កាលពីថ្ងៃទី១៨ កញ្ញា តំណាងប្រទេសចំនួន៥ គឺកម្ពុជា ថៃ ឡាវ វៀតណាម និង មីយ៉ាន់ម៉ា បានបើកសន្និសីទប្រកាសព្រឹត្តិការណ៍ធម្មតាយាត្រា ក្នុងដែនដី នៃប្រទេសទាំង៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រោមអធិបតីរដ្ឋមន្ត្រី ក្រសួងព័ត៌មាន។ អ្វីដែលគួរឲ្យកត់សម្គាល់ តារាសម្ដែង កញ្ញា យ៉ែម ស្រីពេជ្រ ដែលចូលរួមក្នុងពិធីនោះ បានលើកឡើងជាច្រើនជុំវិញផ្លូវធម៌ ដែលមិននឹកស្មានថា នាងជាយុវវ័យ ដែលជោគជាំដោយសាសនាដល់ម្លឹង។
កញ្ញា យ៉ែម ស្រីពេជ្រ និយាយថាដ្បិតតែកញ្ញារវល់ និងមានវ័យមិនទាន់ចាស់មែន ប៉ុន្តែកញ្ញាមានចំណូលចិត្ត ស្ដាប់ព្រះធម៌ និងគោរពព្រះពុទ្ធសាសនាយ៉ាងខ្លាំង អុីចឹងហើយ ទើបកញ្ញា សម្រេចចិត្តចូលរួមក្នុងសន្និសីទស្ដីពីធម្មយាត្រា ដែលជាពិធីដង្ហែរក្បួន ផ្សព្វផ្សាយសាសនាប្រចាំឆ្នាំរបស់ប្រទេសទាំង៥ នៅជុំវិញដងទន្លេមេគង្គនោះ។
កញ្ញាថាខ្លួនមានបំណងចង់ផ្សារភ្ជាប់ ជាមួយព្រះពុទ្ធសាសនាប្រមាណ២ឆ្នាំចុងក្រោយ ដោយប៉ងទៅស្ដាប់ធម៌ និងសមាធិនៅក្នុងវត្តអារ៉ាម ដើម្បីអោយបានយល់ដឹង ពីព្រះពុទ្ធសាសនា។ កញ្ញានិយាយថា ជារៀងរាល់ឆ្នាំព្រះសង្ឃ និងដូនជី តែងធ្វើពិធីសមាធិស្ដាប់ធម៌ម្ដង១០ថ្ងៃ ដោយតម្រូវអោយរៀនធម៌ និងតាំងសម្មាធិ ដែលកញ្ញាស្ងប់ផ្លូវចិត្តកុំអោយស្ត្រេស។
កញ្ញាបង្ហាញអារម្មណ៍ខកចិត្ត ដែលមិនបានចូលរួមក្នុងវគ្គសិក្សា ព្រះធម៌បែបនេះ២ឆ្នាំ មកហើយ ដោយសារតែអោយតែដល់វគ្គបណ្ដុះបណ្ដាលព្រះធម៌នេះ គឺនាងអត់បានដឹងពីចម្ងាយ ហើយសុំច្បាប់ការងារថតមិនបាន។ យ៉ាងណាមិញ កញ្ញា ថានឹងប៉ងចូលរួម ក្នុងកម្មវិធីនេះអោយខានតែបាន ដោយបានទូលសុំព្រះសង្ឃ ដែលជាអ្នករៀបចំដើម្បីអោយប្រាប់អោយដឹងមុន។ ក្នុងនោះកញ្ញា ក៏ប្រកាសគាំទ្រ ក្បួនធម្មយាត្រាដែលប្រកាសធ្វើឡើងផងដែរ។
លោក ស៑ុផាឆៃ វិរៈភូជុង អគ្គលេខាធិការវិទ្យាស្ថានពោធិខាយ៉ាវិឆាឡា៩៨០ បានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងធ្វើពិធីដង្ហែរក្បួន ក្នុងប្រទេសទាំង៥ ដោយបន្ទាប់ពីប្រកាស អោយដឹងនៅប្រទេសកម្ពុជា ក្បួនរថយន្ត និងក្បួនថ្មើជើង នឹងចាប់ធ្វើដំណើរនាំព្រះធម៌បង្កើតមិត្តភាពពីខេត្តឈៀងរ៉ៃប្រទេសថៃ នៅថ្ងៃទី១៤ តុលា ឆ្ពោះទៅមីយ៉ាន់ម៉ា ឡាវ វៀតណាម និងត្រលប់មកបញ្ចប់ នៅសៀមរាប នាថ្ងៃទី៣១ តុលា ឆ្នាំ២០១៩។ ព្រឹត្តិការណ៍នេះ រំពឹងថានឹងមានមនុស្សច្រើនចូលរួម ខណៈដែលប្រទេសទាំង៥ ក៏បានយោគយល់គ្នា ដោយអនុញ្ញាតិក្បួនដង្ហែរ ចេញចូលដោយមិនបាច់ប្រើលិខិតឆ្លងដែន ដើម្បីរួមគ្នាផ្សព្វផ្សាយសាសនា៕
មតិយោបល់