កាលពីយប់ថ្ងៃទី ១៨ កក្កដា ឆ្នាំ២០១៩ នៅក្នុងវីដេអូ Live ពីមន្ទីរពេទ្យថៃ កន្លែងដែលតារាចម្រៀង លោក សម្រាកវះកាត់ជំងឺដុះសាច់បំពង់ក ម្ដាយរបស់តារាចម្រៀងរូបនេះ បានប្រកាសសុំទោស ឩកញ៉ា ដួង ឆាយ និង លោកជំទាវ ជាសាធារណៈ បន្ទាប់ពីលោកឩកញ៉ា ដួង ឆាយ ប្រតិកម្មនៅលើហ្វេសប៑ុក បន្ទាប់ពីលោក បញ្ញា សិទ្ធិ ឡើងសម្ភាសន៍លើប៉ុស្តិ៍ទូរទស្សន៍មួយ ហើយត្រូវបានភាគី លោក ឩកញ៉ា ដួង ឆាយ យល់ថា លោកបកស្រាយរឿងបំណុល ធ្វើអោយប៉ះពាល់។ ម្ដាយរបស់លោក បានទទួលសុំទោស និងថាការបកស្រាយ របស់លោក បញ្ញា សិទ្ធិ ក្នុងកិច្ចសម្ភាសន៍កម្មវិធី “អាថ៍កំបាំងក្រៅឆាកតារា” បាននិយាយប៉ះពាល់ មុខមាត់របស់លោកឩកញ៉ា ដួង ឆាយ ទើបអ្នកស្រីសុំទោសជាសាធារណៈ និងស្នើអោយលោកឩកញ៉ា លើកលែងទោសដល់កូនប្រុស។
ម្ដាយលោក បញ្ញា សិទ្ធិ បន្តថាអ្នកស្រី មានការសោកស្ដាយយ៉ាងខ្លាំង ដែលកូនប្រុសរបស់ខ្លួន ផ្ដល់បទសម្ភាសន៍បកស្រាយពីករណីបំណុល ដែលពិធីករកម្មវិធីចោទសួរ ហើយមានចម្លើយខ្លះ បានឆ្លើយមិនសមរម្យ ទើបបង្កអោយលោកឩកញ៉ា ដួង ឆាយ និង ភរិយា មិនសប្បាយចិត្ត ហើយឈានដល់ការបង្ហោះជាថ្មី មកលើកូនប្រុសរបស់អ្នកស្រី។ អ្នកស្រីថា បំណុលបានសងចប់យូរហើយ ប៉ុន្តែបណ្ដាលមកពីការបកស្រាយរបស់កូនប្រុស មានចំណុចលើសលស់ ទើបបង្កអោយមានរឿងជាថ្មី។ ជាមួយនឹងការប្រកាសសុំទោស អ្នកស្រីជំនួសមុខអោយកូនប្រុស ដែលទើបវះហើយនិយាយមិនកើត បានអះអាងថា នឹងមិនអោយកូនប្រុសបកស្រាយ ប៉ះពាល់ជុំវិញបំណុល ដែលចប់សព្វគ្រប់នោះទៀតទេ ដើម្បីកុំអោយមានរឿងប៉ះពាល់គ្នាទៅវិញទៅមក។
ជាមួយនឹងការប្រកាសសុំទោស លោកបញ្ញា សិទ្ធិ ក៏បានបង្ហោះសំណេរផ្ញើជូនដល់លោកឩកញ៉ា ដួង ឆាយ និងភរិយា ផងដែរ ដើម្បីអោយដឹងដល់ម្ចាស់ខ្លួន អោយលោកឩកញ៉ា ដួង ឆាយ បញ្ចប់ការខឹងសម្បារ។
លោក បញ្ញា សិទ្ធិ បានសរសេរតបតាមឆាតពីប្រទេសថៃមកថា លោកបានសងបំណុលលោកឩកញ៉ា ដួង ឆាយ តាំងពីត្រលប់មកពីប្រទេសអូស្រ្តាលីមកម្លេះ ប៉ុន្តែករណីដែលបានផ្ទុះឡើងជាថ្មី គឺដោយសារតែលោក បានផ្ដល់សម្ភាសន៍អោយកម្មវិធីមួយ ហើយត្រូវបានលោកឩកញ៉ា ដួង ឆាយ ប្រតិកម្មថា និយាយយកល្អតែខ្លួនឯង ទើបបណ្ដាលអោយលោកឩកញ៉ា ដួង ឆាយ បង្ហោះហែកហួរ ពីករណីបំណុល ដែលចប់អស់យូរហើយនោះជាថ្មី៕
មតិយោបល់