ព័ត៌មានសិល្បៈ និងកម្សាន្ត

រកឃើញចម្រៀង៥បទ ផ្ទុះខ្លាំង ក្នុងពេលចូលឆ្នាំ!

បើទោះជាគ្មានការកំណត់ផ្លូវការយ៉ាងណាក៏ដោយ ក៏នៅតែអាចកំណត់ថាបទចម្រៀងណាខ្លះពេញនិយមបំផុត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ បន្ទាប់ពីព្រឹត្តិការណ៍សង្ក្រានធំៗ ជាពិសេសតាមស្រុកតាមភូមិ ដែលមានកម្មវិធីរាំរែក និង ចាក់បន្លឺដោយបទចម្រៀង បន្ទរតែបទទាំងនោះ ក្នុងសន្ទស្សន៍ច្រើនជាងគេ។ សូម្បីតែកូនក្មេងតូចៗ ក៍ស្គាល់បទចម្រៀងទាំងនោះស្ទាត់មាត់ផងដែរ ដោយសារតែការចាក់បន្លឺគ្រប់ច្រកល្ហក។

ប៉ុន្តែបទចម្រៀងពេញនិយមទាំង៥ បើធៀបនឹងកម្លាំងពេញនិយមលើបទជាចង្វាក់ប្រពៃណី នៅចាញ់ឆ្ងាយណាស់ ជាពិសេសបទចម្រៀងដែលបានបកស្រាយឡើងវិញដោយតារាចម្រៀងរបស់ផលិតកម្មថោន គឺត្រូវចាក់បន្ទរ និងច្រៀង យ៉ាងកងរំពងក្រៅពីចាក់ដើម្បីរាំសប្បាយ។ ក្រុមអ្នកវិភាគយល់ថាបទចម្រៀងបែបប្រពៃណីឆ្នាំនេះ វាយសង្គ្រប់ទីផ្សារបានល្អ នៅអំឡុងពេលចូលឆ្នាំ ប៉ុន្តែបើអោយជម្រើសរកបទផ្ទុះខ្លាំង គេនៅតែឃើញបទចម្រៀង៥បទ ដែលមានការចាក់បន្លឺនាំមុខហើយ រហូតដល់ថ្នាក់អ្នកស្ដាប់ចេះមិនសល់ប៉ារ៉ូល និងស្គាល់ទាំងមុខរបស់អ្នកចម្រៀង។

បទចម្រៀងដែលល្បីនាំមុខទាំង៥ដែលគេសម្គាល់ឃើញក្នុងអំឡុងបុណ្យចូលឆ្នាំនោះរួមមាន៖

មាន់ស្រែ៖ បទចម្រៀងដែលបកស្រាយដោយតារាចម្រៀងថោន កញ្ញា រ៉ាប៊ី នេះត្រូវគេកត់សម្គាល់ថាមានការពេញនិយមគ្រប់ស្រទាប់វណ្ណៈក្នុងអំឡុងបុណ្យចូលឆ្នាំដែលទើបបញ្ចប់តែម្ដង ដោយក្រៅពីឮក្នុងព្រឹត្តិការណ៍សង្ក្រានក្នុងស្រុក នៅឯក្រៅស្រុកឯណោះវិញ ដូចជានៅប្រទេសកូរ៉េ ដែលមានបងប្អូនខ្មែររៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មី ក៏ឃើញមានការរាំរែកបទនេះយ៉ាងស្រុះគ្នាធ្វើអោយមានភាពរស់រវើកផងដែរ។

https://www.youtube.com/watch?v=lZUJEz__Q4I

ឲ្យអត់ស្រឡះទៅ៖ បទចម្រៀងឆ្លងឆ្លើយជាចង្វាក់រាំវង់របស់កញ្ញា មាស សុខសោភា និងតារាចម្រៀងខេម មួយនេះ ផ្ទុះចង់ខ្លាំងជាងបទ«មាន់ស្រែ»ទៀត ដោយសារក្នុងពេលមិនរាំ ក៍ឮតែចាក់បទនេះ សឹុងគ្រប់ផ្ទះ និងកន្លែងជួបជុំ។ ស្ទើរតែគ្រប់ច្រកល្ហក បទចម្រៀងមួយនេះបានវាយសង្គ្រប់អារម្មណ៍អ្នកស្ដាប់អោយចាក់សារចុះសារឡើង ទោះមិនរាំកម្សាន្ត ក៏ដើម្បីស្ដាប់លេងក្នុងពេលជួបជុំ។ តាមការស្ទាប់ស្ទង់ស្ទើរមិនមានតំបន់ណាមិនស្គាល់បទនេះទេ ខណៈដែលម្ចាស់បទចម្រៀងក៍មានទឹកមាត់ល្អ ខុសគ្នាដាច់ឆ្ងាយ២ឆ្នាំកន្លងទៅ។

