Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត លើកទី១ រៀមច័ន...

លើកទី១ រៀមច័ន្ទ បរមី បកស្រាយចម្រៀង ទល់មុខរដ្ឋមន្ត្រី

ក្នុងពិធីបើកសម្ពោធសាលាអង់គ្លេសសហគមន៍ធីសេវើ ស្ថិតនៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី២០ កក្កដា តារាសម្ដែង និងជាពិធីការិនី កញ្ញា រៀមច័ន្ទ បរមីត្រូវបានគ្រួសារតារាកម្ពុជា ដែលជាអ្នករៀបចំពិធីការជ្រើសជាតារាកិត្តិយស ដើម្បីឲ្យប្រឡងបកស្រាយបទចម្រៀងមួយបទ នៅចំពោះមុខគណអធិបតីតែម្ដង ដោយកញ្ញាប្រាប់ថា រំភើបណាស់ ដែលមានកិត្តិយសបកស្រាយចម្រៀងនៅក្នុងកម្មវិធីនោះ។ នាងក៏ជាតារាមួយរូបក្នុងចំណោមតែប៉ុន្មានរូបដែលទទួលបានឱកាសបកស្រាយចម្រៀង និងបង្ហាញសម្ត្ថភាពសិល្ប: នៅចំពោះមុខគណធិបតី គឺឯកឩត្តមបណ្ឌិត្យ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន។

កញ្ញា រៀមច័ន្ទ បរមី បានគ្រងឈុតប្រពៃណីពណ៍ខៀវរំលេចសម្រស់គួរឲ្យទាក់ទាញ នៅក្នុងពិធីនោះ ដោយនាងបានបកស្រាយចម្រៀងមួយបទ ក្រោមចំណងជើងថា ស្គាល់រសជាតិស្នេហ៍។ ដ្បិតថាមិនមែនជាតារាចម្រៀងអាជីព ប៉ុន្តែទឹកដមសំនៀងរបស់នាងត្រូវបានអ្នកចូលរួមក្នុងពិធីសរសើរមិនដាច់ពីមាត់ផងដែរ ជាពិសេសគឺរូបសម្រស់ ដែលមើលទៅស្រគត់ស្រគំសមនឹងឈុតបែបខ្មែរនាថ្ងៃនោះ។ រៀមច័ន្ទ បរមី បញ្ជាក់ថា អារម្មណ៍ក្ដុកក្ដួល ដែលទទួលបានមហាកិត្តិយស នៅក្នុងពិធីនោះ ហើយនាងក៏ភ័យអរៗមិនតិចដែរ ដែលមានឱកាសបានច្រៀងនៅចំពោះមុខគណអធិបតី ដែលតួនាទីនេះ គឺសមតែតារាចម្រៀងអាជីពកម្រិតជាតិនោះ។ យ៉ាងណាមិញ នាងសប្បាយចិត្តដែលខ្លួន បញ្ចប់ការងារបានល្អ និងកាន់តែមានកម្លាំងចិត្តនៅពេលទទួលសំទ្បេងទះដៃ និង ការសរសើរពីសំណាក់ពិធីករលោក សន សុវណ្ណារ៉ា និង កញ្ញា ព្រះអាទិត្យតូច។

គួរបញ្ជាក់ថា ក្រៅជាគណអធិបតី ឯកឩត្តម ខៀវ កាញារីទ្ធ បានផ្ដល់ថវិកាចូលរួមនៅក្នុងកម្មវិធីជាច្រើនផ្នែក ដោយរួមមានថវិកាទ្រទ្រង់សាលា ថវិកាជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រុមសន្និសុខ និងក្រុមអ្នកសិល្ប: ដោយឯកឩត្តមក៏ផ្ដល់កិច្ចសំណេះសំណាលជាមួយពលរដ្ឋ និងប្រគល់អំណោយដោយផ្ទាល់ដៃជូនដល់អ្នកចូលរួមផងដែរ។ ក្រៅពីប្រជាពលរដ្ឋ និងគណប្រតិភូយ៉ាងច្រើនកុះករ ពិធីនោះក៏មានតារាសិល្ប:ចូលរួមច្រើនដែរ ដូចជា អ្នកស្រី ឌី សាវ៉េត អ្នកស្រី សរ កេសរ៉ា លោក អឿន រតន: ប្រធានសមាគមសិល្បករខ្មែរ ប្រចាំសហរដ្ឋអាមេរិក លោក សុឹម សុរ៉ាមភូមិ ក្រុមតារាចម្រៀង The Voice Kid និងវត្តមានតារាៗជាច្រើនរូបរបស់គ្រួសារតារាកម្ពុជា។ ក្រៅពី រៀម ច័ន្ទបរមី សមាសភាពពីគ្រួសារតារាកម្ពុជា នៅក្នុងថ្ងៃនោះរួមមាន លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ប្រចាំឆ្នាំ២០១៨ និងជាម្ចាស់ពានប្រជាប្រិយភាពផ្នែកឈុតបុរាណឆ្នាំ២០១៩ ដែលទូតសុឆន្ទ:ប្រចាំក្រុម, និង លោក សុិន សុធារិទ្ធ ម្ចាស់ពានគ្រងឈុតបុរាណកម្រប្រចាំឆ្នាំ២០១៨ ដែលជាទូតសុឆន្ទ:ប្រចាំក្រុមដូចគ្នា។ លោក សន សុវណ្ណារ៉ា ពិធីករ, កញ្ញា ព្រះអាទិត្យតូច ពិធីការិនី, អ្នកនាង យីវ ម៉ូនីកា តារាសម្ដែង, លោក សឹម សុវណ្ណដូឡា តារាចម្រៀង, លោក កញ្ញា លី ណៃហ៑ាង តារាម៉ូដែលក្រុម BN, លោក ឯក រ៉ាវ័ន្ត តារាសម្ដែង និងជាតារាម៉ូដែល, លោក វង សច្ច:វិជ្ជា តារាសម្ដែង និងជាពិធីករ, កញ្ញា សិទ្ធិ សូរ្យលីនណែត តារាម៉ូដែលBN, និង កញ្ញា អៃ សុគន្ធពិដោរ តារាម៉ូដែលBN។

តារាទាំងនេះ បានសហការគ្នាយ៉ាងល្អ ក្នុងតួនាទីជាពិធីករ ពិធីការិនី ដើរបង្ហាញម៉ូត និងច្រៀងជូនគណអធិបតី។ ក្នុងពិធីនោះ ឯកឩត្តម ខៀវ កាញារីទ្ធ ក៏ឡើងរាំកម្សាន្តទុកជាអនុស្សាវរីយ៍ ធ្វើឲ្យកម្មវិធីកាន់តែអធឹកអធមផងដែរ៕