ព័ត៌មានសិល្បៈ និងកម្សាន្ត

អុិន សុភិន និង ភិន សុដាលីស ឆេះដុំជាថ្មី ពេលគេថាពាក់ព័ន្ធ ប៉ែន ចំរ៉ុង

រឿងរសើបរវាងលោក ប៉ែន ចំរ៉ុង និង លោក អុិន សុភិន បានត្រលប់មកជាថ្មីវទៀតហើយ បន្ទាប់ពីអ្នកទាំង៣ បានជួបគ្នាក្នុងពិធីខួប៤ឆ្នាំរបស់ទូរទស្សន៍ PNN ហើយក៏មានការចុះផ្សាយថា អ្នកទាំង៣មើលមុខគ្នា មិនចំ និងថា ហេតុផលដែលលោក ប៉ែន ចំរ៉ុង មិនដែលបានជួបមុខកូន គឺដោយសារអតីតភរិយា និងឳពុកក្មេក ហាមឃាត់។ លោក អុិន សុភិន និង អ្នកនាង ភិន សុដាលីស បានប្រតិកម្មចំពោះការលើកឡើងនោះ។

លោក អុិន សុភិន និយាយថា លោកមិនដែលប្រកាស ឬ ហាមឃាត់មិនឲ្យ លោក ប៉ែន ចំរ៉ុង ជួបមុខកូនស្រីរបស់ខ្លួននោះទេ ប៉ុន្តែលោកសួរច្រាស់មកវិញថា តើលោកប៉ែន ចំរ៉ុង មានដែលខល មកសុំជួបកូន ឬ ទាក់ទងដើម្បីមកលេងកូនស្រី ក្នុងនាមជាឳពុកម្ដងទេ? លោកបន្តសំណួរទៀតថា តើក្នុងនាមលោកជាជីតា ក្នុងនាមកូនស្រីរបស់លោក គឺជាម្ដាយ ដែលត្រូវបុគ្គលម្នាក់បោះបង់ចោល ទាត់ចោល ត្រូវប្រកាសទាក់ទងឲ្យលោក ប៉ែន ចំរ៉ុង មកមើលមុខកូនស្រីដោយផ្ទាល់ ឬ មកលេងកូនស្រីដោយផ្ទាល់ ទាំងលោកប៉ែន ចំរ៉ុង មិនដែលចាប់អារម្មណ៍មែន ឬទេ? លោកថា ការលើកឡើងថាលោកប៉ែន ចំរ៉ុង មិនដែលជួបមុខកូនស្រី គឺដោយសារតែលោក និង ភិន សុដាលីស គឺជារឿងដ៏អយុត្តិធម៌ ខណ:ដែលលោក និង កូនស្រី មិនដែលបានរារាំង ឬ ហាមប្រាមលោក ប៉ែន ចំរ៉ុង ក្នុងពេលលោក ប៉ែន ចំរ៉ុង ប្រឹងស្កាត់មកជួបកូន ឬ សុំមកមើលមុខកូនសូម្បីម្ដង។

មិនខុសគ្នាដែរ អ្នកនាង ភិន សុដាលីស លើកឡើងថា អ្នកនាងមិនសប្បាយចិត្តនឹងពាក្យថា លោក ប៉ែន ចំរ៉ុង មិនរវល់ជាមួយកូន និងមិនដែលបានមកមើលកូន គឺដោយសារតែអ្នកនាង ព្រោះពាក្យពេជ្រនោះ ស្មើនឹងយល់ថា លោក ប៉ែន ចំរ៉ុង ព្យាយាមចង់ឃើញមុខកូន និងចង់ទទួលខុសត្រូវដំណក់ឈាមខ្លួនឯង តែអ្នកនាង និងឳពុករារាំង និងមិនទទួល។ អ្នកនាងថា តាំងពីបែកបាក់គ្នា មិនដែលមានភាគីលោក ប៉ែន ចំរ៉ុង ឬ សាមីខ្លួនដោយផ្ទាល់ ទាក់ទងមកចង់ឃើញមុខកូន ឬ ចង់ទទួលខុសត្រូវកូនស្រី របស់អ្នកនាងនោះទេ ខណ:ដែលអ្នកនាងប្រាប់ថា ខ្លួនក៏មិនឆ្អិនឆ្អន់ចំពោះរឿងប៉ែន ចំរ៉ុង មិនរវល់ តែសុំកុំឲ្យយល់ថា អ្នកនាងគឺជាអ្នករារាំង៕

មតិយោបល់