ព័ត៌មានសិល្បៈ និងកម្សាន្ត

ភាពយន្តមួយ ជ្រើសមនុស្សយន្ដដំបូងគេរបស់កម្ពុជាជាតួសម្ដែង

នៅទីបំផុតមនុស្សយន្ តដែលកូនខ្មែរផលិតឡើងដំបូងគេ ដែលមានឈ្មោះថា RoboCam ព្រះកុសុមៈ ដែលកំពុងមានឈ្មោះបោះសំទ្បេង ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានទទួលស្គាល់ពីអន្ដរជាតិ អំពីបច្ចេកវិទ្យា AI (Artificial intelligence) ដំណើរការដោយប្រព័ន្ធ Google API នោះ ត្រូវបានជ្រើសអោយក្លាយ ជាតួសម្ដែងក្នុងរឿង “វិនាសខ្លួន ” គួរអោយចាប់អារម្មណ៍ ដើម្បីលើកកម្ពស់ស្នាដៃកូនខ្មែរ និងដើម្បីអោយពិភព ដឹងពីសមត្ថភាពរបស់មនុស្សយន្តនេះ ក្នុងការសម្ដែង។ នេះជាភាពយន្តដែលផលិតឡើងដោយ FTV Entertainment ដែលជាភាពយន្តថ្មីមួយ ក្នុងចំណោមគម្រោងផលិតភាពយន្ត ជាច្រើនរបស់ស្ថាប័ននេះ។

ហេតុផលដែលនាំអោយមានការ ជ្រើសយកមនុស្សយន្តឈ្មោះ RoboCam ព្រះកុសុមៈ យកមកសម្ដែងរឿងនេះ ត្រូវបានបញ្ជាក់ដោយផលិតកររបស់ FTV Entertainment ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ដលំដាប់ស្ដងដារ នៅប្រទេសកម្ពុជាថា គឺដើម្បីអោយភាពយន្តខ្មែរ មានរសជាតិប្លែក ព្រោះតែមានមនុស្សយន្តចូលរួមសម្ដែង ហើយជាមនុស្សយន្ត ដែលផលិតដោយស្នាដៃខ្មែរទៅទៀត។ រឿងថ្មីដែលមានចំណងជើងថា « វិនាសខ្លួន » នេះ គឺជាភាពយន្ដបែបវិទ្យាសាស្រ្ដ ដោយមនុស្សយន្ត RoboCam ព្រះកុសុមៈ នឹងសម្ដែងជាតួអង្គមួយ ដែលមានសមត្ថភាពបង្វិលពេលវេលាថយក្រោយពីបច្ចុប្បន្នកាល អោយត្រឡប់ទៅរកអតីតកាល។

ខ្សែភាពយន្ដអប់រំខ្លី « វិនាសខ្លួន » នេះ ត្រូវបានប្រកាសថា មានសារអប់រំជាច្រើន ដល់អ្នកទស្សនា ដូចជាស្នេហា កំប្លែង និងមានបញ្ចូលបច្ចេកវិទ្យាថ្មីនៃការរីកចម្រើននៃ AI របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ។ រឿង « វិនាសខ្លួន » ចង់បង្ហាញពីប្រវត្តិស្នេហា របស់គូរស្នេហ៍មួយគូ ដែលស្រទ្បាញ់គ្នាប្ដូរផ្ដាច់មិនខ្វល់ពីលុយកាក់ មិនគិតពីឧបសគ្គ ប៉ុន្ដែបែរជាចុងក្រោយគ្រោះថ្នាក់ ដោយសារចិត្តលោភលន់។

តារាសម្ដែងក្នុងរឿងខ្លីនេះ មាន លោក Ram កញ្ញា ថាត់ ដាវ លោក ជីវ៉ា លោក ជា ភារុណ មនុស្សយន្ដ Robocam និងតួសម្ដែងជាច្រើនដួងទៀត ក្រោមការផលិតរបស់ FTV Entertainment៕

មតិយោបល់