ព័ត៌មានជាតិ

ម្ចាស់ និងម៉ូតូកែច្នៃ ១៩គ្រឿង ត្រូវសមត្ថកិច្ចឃាត់ទុក ករណីបង្កឲ្យបាត់សណ្តាប់ធ្នាប់

កំពង់ស្ពឺៈ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងមិនឱ្យកែឆ្នៃម៉ូតូ ឬយាន្តផ្សេងទៀត នាំឲ្យខុសលក្ខណៈបច្ចេកទេសឡើយ លោក តាប់ លន ស្នងការរងខេត្តកំពង់ស្ពឺ បានថ្លែងបែបនេះគ្រាដែលលោកបានជួបជាអាណាព្យាបាល និងជាម្ចាស់ម៉ូតូកែច្នៃខុសទ្រុងទ្រាយដើម ចំនួន ១៩ គ្រឿងបានទទួលយកម៉ូតូទាំងនោះ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅប៉ុស្តិ៍រដ្ឋបាលស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

លោក តាប់ លន ស្នងការរងទទួលបន្ទុកការងារសណ្តាប់ធ្នាប់ ចរាចរណ៍ផ្លូវគោក បានលើកឡើងថា សូមឱ្យអាណាព្យាបាលគ្រប់រូប ត្រូវខិតខំអប់រំណែនាំឲ្យកូនចៅប្រព្រឹត្តអំពើល្អ មិនត្រូវបង្កភ័យខ្លាចដល់អ្នកដទៃ ជាពិសេសរំខានដល់ការរស់នៅរបស់អ្នកដទៃ ខណៈពេលធ្វើដំណើររួមគ្នា លើផ្លូវសាធារណៈ ។ ដោយម្ចាស់ម៉ូតូ មិនត្រូវដាក់ស៊ីម៉ាំងលឺខ្លាំងខុសពីទ្រង់ទ្រាយដើម ជាហេតុធ្វើឲ្យរំខានធ្ងន់ធ្ងរដល់ដំណេកអ្នករស់នៅក្បែរផ្លូវជាតិ បង្កចលាចលសង្គម ខូចសណ្ដាប់ធ្នាប់សាធារណៈ។ល។
លោកបានសង្កត់ធ្ងន់ថា គ្រប់ម៉ូតូ ត្រូវមានកញ្ចក់ ស្លាកលេខ ហើយរាល់ពេលបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពជាប្រចាំ មិនត្រូវបើកបរក្នុងស្ថានភាពគ្រោះថ្នាក់ មិនត្រូវវ៉ាជេង ឬប្រណាំងគ្នាលេងតាមផ្លូវសាធារណៈ ដោយពុំបានគិតពីការបុកប៉ះទង្គិចជាមួយអ្នកធ្វើដំណើរផ្សេងទៀតនោះឡើយ ហើយធ្វើឲ្យគ្រោះថ្នាក់ដល់អ្នកដទៃដោយមិនដឹងខ្លួនផងដែរ ។

នៅចំពោះមុខអាជ្ញាធរ ជាចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាល និងអភិបាលក្រុង និងអាណាព្យាបាល ព្រមទាំងម្ចាស់ម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេសទាំងអស់នោះ លោក តាប់ លន ស្នងការរងខេត្ត និងលោក ហុក ម៉ាឌី អភិបាលក្រុងច្បារមនបានប្ដេជ្ញារួមគ្នាថា៖ ម៉ូតូដែលប្រគល់ជូនថ្ងៃនេះ ក៏ដូចជាម៉ូតូផ្សេងទៀត បើលើកក្រោយទៀតកម្លាំងលោកចាប់ឃាត់បានក្នុងករណីដូចគ្នានេះ និងពិន័យធ្ងន់ធ្ងរដើម្បីឲ្យរាងចាល រួចបន្តធ្វើកិច្ចសន្យាជាលើកទី២ មុននងអនុញ្ញាតិឲ្យយកម៉ូតូខុសលក្ខណៈបច្ចេកទេសទាំងអស់នេះទៅប្រើប្រាស់វិញ ។

គួរបញ្ជាក់ថាម្ចាស់ម៉ូតូទាំង ១៩គ្រឿង ក្រោយពីសមត្ថកិច្ចបានឃាត់ទុកមួយរយៈរួចមក ក៏អាជ្ញាធរអនុញ្ញាតឲ្យយកត្រឡប់ទៅប្រើប្រាស់វិញ លុះត្រាតែម្ចាស់ម៉ូតូទាំងអស់នោះធ្វើការដោះដូរ និងបំពាក់គ្រឿងដើមតាមប្រភេទម៉ូតូនីមួយៗផងដែរ ៕

មតិយោបល់