https://www.youtube.com/watch?v=kjPY9dW0qPw

ផ្សារកាប់គោ៖ ចម្រៀងមួយបទរបស់ លោក មាស សាម៉ន នេះ ត្រូវបានតារាភាគច្រើនជ្រើសយកមកច្រៀងលេង និងចាក់បន្លឺស្ទើរតែគ្រប់វេទិការាំច្រៀងមិនធម្មតា នៅក្នុងអំឡុងឱកាសចូលឆ្នាំឆ្នាំនេះ រហូយធ្វើអោយតារាកំប្លែងអ្នកនាង កាតុ មានទឹកមាត់លេប ដោយសារតែអ្នកនាងត្រូវផលិតកម្មថោន ជ្រើសអោយច្រៀងក្នុងបរិបទ ដែលបទនេះ ចាប់ផ្ដើមផ្ទុះ តាំងពីដើមឆ្នាំ។

ហាមលេងជេរម៉ែ៖ នៅក្នុងឆ្នាំនេះតារាចម្រៀង នាយ ចឺម ឡើងកូដ តែម្ដង ដោយសារតែលោកមានបទចម្រៀង «ហាមលេងជេរម៉ែ» ចាក់បន្លឺស្ទើរគ្រប់ច្រកល្ហកក្នុងអំឡុងពេលចូលឆ្នាំ រហូតត្រូវបានមហាជនស្គាល់ច្បាស់។ ចម្រៀងមួយបទនេះ បានជួយអោយនាយចឺម កាន់តែរីកមុខក្នុងអាជីពចម្រៀង បន្ទាប់ពីចម្រៀងមួយបទនេះផ្ទុះខ្លាំង ក្នុងពេលតារាចម្រៀងដែលគ្រងតំណែងជាម្ចាស់បទផ្ទុះៗកាលពីឆ្នាំមុនៗ ស្រាប់តែអត់បទផ្ទុះនៅក្នុងឆ្នាំនេះ។

https://www.youtube.com/watch?v=dLi6ufUJ1c4&list=RDdLi6ufUJ1c4&t=26

រាំចូក៖ ចម្រៀងមួយបទរបស់តារាចម្រៀងហង្សមាស លោក នីកូ រូបនេះ ក៏ផ្ទុះខ្លាំងក្នុងចំណោមបទទាំង៥ផងដែរ បើទោះជាសន្ទុះនៅតាមមិនទាន់បទ«មាន់ស្រែ»«អោយអត់ស្រឡះទៅ»និងបទ«ផ្សារកាប់គោ» ដែលត្រូវគេសម្គាល់ថាមានអ្នកស្ដាប់ច្រើននៅទូទាំងកម្ពុជា។ នៅក្នុងវេទិកាចាក់បទរាំលេង វត្តមានបទនេះ កម្របាត់ណាស់ ព្រោះតែក្បាច់រាំរបស់បទ«រាំចូក»ក៏មើលទៅរស់រវើក។ ក្រៅពីបទទាំង៥ បទចម្រៀងរបស់តារាផ្សេងទៀត គឺមានសន្ទុះតាមក្រោយ ដោយម្ចាស់បទខ្លះក៏លោតៗដោយតំបន់ផងដែរ។

យ៉ាងណាក៏ដោយធៀបនឹងចម្រៀងប្រភេទជាចង្វាក់ប្រពៃណី បទជាចង្វាក់ប្រពៃណីនៅតែមានពេញនិយមនាំមុខ នៅក្នុងព្រឹត្តិការណ៍សង្គ្រាននៅទូទាំងប្រទេសនៅក្នុងឆ្នាំនេះ៕

មតិយោបល់