នៅទីបំផុត តារាសម្ដែង៣ដួង បានបញ្ចេញបទចម្រៀងរួមគ្នា ដែលធ្លាប់សន្យានោះហើយ ដើម្បីអបអរឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំកណ្ដុរ ក្នុងពេលខាងមុខ បើទោះជាវិបត្តិកូរ៉ូណា។ នេះជាបទចម្រៀងរបស់តារាទាំង៣ ក្នុងចំណោមបទចម្រៀងច្រើនបទ ក្រោយពេលអ្នកទាំង៣ ហក់ចូលទ្រនំក្លាស៊ិក។
តារាសម្ដែង៣រូបដែលជាម្ចាស់បទ “ចាប់កណ្ដុរ” ដ៏ទាក់ទាញនេះ គឺលោក បញ្ញា សិទ្ធិ លោក រុន ណាកូ និង លោក ត្រា យ៉ាកូ ដែលត្រូវគេស្គាល់ថា ជាសមាជិកគ្រួសារតារាកម្ពុជា។ នេះជាបទដែលផលិតកម្មក្លាស៊ិក អះអាងថា ជាបទប្រចាំផលិតកម្ម ក្នុងចំណោមបទមេ ដែលក្លាស៊ិករំពឹងថា ទទួលបានការគាំទ្រខ្លាំង។
លោក ហួរ សុផល បទ”ចាប់កណ្ដុរ” គឺជាបទដែលលោកនិពន្ធទំនុកច្រៀងថ្មី ឲ្យមានលក្ខណៈបែបខ្មែរ និងសប្បាយៗ តម្រូវក្នុងឱកាសចូលឆ្នាំ ហើយមកពីលោកយល់ថា តារាសម្ដែង៣រូប គឺលោក បញ្ញា សិទ្ធិ លោក រុន ណាកូ និង លោក ត្រា យ៉ាកូ ដែលទើបកុងត្រាចូល ស័ក្តសមក្នុងការលេងស្ទីលរួមគ្នា ទើបលោកតម្រូវឲ្យអ្នកទាំងបីច្រៀងរួមគ្នា។ នៅថ្ងៃទី២២ មីនា ឆ្នាំ២០២០ នេះ លោកក៏គម្រោងចេញថតបទនេះ និងបទសម្រាប់ចូលឆ្នាំរបស់ក្លាស៊ិកទាំងអស់ ឲ្យទាក់ទាញផងដែរ ដើម្បីលើកបទមេៗដូចជាបទ “ចាប់កណ្ដុរ”នេះជាដើម ឲ្យទទួលបានការគាំទ្រខ្លាំង។
លោក បញ្ញា សិទ្ធ បញ្ជាក់ថា នៅថ្ងៃទី២៧ មីនា ខាងមុខ លោក និង តារាចម្រៀងពីររូបទៀត គឺលោក រុន ណាកូ និង លោក ត្រា យ៉ាកូ ក៏បង្ហាញខ្លួនឡើងច្រៀងបទនេះរួមគ្នា នៅស្ថានីយទូរទស្សន៍CTN ផងដែរ ព្រមជាមួយនឹងការលេងស្ទីលឲ្យប្លែក៕
មតិយោបល់