គម្រោងសំខាន់២ត្រូវបានបង្ហាញដោយកញ្ញា អ៊ីវ ដាលី ដែលត្រូវបានគេស្គាល់ថា ជាអតីតអ្នកផលិតកម្មវិធីប្រចាំទូរទស្សន៍អនឡាញមួយ ដើម្បីពញាក់អារម្មណ៍ឲ្យមានការជួយជ្រោមជ្រែងដល់សិល្បៈវប្បធម៌ និងសង្គម។ ក្នុងនោះកញ្ញាក៏រំពឹងថា បណ្ដាឧកញ៉ាៗចិត្តធម៌ និងអ្នកមានទ្រព្យទាំងឡាយដែលកំពុងល្បីជួយការងារមនុស្សធម៌ នឹងចាប់អារម្មណ៍ផងដែរ។
កញ្ញា អ៊ីវ ដាលី ម្ចាស់គម្រោងផែនការខាងលើនេះបានគូសបញ្ជាក់ថា កញ្ញាឃើញស្រុកគេជួយដល់ប្រជាជនជាធំ ហើយស្របពេលកម្ពុជាយើងមានការបំផុសបំផុលច្រើនលើការជួយដល់ពលរដ្ឋពីអាជ្ញាធរដែនដីរហូតដល់មន្ត្រីថ្នាក់ធំ ទើបនាងសម្រេចចិត្តផុសនូវគោលដៅសំខាន់២ដែលដក់ ជាប់ក្នុងប្រអប់បេះដូងច្រើនឆ្នាំមកហើយ។
គម្រោងទី១គឺ «ការបើកសាលាបណ្តុះបណ្តាល ជំនាញផ្សេងៗ» ជំនាញនេះគឺគោលជំហរនាង ចង់ឲ្យអ្នកមានឯកទេសផ្ទាល់ចុះជួយរលកក្រោយ មិនថាជាអ្នកកាសែតជើងចាស់ សិល្បករជើងចាស់ អ្នកមានបទពិសោធន៍ខាងអចលនទ្រព្យ ពោលឲ្យតែ ជាព្រឹទ្ធាចារ្យចាស់ទុំចេះអ្វីក៏ដោយ ត្រូវមកធ្វើជាគ្រូបង្គោលចែកចំនេះដល់ យុវវជនជំនាន់ក្រោយឬប្រជាពលរដ្ឋ។ ផ្លូវដែលចេញបានសម្រាប់គម្រោងនេះ នាងថាមានតែអ្នកជំនួញសល់លុយក្រាស់ក្រែលដូចជាឧកញ៉ាឯកឧត្តមទាំងឡាយជួយរុញ និងគាំទ្រម្នាក់តែបន្តិចៗ គឺចេញដោយរលូន ដើម្បីជួយសង្គមទុកជាស្នាដៃបន្តទៀត។ ឧទាហរណ៍៖ យើងបើកវគ្គបណ្តុះបណ្តាជាអាហារូបករណ៍ ក្រោមជំនួយអ្នកណាម្នាក់។ ម្ចាស់ជំនួយជួយផ្តល់ប្រាក់ខែជួយដល់គ្រូបង្គោលដែលស្ម័គ្រចិត្តមកចែករំលែកដល់សិស្ស។ នាងថា ពេលនោះហើយដែលទាំងសិស្សក៏មានចំនេះ ទាំងគ្រូចាស់ៗសប្បាយចិត្តមានប្រាក់ទៀងទាត់ ហើយបានរំលែកចំនេះឲ្យអ្នកផ្សេងបន្តវេនជួយសង្គមឲ្យទៅមុខទៀតក្នុងសង្ឃឹមខ្ពស់។
គម្រោងទី២គឺ«ធនាគារខ្មែរ» ដែលមានទិសដៅធំគឺចង់ឲ្យឧកញ៉ា លោកជំទាវណាម្នាក់ចេញមុខធ្វើជាគោលជំហរ បង្កើតធនាគារ បញ្ចេញលុយ យកឲ្យប្រជាពលរដ្ឋកម្ចីលើគោលដៅ សំខាន់ៗមួយចំនួន។ ក្នុងនោះកម្ចីលើប្រភេទក្នុងវិស័យកសិកម្ម អាជីវកម្ម សិប្បកម្មផ្សេងៗ ជាមួយការប្រាក់សមរម្យ។ លើសពីគម្រោងខាងលើគឺមិនត្រូវ ឲ្យកម្ចីនោះទេ ហើយម្ចាស់ធនាគារ ដដែលនេះ អាចថាជួយទិញស្រូវអង្ករប្រជាពលរដ្ឋជាប្រចាំ ដែលនេះគឺជាគោលជំហរមួយដែលនាងគិតតាំងពីច្រើនឆ្នាំមុន ហើយសង្ឃឹមថានឹងលេចចេញរូបរាង។
គម្រោងទី២នេះប្រទេសជិតខាងគេធ្វើបានជោគជ័យ ហើយជួយប្រជាពលរដ្ឋ ឲ្យប្រសើរឡើងរាល់ឆ្នាំ។
ដូចនេះហើយនាងរំពឹងថាក្រោយពេលទទួលបានដំណឹងមួយនេះ និងលេចសញ្ញាល្អពីអ្នកជំនួញធំៗ ឬឧកញ៉ាចិត្តធម៌ចាប់ចិត្តពិភាក្សាជាមួយនាងជាម្ចាស់គម្រោងដែលមានក្នុងដៃ៕
មតិយោបល់