ភ្នំពេញៈ ចាត់ទុកជារឿងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលតារាសម្ដែងកំពុងឡើងកូដនាង គង់ សូរីរ័ត្ន ឬ គង់ សេរីរ័ត្ន ត្រូវចោរចូលគាស់ផ្ទះទាំងយប់ ប្រមូលយកលុយ គ្រឿងពេជ្រ របស់មានតម្លៃជាច្រើនផ្សេងទៀតអស់រាប់ពាន់ដុល្លារ។ នាងបានត្រឹមតែដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលនៅចាក់អង្រែក្រោមប៉ុណ្ណោះ ប៉ុន្តែមិនដឹងថា មុខចោរដែលគាស់ផ្ទះនឹងត្រូវកំណត់មុខសញ្ញាបាន ឬយ៉ាងណាទេ។
ឆ្លើយឆ្លងជាមួយភ្នាក់ងារ Post News គង់ សូរីរ័ត្ន បានអះអាងថា ផ្ទះដែលចោរចូលគាស់នោះមានទីតាំងស្ថិតនៅលើផ្លូវលេខ៦ ក្រុមទី១៦ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ទ្រព្យសម្បត្តិដែលចោរលួចបានគឺមានតម្លៃរហូតដល់រាប់ពាន់ដុល្លារ។ នាងបានរៀបរាប់ហេតុការណ៍ប្រាប់ថា នៅវេលាម៉ោង៩យប់ថ្ងៃទី៤ ខែសីហា នាង និងក្រុមគ្រួសារ បានរៀបចំអ៊ីវ៉ាន់លក់ដូរទុកដាក់ក្នុងផ្ទះ ហើយឡើងសម្រាកជាធម្មតារៀងខ្លួន។ លុះដល់ម៉ោងប្រហែលជា៤ទៀបភ្លឺថ្ងៃ៥ សីហា នេះ នាងក៏បានឮស្នូរក្ដុងក្ដាំងនៅទ្វារខាងក្រោយផ្ទះរបស់នាង ប៉ុន្តែមិនចាប់អារម្មណ៍ថា ជាសកម្មភាពគាស់ផ្ទះនោះទេ ដោយនឹកស្មានថា ជាសំឡេងរំខានរបស់អ្នកជិតខាងប៉ុណ្ណោះ។ នាងបានបន្តថា រហូតដល់ម៉ោង៥ភ្លឺ ទើបមានការឆោឡោ បន្ទាប់ពីឃើញទ្វារខាងក្រោយនាងត្រូវរបើក ហើយមានសភាពជាការគាស់ផ្ទះ ដោយក្រឡេកមើលទៅអ៊ីវ៉ាន់ក្នុងផ្ទះក៏បាត់អស់ច្រើន។ នាងថា របស់ដែលចោរលួចបានរួមមាន ទូរស័ព្ទអាយហ្វូន6s ២គ្រឿង ទូរស័ព្ទសាំសុង 6s មួយគ្រឿង គ្រឿងអលង្ការ រួមមានខ្សែក ចិញ្ចៀនពេជ្រ កាបូបលុយ ដែលមានលុយដុល្លារ និងលុយខ្មែរជាច្រើន និងកាត ATM ដែលមានទឹកប្រាក់ជាច្រើនទៀត។ នាងថា គិតតម្លៃនៃការបាត់បង់ គឺរហូតដល់ខ្ទង់ពាន់ដុល្លារ ហើយអ្វីដែលនាងកំពុងបារម្ភមិនមែនលុយកាក់នោះទេ គឺបារម្ភរឿងសុវត្ថិភាពនៅក្នុងទីតាំងដែលនាងរស់នៅ បន្ទាប់ពីមានចោរគាស់ផ្ទះឆៅៗ ដោយក្រុមមន្ត្រីអាជ្ញាធរកំណត់មុខសញ្ញាមិនឃើញបែបនេះ។
នាងបានដាក់ពាក្យបណ្ដឹងទៅអធិការប៉ូលិសចាក់អង្រែក្រោម ដើម្បីឲ្យវែកមុខសញ្ញាចោរលួចគាស់ផ្ទះ ប៉ុន្តែនាងថា មិនដឹងពីតម្រុយនោះទេ បើទោះជានាងប្រាប់ថា ទូរស័ព្ទដែលចោរទៅនោះ គឺមានបំពាក់ប្រព័ន្ធ GPS ដែលខាងសមត្ថកិច្ចមានលទ្ធភាពស៊ើបអង្កេតក្នុងការរកឲ្យឃើញលើករណីនេះ។ តារាសម្ដែង គង់ សូរីរ័ត្ន បានអះអាងថាទូរស័ព្ទដែលចោរលួចបានសុទ្ធតែលេខដែលនាងត្រូវប្រើទាំងអស់ អ៊ីចឹងហើយទើបនាងសម្រេចចិត្តទៅបើកលេខនោះមកប្រើភ្លាមៗបន្ទាប់ពីបានដាក់ពាក្យបណ្ដឹងរួចរាល់។
គួរបញ្ជាក់ផងដែរថា គង់ សូរីរ័ត្ន គឺជាតារាសម្ដែង ដែលមានស្នាដៃលេចធ្លោច្រើនគួរសមនៅតាមផលិតកម្មនានា ជាពិសេសសកម្មភាពថត MV និងថតរឿងឲ្យផលិតកម្មក្នុងស្រុក។ នាងនិយាយថា បើទោះជាក្រុមគ្រួសារបស់នាងមិនរំពឹងខាងប៉ូលិសអាចស្វែងរកចោរគាស់ផ្ទះនោះបាន ក៏នាងជឿថា មន្ត្រីប៉ូលិសដែលទទួលពាក្យបណ្ដឹងរបស់នាងពិតជាអាចរកមុខចោរនោះឃើញ ដោយសារតែនប្រព័ន្ធ GPS ដែលនាងលើកឡើង គឺអាចកំណត់មុខសញ្ញាពីចោរនោះបាន បើខាងអាជ្ញាធរដុតដៃដុតជើងជួយនាង៕










មតិយោបល់