ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៊ីអាយជី ទម្លាយឲ្យដឹងពីតម្លៃខ្លួន

ប៊ីអាយជី ទម្លាយឲ្យដឹងពីតម្លៃខ្លួន

ភ្នំពេញៈ ក្នុងរយៈពេលចុងគេចាប់អារម្មណ៍ថាលោកប៊ីអាយជី ទទួលបានទីផ្សារការងារសិល្បៈកាន់តែប្រសើរ ជាពិសេសគឺការសម្ដែងរឿង។ ស្ទើរតែគ្រប់ខ្សែរឿងថ្មីៗ របស់ផលិតLD Picture និង Red Picture គឺកម្របាត់មុខរបស់លោកខ្លាំងណាស់ ក្នុងពេលខ្លះមានការទម្លាយថាលោកមិនមានពេលទទួលថតរឿងតាមការទទូចសុំរបស់ផលិតករនោះផង។ ជាមួយនឹងការស្ទុះឡើងនេះ ទើបគេកត់សម្គាល់ថាតម្លៃខ្លួនរបស់លោកក៏ក្លាយជាចំណាប់អារម្មណ៍ថ្មីមួយរបស់មហាជនផងដែរ។

លោកប៊ីអាយជី បានអះអាងថាកាលអំឡុងឆ្នាំ២០១២ លោកបានតម្លៃខ្លួនត្រឹមតែរង្វង់៣០០ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែចាប់ពីឆ្នាំ២០១៥មកទល់ពេលនេះ ផលិតករហ៊ានផ្ដល់ឲ្យលោក មួយថ្ងៃពី៥០០សម្រាប់ការងារថតកុន និង៨០០ដុល្លារសម្រាប់ថតស្ពត។

យ៉ាងណាមិញ លោកថាខ្លួនមិនសូវទារតម្លៃខ្លួនជាថ្ងៃៗនោះទេ ដោយសារតែបទពិសោធន៍គឺលោកកំណត់យកតម្លៃក្នុងមួយរឿងៗច្រើនជាងស៊ីថ្ងៃ ដោយក្នុងមួយរឿងលោកទារបានចន្លោះពី២ពាន់ទៅ៣ពាន់ដុល្លារសម្រាប់រឿងដុំ។ លោកនិយាយថា«សម្រាប់តម្លៃខ្លួនបើថតកុនខ្ញុំយកមួយថ្ងៃ៥០០(ដុល្លារ) និង៨០០(ដុល្លារ)សម្រាប់ថតស្ពត ប៉ុន្តែឥឡូវហ្នឹងមិនថាខ្ញុំមិនថាតួផ្សេងទេគឺគេចូលចិត្តស៊ីរឿង ព្រោះរឿងខ្លះបើយើងស៊ីថ្ងៃ គឺគាត់ថតសម្រុកតែមួយថ្ងៃឬ២ថ្ងៃអីហ្នឹង តែសម្រាប់ខ្ញុំអត់ខ្វល់ចឹងទេ គឺបើគាត់ថតច្រើនតិចខ្ញុំសុខចិត្តស៊ីថ្ងៃ ដើម្បីឲ្យឆាប់បានចប់ តែបើគាត់ថតច្រើនស៊ីរឿងវិញ ដើម្បីកុំឲ្យគាត់សម្រុកថតយើងរកម៉ោងសម្រាកអត់បាន!»។

លោកថាក្នុងប៉ុន្មានឆ្នាំចុងក្រោយ គឺលោកសឹងមិនមានពេលសម្រាកដោយសារតែការងារថតរឿងទទួលបានឲ្យរដឹកដោយសារតែការគាំទ្រ។ ក្នុងនោះសូម្បីតែការងារពិធីករក៏លោកទទួលបានរហូតដល់៧កម្មវិធីផងដែរ នៅលើកញ្ចក់ទូរទស្សន៍CTN និងMy TV។ យ៉ាងណាមិញ លោកថាតម្លៃខ្លួនក្នុងកម្មវិធីទូរទស្សន៍ និងការថតចម្រៀងខារ៉ាអូខេ គឺមិនអាចទារបានតម្លៃខ្ពស់ទេ ដោយសារតែការងារទាំងនោះគឺមិនខុសពីការប្រូម៉ូតខ្លួនឯងដើម្បីទីផ្សារសិល្បៈ។ បើទោះជាទទួលបានតម្លៃខ្លួនល្អយ៉ាងនេះ ក៏តារាដែលមានមាឌធាត់រហូតដល់១២៧គីឡូរូបនេះនៅតែអះអាងថាតម្លៃខ្លួនរបស់លោកនៅទាបជាងតារាដែលមានទីផ្សារខ្លះដូចជានាយគ្រឿន និងតួល្បីៗផ្សេងទៀត។

លោកថាក្នុងមួយខែទទួលបានចំណូលប្រហាក់ប្រហែលនឹងរង្វង់៣ពាន់ដុល្លារ ប៉ុន្តែក៏ត្រូវចំណាយចង់អស់ទៅវិញ ដោយសារតែតម្រូវការក្នុងការផ្គត់ផ្គង់កូនប្រុស និងភរិយាក្មេង និងតម្រូវការរបស់ខ្លួននោះផងដែរ។ ជាមួយគ្នានោះលោកបានបញ្ជាក់ថា ខ្លួនមិនហ៊ានទទួលការងារសម្ដែងកុនច្រើនទេ ដោយសារតែមួយសប្ដាហ៍លោកត្រូវចេញមុខក្នុងកម្មវិធីថតទុកនិងបន្តផ្ទាល់របស់ទូរទស្សន៍ដល់ទៅ៧កម្មវិធីទៅហើយ៕

photo_2016-05-31_05-59-57photo_2016-05-31_05-41-51photo_2016-05-31_05-59-06photo_2016-05-31_05-59-10photo_2016-05-31_05-59-13photo_2016-05-31_05-59-17photo_2016-05-31_05-59-20photo_2016-05-31_05-59-24photo_2016-05-31_05-59-28photo_2016-05-31_05-59-32photo_2016-05-31_05-59-35photo_2016-05-31_05-59-39photo_2016-05-31_05-59-43photo_2016-05-31_05-59-46photo_2016-05-31_05-59-49photo_2016-05-31_05-59-54

មតិយោបល់