កាលពីល្ងាចថ្ងៃទី២០ មេសា នៅផ្សារស្ទឹងមានជ័យ ខ្សែភាពយន្តរឿង ទង់ព្រលឹង ដែលជារឿងទី២ របស់ផលិតកម្ម Red Picture ត្រូវបានប្រកាសឲ្យដាក់បញ្ចាំងជាផ្លូវការ នៅតាមរោងភាពយន្តទាំងអស់ នៅរាជធានីភ្នំពេញ។ ក្នុងពិធីបើកសម្ពោធនោះ គេកត់សម្គាល់ថា មានវត្តមានតារាសិល្បៈល្បីឈ្មោះជាច្រើន នៅក្នុងវិស័យសិល្បៈ ដោយតារាសិល្បៈទាំងនោះ មួយចំនួនជាតួអង្គសំខាន់នៅក្នុងរឿង និងភាគច្រើន គឺជាភ្ញៀវកិត្តិយស។
តារាសិល្បៈ ដែលបានបង្ហាញខ្លួន នៅក្នុងវេទិកានោះ រួមមាន លោក ទេព រិន្ទដារ៉ូ កញ្ញា មាស សុខសោភា លោកគូម៉ា អ្នកនាងសុខ សោម៉ាវត្តី អ្នកនាងប៉េងប៉ោង លោក ស៊ឹម សោភ័ណ្ឌ លោក ប៊ីអាយជី ក្រុមកំប្លែងនាយ ពែកមី លោក ជា សុវណ្ណនរាហ៍ លោក ជា សុវណ្ណរិទ្ធិ និងតារាល្បីៗ ជាច្រើនរូបទៀត។ ក្នុងនោះ ក៏មានមន្ត្រីជាន់ខ្ពស់ តំណាងឲ្យផលិតករកុន និងមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាច្រើន ចូលរួមធ្វើកិត្តិយស។ ក្នុងពិធីនោះ កញ្ញា មាស សុខសោភា ក៏បានឡើងបង្ហើរសំនៀង ដែលជាបទនិពន្ធថ្មី ក្រោមចំណងជើងថា ទង់ព្រលឹង ធ្វើឲ្យមានការគាំទ្រ យ៉ាងកងរំពង ពីអ្នកចូលរួម ជាពិសេស គឺក្រុមយុវវ័យ ដែលទៅគាំទ្រដល់ពិធី ផងដែរ។
លោក ឌៀប សុវណ្ណារ៉ា ផលិតកររឿង ទង់ព្រលឹង បានអះអាងថា ខ្សែរឿងទី២ របស់ផលិតកម្ម Red Picture នេះ បានចំណាយទុនអស់ ៨ម៉ឺនដុល្លារ ដោយក្នុងឈុតឆាក តាំងពីដើមដល់ចប់ ក៏បានបង្កប់នូវខ្លឹមសារកំប្លុកកំប្លែង និងអប់រំ ធ្វើឲ្យអ្នកទស្សនា ចំណេញទាំងភាពរីករាយ និងចំណេះដឹង ផងដែរ។ ជាពិសេស គឺការឆ្លុះបញ្ចាំងឲ្យឃើញពីលទ្ធផល នៃការសេពគប់ពាល និងភាពលោភលន់ ដែលតែងតែនាំមក នូវការវិនាសអន្តរាយ នៅទីបញ្ចប់។ ផ្ទៃរឿង ក៏បានបង្ហាញឲ្យឃើញ ពីកម្លាំងសាមគ្គី ភាពស្មោះត្រង់ និងអបិយជំនឿ ពាក់ព័ន្ធនឹងទង់ព្រលឹង និងវិញ្ញាណនៅក្នុងសង្គមកម្ពុជា ផងដែរ។ លោកថា នេះជារឿងប្រទាក់ក្រឡា នឹងរឿង ភូមិអត់មនុស្ស ប៉ុន្តែមានភាពខុសប្លែក ដោយសារតែបានបន្ថែម នូវបញ្ហាថ្មី និងតួអង្គកាន់តែច្រើន ដើម្បីធ្វើឲ្យមានភាពទាក់ទាញ។
ខាងក្រោមនេះ ជាទិដ្ឋភាពទាំងស្រុង នៃការសម្ពោធដាក់បញ្ចាំងរឿង ទង់ព្រលឹង ដែលមានវត្តមានតារាល្បីឈ្មោះ យ៉ាងច្រើនកុះករ ចូលរួម៖
មតិយោបល់