ព័ត៌មានសិល្បៈ និងកម្សាន្ត

Bee Production ពង្រឹងយុទ្ធនាការជួយឲ្យតារារបស់ខ្លួន ល្បីឈ្មោះ

ក្រោយបង្ហាញវត្តមានផលិតចម្រៀង ហើយមានបទថ្មីៗ ទទួលការចាប់អារម្មណ៍ ផលិតកម្ម Bee Production ចាប់ផ្ដើមវាយលុកទីផ្សារ រៀបចំការប្រគំតន្ត្រីតូចធំទៅទៀត ដោយអះអាងថា នៅជាយុទ្ធសាស្ត្រធ្វើអោយតារាចម្រៀងប្រចាំផលិតកម្មរបស់ខ្លួនល្បី។ តារាក្មេងៗថ្មីៗ រួមទាំងតារាល្បីៗ មកពីផលិតកម្មផ្សេងផង នឹងបើកការប្រគំតន្ត្រី រហូតដល់ទៅ៥ថ្ងៃនៅខាងលិចផ្សារព្រៃទា ជិតខាងលិចវិហារចិន ចាប់ពីថ្ងៃទី៩ ដល់១៣ មករា ព្រមជាមួយនឹងជំនឿចិត្តថា នឹងធ្វើអោយតារាចម្រៀងរបស់ខ្លួនងាយល្បីឈ្មោះ។

លោក ហាស សំអាត ដែលត្រូវគេស្គាល់ថា ជាម្ចាស់បទ “សុំទោសកំពុងចាម” និងជាអ្នករៀបការប្រគំតន្ត្រីនេះ បានអះអាងថា ដោយសារតែលោកមានបទពិសោធន៍ ក្នុងការរៀបចំកម្មវិធីប្រគំតន្ត្រីជាយូរមកហើយ ទើបក្រោយពេលលោកមានតួនាទីក្នុងផលិតកម្ម Bee Production លោកក៏នៅតែទទួលជោគជ័យក្នុងការរៀបចំប្រគំតន្ត្រី ដែលគឺជាយុទ្ធសាស្ត្រ ដែលមិនខុសពីជួយអោយតារាចម្រៀងថ្មីៗ របស់ផលិតកម្មលោកទាំងអស់ កាន់តែមានសកម្មភាព។ ជាក់ស្ដែងសម្រាប់ការបញ្ចេញ សិល្បករអោយចេញច្រៀង ក្នុងការប្រគំតន្ត្រីនៅផ្សារព្រៃទា ដែលធ្វើដល់ទៅ៥ថ្ងៃជាទ្រង់ទ្រាយធំនោះ មិនមែនជាលើកទី១នោះទេ ដ្បិតពេលកន្លងមក លោកបានបញ្ចេញតារាចម្រៀងរបស់ខ្លួន នៅក្នុងសកម្មភាពប្រគំតន្ត្រីតូចធំរបស់ខ្លួន រាប់ភ្លេចមកហើយ បន្ថែមពីលើសកម្មភាពឡើងឆាកទូរទស្សន៍របស់កូនក្រុម ដោយគ្រាន់តែសកម្មភាពប្រគំតន្ត្រីលើកនេះ ធំជាងសព្វដង និងជាកម្មវិធីដែលស្ថិតនៅទីប្រជុំជនជាយក្រុង ដែលពិតជាមានមនុស្សទស្សនាកុះករ។

លោក ហាស សំអាត ដែលត្រូវគេស្គាល់ថា ជាតារាចម្រៀងតាំងពីនៅប្រទេសកូរ៉េនោះ បន្តថា ក្រុមតារាចម្រៀងរបស់លោកត្រៀមខ្លួន រួចរាល់អស់ហើយ ក្នុងការបង្អួតបទ ចម្រៀងល្អៗ និងថ្មីៗ ក្នុងការប្រគំតន្ត្រីនៅផ្សារព្រៃទានោះ៕

មតិយោបល់