្រស់ស្អាត និងមានជោគជ័យក្នុងជីវិត អ្នកស្រី បែរជាបួងសួងផ្សងដើម្បីអ្នកដទៃទៅវិញ។
អ្នកស្រី កេសារ៉ា បញ្ជាក់ថា ខួបកំណើតឆ្នាំនេះ អ្នកស្រីមិនសូវផ្ដោតលើការជូនពរខ្លួនឯងនោះទេ ដោយអ្នកស្រីមានបំណងជូនពរអោយភ្ញៀវកិត្តិយស និងអ្នកសិល្បៈមានសុខភាពល្អ និងកាន់តែជោគជ័យ នៅក្នុងសិល្បៈ។ អ្នកស្រីថា អ្នកស្រីចង់ឃើញតារាសិល្បៈទាំងអស់កាន់តែជោគជ័យទ្វេរដង និងកាន់តែមានការរីកចំរើន កុំអោយចាញ់ប្រទេសជិតខាង។
អ្នកស្រីនឹងបន្តដើរតួជាអ្នកចូលរួមលើកស្ទួយសិល្បៈ តាមរយៈការផលិតភាពយន្តថ្មីៗ និងបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយ អោយមានជំនាញសិល្បៈតាមលទ្ធភាព ខណៈដែលអ្នកស្រី ក៏នឹងបង្កើនសមត្ថភាព ក្នុងការទាក់ទងផលិតករ និងអ្នករៀបចំកម្មវិធីនៅក្រៅប្រទេស ដើម្បីផ្ដល់ឱកាសអោយតារាខ្មែរ បានកាន់តែច្រើនផងដែរ ខណៈដែលអ្នកស្រី ធ្លាប់បានស្វះស្វែងអោយផលិតករខ្មែរ និងតារាខ្មែរ បានចូលរួមក្នុងមហោស្រពអន្តរជាតិនានា និងបានសម្ដែង ជាមួយផលិតករបរទេសជាហូរហែរមកហើយ។ យ៉ាងណាមិញ អ្នកស្រីក៏សម្ដែងអារម្មណ៍ខកចិត្ត ចំពោះស្នាដៃផលិតកុនកន្លងមក ដែលទទួលបានការគាំទ្រតិចតួច។
អ្នកស្រី សរ កេសារ៉ា បន្តថា អ្នកស្រីធ្វើខួបកំណើតរាល់ឆ្នាំ គ្រាន់តែចង់ជួបជុំមិត្តភ័ក្ត្រ និងផលិតករតែប៉ុណ្ណោះ។ នៅក្នុងពិធីនោះ អ្នកស្រីដែលត្រូវគេស្គាល់ថា ជាតារាសម្ដែងជើងចាស់មួយរូប បានតែងឈុតជានារីខ្មែរ ដោយលម្អ ជាមួយនឹងផ្កាភ្ញីលើសក់ផង។ អ្នកស្រីថា ពិធីខួបកំណើតឆ្នាំនេះ អ្នកស្រីសប្បាយចិត្តបំផុត គឺបានជូនពរបងប្អូនអ្នកសិល្បៈគ្រប់រូប ដោយអ្នកស្រីបញ្ជាក់ថា សារជូនពររបស់អ្នកស្រី មិនមែនសម្រាប់តែតារាសិល្បៈ និងផលិតករដែលចូលរួមប៉ុណ្ណោះទេ តែក៏ជូនពរចំពោះតារាសិល្បៈទាំងអស់ តាមរយៈបណ្ដាញសារព័ត៍មានផងដែរ៕
មតិយោបល់