ព័ត៌មានសិល្បៈ និងកម្សាន្ត

មោទនភាពណាស់! តារាចម្រៀង រតនៈ ពិសី លើឆាកអាស៑ានចិន នៅចិន

កាលពីយប់ថ្ងៃទី១៨ កញ្ញា តារាចម្រៀងស្រីស្រស់សោភាកញ្ញា រតនៈ ពិសី បានធ្វើអោយអ្នកគាំទ្រ កោតសរសើរយ៉ាងខ្លាំង ដោយសារតែកញ្ញា ត្រូវបានអ្នករៀបចំកម្មវិធី ជ្រើសជាតារាតំណាងប្រទេសកម្ពុជា ក្នុងការសម្ដែងសិល្បៈ ទ្រង់ទ្រាយធំប្រចាំឆ្នាំ ដែលមានឈ្មោះថា “ASEAN-China TV Drama Week” ដែលបានធ្វើឡើង នៅក្នុងប្រទេសចិន។ នេះជាកិត្តិយស ដែលនាងទទួលបាន បន្ទាប់ពីបានហក់ ចូលផលិតកម្មថោន។

ព្រឹត្តិការណ៍ដែលបានធ្វើឡើង នៅទីក្រុងណាននីង ខេត្តគ័ងស៊ី ប្រទេសចិន កញ្ញា រតនៈ ពិសី លេចមុខលេចមាត់យ៉ាងខ្លាំង ដោយគេឃើញមានការឌីហ្សាញ រូបថតរបស់នាង នៅចំកណ្ដាលប៉ាណូ ដែលមិនមែនគ្រាន់តែចូលរួម បង្គ្រប់កម្មវិធីនោះឡើយ។ ក្នុងវីដេអូហាត់សម ដែលបានបង្ហោះឡើង គឺនាងច្រៀងផង ធ្វើពិធីការិនីផង ដោយនាងចេញមុខ ជាមួយតារាបរទេសយ៉ាងកាលីប លើឆាកដែលចម្រុះ ដោយភ្លើងពណ៌យ៉ាងប្រណិត។ នេះជាការចេញសម្ដែង ជាលក្ខណៈជាតិរបស់នាង មុនចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី ខណៈដែលវត្តមានរបស់នាង នៅក្នុងផលិតកម្មថោន ក៏នឹងធ្វើអោយនាងឈានឡើង។

រតនៈ ពិសី និយាយថា នាងពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ដែលបានក្ដោបក្ដាប់ឱកាស ចេញទៅសម្ដែងនៅក្រៅប្រទេស ជាញឹកញាប់ ដោយបានទាំងត្រូវគេជ្រើស អោយក្លាយជាតំណាងរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ «Asean_China Concert» នៅឯទីក្រុងណាននីងគ័ងស៊ី ប្រទេសចិន ដោយនាងទៅហាត់ សមតាំងពីថ្ងៃទី ១៥ខែកញ្ញា។ ថ្លែងពីប្រទេសចិនតារាស្រីសិចស៊ី រូបនេះបញ្ជាក់ថា ក្រោយបញ្ចប់ការសម្ដែងយ៉ាងជោគជ័យ នាងនឹងត្រឡប់មកវិញ នៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៩នេះ។ នាងបន្តថា នាងពិតជារីករាយនឹងឱកាសមួយនេះ ហើយនាងក៏មោទនភាពណាស់ដែរ ដែលត្រូវបានកម្មវិធីទាំងមូល លើកមុខដល់ម្លឹង។

នាងថាកម្មវិធីនេះ ប្រមូលផ្តុំដោយដោយសិល្បករល្បីឈ្មោះ ពិសេសអ្នកមាន បទចម្រៀងនៅក្នុងភាពយន្តភាគល្បីៗ លើកញ្ចក់ទូរទស្សន៍។ ក្រោយត្រលប់មកវិញ នាងនឹងបន្តទៅសម្ដែង និងច្រៀងក្នុងប្រទេសអូស្ត្រាលី រយៈពេល៣ខែ ដោយកុងត្រារយៈពេល៥ឆ្នាំ របស់នាងនៅថោន គឺសម្រុកផលិតបទក្រោយ បញ្ចប់បេសកកម្មនៅក្រៅប្រទេស៕

មតិយោបល់