ព័ត៌មានសិល្បៈ និងកម្សាន្ត

រុន ណាកូ កុងត្រាច្រៀងឲ្យ ក្លាស៊ិក ទាំងមិនធ្លាប់បង្ហាញថា ខ្លួនមានសមត្ថភាពផ្នែកសំឡេង

អ្នកសិល្បៈរួមក្រុមមិនតិចទេ សម្ដែងអារម្មណ៍ស្រឡាំងកាំង នៅពេលផេកផ្លូវការរបស់ផលិតកម្មក្លាស៊ិក បង្ហោះថា តារាសម្ដែង លោក រុន ណាកូ ដែលត្រូវគេស្គាល់ច្រើនក្រោយជាប់ពានជាអ្នកគ្រងឈុតបុរាណត្រូវទម្រង់ កាលពីឆ្នាំ២០១៨ បានកុងត្រាធ្វើជាតារាចម្រៀងពេញសិទ្ធិ។ ម្នាក់ៗចោទសួរថា តើរូបនាយ មិនធ្លាប់បង្ហាញថាខ្លួនអាចច្រៀងបានទាល់តែសោះ តែបែរជាកុងត្រាធ្វើជាតារាចម្រៀង។

លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិកបានថ្លែងបញ្ជាក់ថា លោករុន ណាកូ មានសមត្ថភាពផ្នែកសំលេង តែមកពីមហាជនមិនសូវបានចាប់អារម្មណ៍ និងអាចថាលោក មិនមានឱកាសបង្ហាញ ទើបមនុស្សតិចបំផុតបានដឹង។ លោកថាខ្លួន បានសម្រិតសម្រាំងបទចម្រៀង យ៉ាងហោច២បទរួចហើយ ឲ្យតារាចំណូលថ្មី គឺលោក រុន ណាកូ ច្រៀងសម្រាប់ឱកាសបុណ្យចូលឆ្នាំខាងមុខ ដោយបទរបស់លោក ក៏នឹងចេញថតជា MV នៅអំឡុងថ្ងៃម្ភៃជាង ក្នុងខែមីនានេះផងដែរ។ លោកថាលោករុន ណាកូ មានសមត្ថភាពសំលេងអាចប្រើការបាន ហើយបើទោះជាមិនពីរោះដូចអ្នកតារាចម្រៀងអាជីព ក៏ប្រើការបាននោះដែរ ដោយសារតែលោកគឺជាតារាសម្ដែង ដែលមានយុវវ័យស្គាល់ច្រើនស្រាប់ និងមានរូបរាងសង្ហារទាក់ទាញស្រាប់។ ម្យ៉ាងមកពីលោកក៏ជាតួឯកក្នុងរឿង”ទឹកភ្នែកមួយលានដំណក់” របស់ផលិតកម្មក្លាស៊ិក ដែលនឹងត្រៀមដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ទទក ផងដែរ ទើបលោកយល់ថា ការជ្រើសយកលោក រុន ណាកូ ឲ្យក្លាយជាតារាចម្រៀង គឺជារឿងល្អមួយ។ លោក ហួរ សុផល បន្តថា មកទល់ពេលនេះ ផលិតកម្មកាន់តែប្រមូលបានធនធានតារាចម្រៀងល្អៗ ដូចជា លោក បញ្ញា សិទ្ធិ កញ្ញា ញឹម ចាន់ថន លោក រតនៈ វិសិដ្ឋ និង តារារះថ្មីៗ ដែលមានទឹកដមសំឡេងល្អជាច្រើនទៀត ឲ្យក្លាយជាតារាក្លាស៊ិក។

ដោយឡែក លោក រុន ណាកូ បញ្ជាក់ថា ខ្លួនអាចច្រៀង និង ចង់ក្លាយជាតារាចម្រៀងជាយូរមកហើយ ប៉ុន្តែមកពីមិនដែលមានឱកាសបង្ហាញទើបអ្នកខ្លះមិនបានដឹង។ យ៉ាងណាមិញ លោកថាខ្លួនមិនមានសំលេងល្អក្រលួចនោះទេ តែលោកនឹងប្រឹងដុសខាត់តាមការផ្ចុងផ្ដើម របស់ម្ចាស់ផលិតកម្មឲ្យបានល្អ៕

មតិយោបល់