ព័ត៌មានសិល្បៈ និងកម្សាន្ត

មើលកាន់តែយូរ បានដឹងថា ខៀវ សានសាណា ស្រស់ស្អាតណាស់ ថ្ងៃមង្គលការ ប៉ែន ចំរ៉ុង

ខុសពីមង្គលការតារាផ្សេងៗ ដែលពិធីការិនីល្បីល្បាញអ្នកនាង ខៀវ សានសាណា ចូលរួម សម្រាប់មង្គលការ លោក ប៉ែន ចំរ៉ុង កន្លងទៅ អ្នកនាងមិនត្រឹមតែចូលរួម ជាភ្ញៀវកិត្តិយស និងធ្វើជាពិធីការិនី ដើម្បីអបអរប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាងក៏ខ្នះខ្នែង និងសម្រិតសម្រាំងការតុបតែងកាយ មិនខុសពីម្ចាស់កម្មវិធីផងដែរ។ អ្នកនាង ត្រូវគេឃើញឡើងធ្វើជាពិធីការិនី និងលេចធ្លោរូបសម្រស់មិនធម្មតា បើទោះជាអ្នកនាង ត្រូវគេដឹងថាមានកូន២ហើយ។

ក្នុងចំណោមតារាល្បីៗ ដែលចូលរួមមង្គលការលោក ប៉ែន ចំរ៉ុង គេនៅតែពិបាក មើលរំលងពិធីការិនី អ្នកនាង ខៀវ សានសាណា ដោយសារតែមួយឈុត ពណ៌ទឹកប៊ិចដែលអ្នកនាងបានគ្រង ធ្វើឲ្យអ្នកណាៗ ក៏សរសើរថា អ្នកនាងស្រស់ស្អាត និងលេចធ្លោ។ មិនផ្តោតលើទឹកដមសំទ្បេង និងសមត្ថភាពអត្ថាធិប្បាយ ជាមួយក្បាលមេក្រូ នៅក្នុងពិធីនោះ ក៏អ្នកនាងទទួល បានការចាប់អារម្មណ៍មិនតិចនោះ ជាមួយនឹងរូបរាងតូចច្រលឹង សាច់សខ្ចី ហើយមើលទៅរូបសម្រស់ នៅតែក្មេងជាងវ័យ ដ្បិតតែអ្នកនាង មិនធ្លាប់មានព័ត៌មាន វះកាត់កែកុនទម្រង់មុខ។

អ្នកមិនដឹងថា អ្នកនាងមានកូន២នាក់ចង់ក្រមុំកំលោះអស់ទៅហើយ ស្ទើរមិនជឿថា អ្នកនាងមានវ័យជ្រេចង់ពាក់កណ្ដាលមនុស្សនោះផង។ ជាមួយនឹងភាពទាក់ទាញ នោះដែរ ដែលក្នុងពិធីមង្គលការលោក ប៉ែន ចំរ៉ុង អ្នកនាងនៅតែត្រូវបានស្វាគមន៍ យ៉ាងកក់ក្ដៅពីសំណាក់ភ្ញៀវកិត្តិយស និង ពីតារាសិល្ប:ដូចគ្នា ដោយអ្នកឱបរឹត និងសុំអ្នកនាងថតមួយប៉ុស្តិ៍ សុទ្ធតែខ្ជាក់ពាក្យអ្នកនាងសម្រស់មិនទៅណាសោះ។

អ្នកនាង ខៀវ សានសាណា និយាយថា អ្នកនាងមិនមានបច្ចេកទេសថែទាំ រូបសម្រស់អីលើសតារាទាំងពួងនោះទេ ប៉ុន្តែអាចមកពីអ្នកនាងតែប្រយ័ត្នពីទម្ងន់ខ្លួន និងថែទាំសម្បុរស្បែកតិចតួច ទើបអ្នកខ្លះថា អ្នកនាងសម្រស់មិនងាយទៅណា។ ក្នុងនោះក៏អាចថា មកពីអ្នកនាងជ្រើសឈុត ត្រូវនឹងដងខ្លួន និង ធ្វើសក់ត្រូវទម្រង់ មុខផង។ អ្នកនាងថា នៅថ្ងៃមង្គលការលោក ប៉ែន ចំរ៉ុង អ្នកនាងសុខចិត្ត មិនទទួលការងារពីរកន្លែង ដើម្បីមានពេលធ្វើខ្លួន និងត្រៀមខ្លួន ធ្វើពិធីការិនីឲ្យលោក ប៉ែន ចំរ៉ុង ពេញទំហឹង ដោយសារតែអ្នកនាង និង លោក ប៉ែន ចំរ៉ុង រាប់អានគ្នាយូរមកហើយ។ អ្នកនាងក៏សប្បាយមិនទាន់ភ្លេចដែរ ពេលដែលជួបជាតារាសិល្ប: និងអ្នកគោរពស្រទ្បាញ់ជាច្រើនរូបនៅក្នុងថ្ងៃនោះ៕

មតិយោបល់