ព័ត៌មានសិល្បៈ និងកម្សាន្ត

ជោគជ័យណាស់ ក្រុមតារាខ្មែរ បំបាក់ក្រុមថៃ កណ្ដាលភ្លៀងនៅស្ដាតអូឡាំពិក

បើទោះជាភ្លៀងរំខានតាំងពីដើមដល់ចប់ ក៏ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ដែលផ្តួចផ្តើមឡើងដោយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិតិ្តឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រ កម្ពុជា គណៈមហានិកាយ ក្រោមការសហការរៀបចំដោយក្រុមហ៊ុនចំនួន៣ គឺ ក្រុមហ៊ុន អអេហ្វ៣ វើលដ៏ កម្ពុជា (RF3 World Cambodia Co.,Ltd) ក្រុមហ៊ុន មហាហង្ស (Phalitakam Mohahang Co.,Ltd and Mohahang Production) និងក្រុមហ៊ុនអលដេតវ័ន ខូអិលធីឌី (All That Once Co.Ltd) កាលពីថ្ងៃទី២៩ សីហា ឆ្នាំ២០១៩ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្នុងលទ្ធផលកម្ពុជាឈ្នះថៃ៥ទល់នឹង៤។ ជាមួយគ្នានោះ ថវិកាសម្រាប់ប្រគល់ជូនគន្ធបុប្ផា ដែលបានពីការបរិច្ចាគ និងលក់សំបុត្រ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។

លោក អុិន សុភិន ប្រធានក្រុមបាល់ទាត់មហាហង្ស និងជាអ្នករៀបចំព្រឹត្តិការណ៍ មួយរួប បានអះអាងថាថា ក្នុងចំណោមអ្នកចូលប្រកួតក្នុងក្រុម Cambodia Super Stars ជាមួយក្រុមថៃកាលពីយប់ថ្ងៃទី២៩ សីហា មិនមានសមាសភាពណា ក្រៅពីតារាសិល្បៈ និង បុគ្គលិកពេញសិទ្ធិរបស់មហាហង្សនោះទេ។ លោកបន្តថា ក្រុមតារាកម្ពុជា ពិតជាសម្រេចបានជោគជ័យយ៉ាងខ្លាំង ដែលអាចសង្គ្រប់លើក្រុមថៃ តាំងពីនាទីទី១០ ហើយបញ្ចប់លទ្ធផលក្នុងចំនួនគ្រាប់ 5-4 ដែលមុនប្រកួតមិននឹកស្មាន។ លោកក៍បង្ហាញឲ្យឃើញពីមោទនភាពផងដែរ ដែលក្រុមមហាហង្ស អាចទប់ជាមួយក្រុមអាជីពបឹងកេត ក្នុងលទ្ធផល៣ទល់នឹង២បាន នៅក្នុងថ្ងៃនោះដូចគ្នា។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាព រវាងតារាខ្មែរនិងតារាថៃនេះ គឺដើម្បីប្រមូលថវិកាមូលនិធិ ដែលរកបានពីការលក់សំបុត្រ និង ការឧបត្ថម្ភ បន្ទាប់ពីកាត់ចំណាយកម្មវិធីរួច ប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា។ កម្មវិធីនេះ បើទោះជារំខាន ដោយភ្លៀង ប៉ុន្តែនៅយប់បន្តិចនៅតែមានមនុស្សទស្សនាកកកុញ ខណៈតារាសិល្បៈ ក៏បង្ហាញខ្លួនយ៉ាងកុះករដល់ចប់ ជាពិសេសសិល្បករសិល្បការិនី របស់គ្រួសារតារាកម្ពុជា ដែលត្រូវបានជ្រើសជាអ្នកនាំមុខក្បួនដង្ហែរកីឡាករ និង ជួយទទួលភ្ញៀវនោះ។

មតិយោបល់