ព័ត៌មានសិល្បៈ និងកម្សាន្ត

Miss Grand International 2019 ធ្វើទស្សនកិច្ចនៅកម្ពុជា

កាលពីព្រឹកថ្ងៃទី៨ ធ្នូ ឆ្នាំ២០១៩ Miss Grand International ចំណាត់ថ្នាក់លេខ១ មកពីប្រទេសវេណេហ្សូអេឡា និងកញ្ញាឯកថៃ ចំណាត់ថ្នាក់លេខ៣ បានមកដល់ប្រទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ច។ ដំណើរមកដល់របស់កញ្ញាឯកពិភពលោក និងប្រតិភូ នេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីចាងហ្វាងផលិតកម្មមហាហង្ស ដែលជាទទួលសិទ្ធិផ្ដាច់មុខ ក្នុងការរៀបចម្ការប្រកួត Miss Grand Cambodia ២០២០ និងសិល្បករជាច្រើនរូប។

លោក អ៉ិន អ្នកទទួលសិទ្ធិរៀបចម្ការប្រកួត Miss Grand Cambodia សម្រាប់ឆ្នាំ២០២០ បញ្ជាក់ថា ដោយសារតែក្រុមហ៊ុនរបស់លោក ទទួលបានសិទ្ធិក្នុងការជ្រើសរើសតំណាងកម្ពុជា សម្រាប់ការប្រកួតអន្តរជាតិ ក្នុងឆ្នាំ២០២០ ទើបលោក និងក្រុមការងារ មកធ្វើបដិសណ្ឋារកិច្ចវត្តមានកញ្ញាឯក Miss Grand International 2019 ដោយដំណើរមកដល់របស់កញ្ញាឯកទាំង២ ក្រៅពីទស្សនកិច្ចតាមតំបន់សំខាន់ៗ ដូចជាព្រះបរមរាជវាំង សារមន្ទីរ និង គុកទួលស្លែងជាដើម ក៏នឹងធ្វើសកម្មភាពសប្បុរសធម៌ នៅមន្ទីរពេទ្យគន្ធបុប្ផា និង មកដើម្បីប្រកាសក្នុងសន្និសីទសារព័ត៌មាន ពីការប្រគល់សិទ្ធិឲ្យក្រុមហ៊ុនមហាហង្ស ធ្វើជាអ្នករៀបចំ Miss Grand Cambodia សម្រាប់ឆ្នាំ២០២០ផងដែរ។

លោកថា កម្មវិធីកន្លងមក មានក្រុមហ៊ុនមួយជាអ្នករៀបចំ ប៉ុន្តែអាចមកពីគណកម្ម អន្តរជាតិ ចង់ប្ដូរអ្នកតំណាងជ្រើសរើស ទើបជម្រើសយកក្រុមហ៊ុនរបស់លោក ដោយយោងថា ក្រុមហ៊ុនលោកមានស្នាដៃច្រើន ទាក់ទងការផលិតភាពយន្ត និង ក្នុងកិច្ចការសប្បុរសធម៌។ លោកថាកញ្ញាឯកទាំង២ នឹងត្រលប់ទៅវិញ នៅថ្ងៃ១០ធ្នូ ដោយក្នុងរយ:ពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជា ពួកនាងនឹងពាំនាំល្អៗ ពីកម្ពុជាច្រើន ទៅផ្សព្វផ្សាយលើឆាកអន្តរជាតិ៕

មតិយោបល់