ភ្នំពេញៈ ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលពិធីការិនីស្រស់សោភា និងជាតារាសម្ដែងល្បីឈ្មោះ វីជេអាណូ ដែលកាលប៉ុន្មានឆ្នាំមុនបានផ្ទុះរឿងគេចាប់ឆូតឡាម និងកោរត្រងោល រហូតសម្រេចចិត្តដើរចេញពីការងារសិល្បៈ ដោយគ្មានអាល័យនោះ បានប្រកាសត្រឡប់មកកាន់វិថីនេះវិញ។ អ្នកនាង ត្រូវបានគេអះអាងថា មិនទាន់មានស្វាមី និងមិនទាន់មានកូនប្រុសម្នាក់ ដូចអ្វីដែលខាងបណ្ដាញព័ត៌មានធ្លាប់បានសរសេរនោះឡើយ។
លោក អែនឌី តារាសិល្បៈតែមួយដែលមានសំណាងបានកៀកកិតជាមួយតារាស្រីរូបនេះជាថ្មី កាលពីថ្ងៃទី១៤ ខែកក្កដាថ្មីៗនេះ បានអះអាងថា វីជេអាណូ សម្រេចចិត្តវិលចូលសិល្បៈវិញហើយ ដោយនាងនឹងគ្រោងបង្ហាញខ្លួនទាំងការសម្ដែង និងការងារជាពិធីការិនីក្នុងពេលឆាប់ៗទន្ទឹមគ្នា។ លោកថា អ្នកនាងបានចេញទៅរស់នៅអាមេរិក មួយរយៈ រួចក៏ឡើងចុះប្រទេសថៃ ទៅទិញទំនិញដើម្បីជំនួញ ទើបបានជួបលោកដោយចៃដន្យ។ លោក និងនាង បានដឹកដៃគ្នាមកថតរូបនៅក្នុងស្ទីឌីយោមួយ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ដោយវីដេអូខ្លីនោះ ត្រូវបានបង្ហោះមួយថ្ងៃ ក្រោយពីបានបញ្ចប់ការថត ហើយធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញហ្វេសប៊ុក។ លោកថា អ្វីដែលគេភ្ញាក់ផ្អើលនោះ គឺនាងនៅតែស្រស់ស្អាត រហូតធ្វើឲ្យគេស្មានថា នោះជាវីដេអូ ដែលលោក អែនឌី បានថតជាមួយនាងតាំងពីមុនពេលនាងបាត់មុខ។
លោក អែនឌី បានអះអាងថា វីដេអូដែលខ្លួន និង វីជេអាណូ បានថតរួមគ្នា ហើយបានបង្ហោះនៅលើហ្វេសប៊ុកនោះ គឺចង់ប្រកាសប្រាប់ថា វីជេអាណូ សម្រេចត្រឡប់មកកាន់សិល្បៈដូចមុន បន្ទាប់នាងបានជជែកជាមួយលោក ហើយលោកក៏ពន្យល់ឲ្យនាងត្រឡប់មកកាន់ការងារសិល្បៈម្ដងទៀត។ លោកបានថ្លែងប្រាប់ Post News ថា «ខ្ញុំបានជួបគាត់នៅថៃ ហើយគាត់សួរខ្ញុំ ថាបើគាត់ចង់ចូលសិល្បៈវិញ តើហួសពេលអត់ ទើបខ្ញុំប្រាប់ ថាអត់ហួសពេលទេ ហើយពួកយើងក៏ណាត់គ្នាមកថតរូបបង្ហោះ ដើម្បីបញ្ជាក់ថា នាងត្រឡប់មកវិញចឹងទៅ!»។
លោកបន្តថា ក្នុងពេលសំណេះសំណាលគ្នា លោកបានជជីកសួរ វីជេអាណូ ពាក់ព័ន្ធនឹងរឿងរ៉ាវឯកជនដែលមានការចុះផ្សាយជាបន្តបន្ទាប់ ប៉ុន្តែត្រូវនាងប្រាប់ថា អត់មានកូនចៅដូចអ្វីដែលបានលេចឮទេ ហើយក្នុងពេលនោះដែរ នាងក៏បានប្រាប់លោកថា ខ្លួនមិនទាន់មានស្វាមីផងដែរ។ លោកនិយាយថា «ខ្ញុំបានសួរគាត់ តែគាត់ប្រាប់ចឹង គឺអត់មានប្ដី មានកូនអីទេ ហើយហេតុផលដែលគាត់បាត់មុខច្រើនឆ្នាំនឹង គឺគាត់អាល័យតែទៅរស់នៅក្រៅស្រុកមួយរយៈ និងថា ជាប់រវល់រឿងមុខជំនួញតែប៉ុណ្ណោះ!»។ លោកថា វីជេអាណូ ប្រកាសបង្ហាញខ្លួនក្នុងការសម្ដែង និងការងារទូរទស្សន៍ជាថ្មីឲ្យតែមានការទំនាក់ទំនងណាមួយមកនាងក្រោយពីការបង្ហាញខ្លួននេះ។
ការបញ្ជាក់របស់លោក អែនឌី បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ វីជេអាណូ ត្រូវបានគេដឹងយូរមកហើយថា បានបាត់មុខ ព្រោះតែមានរឿងភ័យខ្លាចពីសុវត្ថិភាព ក្រោយពីមានព័ត៌មានថាត្រូវគេចាប់វះមុខនឹងឡាមច្រើនឆ្នូត និងចាប់កោរសក់នៅកណ្ដាលភ្នំពេញ។ ក្នុងពេលផ្ទុះរឿងកក្រើកពិភពសិល្បៈ តារាស្រីរូបនេះគ៏បាត់ដំណឹងសូន្យឈឹងតែម្ដង រហូតដល់ច្រើនសប្ដាហ៍ក្រោយមក ក៏បានចេញមុខថាគ្មានរឿងគេចាប់ឆូតមុខទេ ខណៈដែលការចេញបំភ្លឺកាលនោះ គឺត្រូវបានគេសង្ស័យថានាងសម្ងំព្យាបាលមុខនៅក្រៅប្រទេស។ បន្ទាប់ពីការបង្ហាញខ្លួននោះ ក៏បាត់មុខឈឹងតែម្ដង ដោយសូម្បីតែលេខទូរស័ព្ទធ្លាប់ប្រើក៏ទាក់ទងមិនបាន។ នាងត្រូវបានគេលើកឡើងថា រងការបំភិតបំភ័យទើបនាំឲ្យបោះបង់ចោលការងារសិល្បៈនៅក្នុងពេលនោះ។
យ៉ាងណាក៏ដោយ ក្រោយប្រកាសត្រឡប់មកវិញ តាមរយៈលោក អែនឌី នៅពេលនេះ គឺវាំងននខ្មៅពាក់ព័ន្ធនឹងជីវិតឯកជនរបស់ វីជេអាណូ ទំនងជាត្រូវលាតត្រដាងបានខ្លះ៕
https://youtu.be/mdR2mNazzzQ
មតិយោបល់