ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនល្បីទេ តែតារា៦រូប ទទួលបានកិត្តិយស លើកម្រាលព្រំ

ក្នុងពិធីសម្ពោធសាលាអង់គ្លេសសហគមន៍ធីសេវើ នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី២០ កក្កដា គេកត់សម្គាល់ថា មានការចូលរួមពីតារាសិល្បៈចាស់ថ្មី និងអ្នកល្បីឈ្មោះច្រើនគួរសម ប៉ុន្តែមានតារាតែប៉ុន្មានរូបប៉ុណ្ណោះ ដែលបានបង្ហាញខ្លួន ក្នុងម៉ោងគណអធិបតី នៅលើកម្រាលព្រំ ដែលមាន ឯកឩត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ជាគណអធិបតី។ ក្នុងនោះគេកត់សម្គាល់ថា តារា៦រូបរបស់គ្រួសារតារាកម្ពុជា ក៏ទទួលបានភាពលេចធ្លោផងដែរ តាមរយៈសកម្មភាពដើរម៉ូដ ជួយអោយពិធី កាន់តែមានការចាប់អារម្មណ៍នោះ។

តារាទាំង៦រូបនោះរួមមាន លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណ ត្រូវទម្រង់ប្រចាំឆ្នាំ២០១៨ និងជាម្ចាស់ពានប្រជាប្រិយភាព ផ្នែកឈុតបុរាណឆ្នាំ២០១៩ ដែលទូតសុឆន្ទៈប្រចាំក្រុម, លោក សុិន សុធារិទ្ធ ម្ចាស់ពានគ្រងឈុតបុរាណកម្រប្រចាំឆ្នាំ២០១៨ ដែលជាទូតសុឆន្ទៈប្រចាំក្រុមដូចគ្នា និងជាតារាសម្ដែងមួយរូប។ កញ្ញា លី ណៃហ៑ាង តារាម៉ូដែលក្រុម BN, លោក ឯក រ៉ាវ័ន្ត តារាសម្ដែង និងជាតារាម៉ូដែល, កញ្ញា សិទ្ធិ សូរ្យលីនណែត តារាម៉ូដែលBN, និង កញ្ញា អៃ សុគន្ធពិដោរ តារាម៉ូដែលBN។

តារាទាំង៦ ត្រូវបានអ្នករៀបចំកម្មវិធី តម្រូវអោយដើរបង្ហាញម៉ូដសំលៀកបំពាក់បែបខ្មែរ នៅចំពោះគណអធិបតីលើកម្រាលព្រំ ដោយមានការឩបត្ថម្ភសំលៀកបំពាក់ពីហាងកាត់ដេរ BN ។ ម្នាក់ៗនៅក្នុងថ្ងៃនោះ ត្រូវបានគេកត់សម្គាល់ថា ទទួលបានកិត្តិយសគួរអោយសរសើរ ដោយអាចនិយាយបានថា គឺជាសកម្មភាពដើរម៉ូដបង្ហាញខ្លួន នៅកណ្ដាលពិធី ដែលមានសំលេងទះដៃយ៉ាងកងរំពង នៅពេលមានការបង្ហាញខ្លួនលើកម្រាលព្រំម្នាក់ៗ ខណៈដែលពិធីករលោក សន សុវណ្ណារ៉ា និង កញ្ញា ព្រះអាទិត្យតូច ក៏បានឩទ្ទេសនាម តារាមួយរូបៗ ធ្វើអោយតារាម៉ូដែលទាំង៦ រឹតតែទទួលបាននូវកិត្តិយស និងការចាប់អារម្មណ៍។

ឯកឩត្តម ខៀវ កាញារីទ្ធ បានទាំងឩបត្ថម្ភតារាម៉ូដែលទាំង៦រូប ១លានរៀល ជាថ្ងូរដែលពួកគេបានស្ម័គ្រចិត្តចូលរួម ដើរម៉ូដក្នុងសកម្មភាពជួយដល់សង្គមនាពេលនោះផង៕

មតិយោបល់