ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្លុង មឿក ធ្លាក់ខ្លួនលក់ផ្ទះសងបំណុល

ភ្នំពេញៈ ស្ថានភាពរស់នៅយ៉ាងកំសត់របស់គ្រួសារលោកតា ផ្លុង មឿក តារាអាយ៉ៃដ៏ល្បីឈ្មោះ បានធ្វើឲ្យសង្វេគចិត្តយ៉ាងខ្លាំងដល់មហាជន និងតារាសិល្បៈ។ ជាពិសេសក្នុងពេលដែលលោក និងកូនចៅ ស្រាប់តែត្រូវគេឃើញធ្លាក់ខ្លួនមកជ្រកនៅក្នុងបន្ទប់ឆ្អេះឆ្អាបនៅអគារប៊ូឌីង ដោយការរស់នៅ គឺជាលក្ខណៈជួលផ្ទះគេនៅនោះ។ ក្នុងជំនួបដោយផ្ទាល់ គ្រួសាររបស់លោក បានអះអាងថា ហេតុផលដែលនាំឲ្យមានជីវិតគ្រួសារធ្លាក់ដល់សភាពបែបនេះ គឺដោយសារតែផ្ទះកំសត់របស់ខ្លួន ត្រូវបានលក់សងបំណុលគេបាត់ទៅហើយ។

អ្នកស្រី ផ្លុង ចំណាប់ កូនស្រីទី៤ របស់លោកតា ផ្លុង មឿក បានអះអាងថា ផ្ទះល្វែងប្រក់ដំបូលស័ង្កសី ស្ថិតនៅក្នុងបុរីសន្ដិភាព៣ ផ្លូវជាតិលេខ៣ ហួសរង្វង់មូលចោមចៅ គឺនាង និងក្រុមគ្រួសារ លក់ចោលប្រមាណជាជិតមួយឆ្នាំមកហើយ ដោយសារតែហេតុផលឪពុកម្ដាយបណ្ដាក់គ្នាឈឺ ហើយនាង និងបងប្អូន ក៏មិនមានមុខរបរជាដុំកំភួន។ នាងថា ផ្ទះកំសត់កម្រដែលឪពុកខំតស៊ូសង់ក្នុងពេលប្រឡូកសិល្បៈបានយ៉ាងលំបាកនោះ លក់បានតម្លៃ១៥០០០ដុល្លារ ប៉ុន្តែកាត់កងជាមួយបំណុលដែលបានដាក់ប្លង់ក្នុងពេលទ័លច្រកអស់ជាង១ម៉ឺនដុល្លារ និងមានការចាយវាយជាប្រចាំថ្ងៃប្រមាណជាងកន្លះឆ្នាំមុនផង គឺអស់បានទៅហើយ ដោយបានប្រើប្រាស់សម្រាប់មើលជំងឺរបស់លោកតា ផ្លុង មឿក និងម្ដាយ បានតែមួយខ្យល់ប៉ុណ្ណោះ។

កូនស្រីតារាអាយ៉ៃរូបនេះ បន្តថា ខ្លួនសម្រេចមកជួលផ្ទះនៅជាន់ទី២ ក្នុងប្លុកអគារប៊ូឌីង ដោយសារតែបន្ទប់ជួលកន្លែងផ្សេង នៅក្នុងភ្នំពេញ មានសភាពតូចៗ ហើយមានតម្លៃខ្ពស់។ ម្យ៉ាងគ្រួសារនាងមានសមាជិកដល់ទៅ៨នាក់ ដែលពិបាកនឹងឲ្យម្ចាស់ផ្ទះជួលឲ្យនៅផង ទើបគ្មានជម្រើស ហើយត្រូវតែជួលផ្ទះនៅក្នុអាគារប៊ួឌីង ក្រោយពេលធ្លាក់ខ្លួនអស់ផ្ទះ។ នាងថា ផ្ទះដែលខ្លួនជួលមានតម្លៃមួយខែ៧០ដុល្លារ និងសរុបអស់រង្វង់១០០ដុល្លារ រាប់ទាំងថ្លៃទឹកភ្លើង ដែលនេះ គឺជាបន្ទុកយ៉ាងធ្ងន់របស់នាង និងស្វាមី។ នាងថា លោកតា ផ្លុង មឿក គឺដល់ដំណាក់កាលគ្រួសារអស់លទ្ធភាពមើលហើយ ដោយសារតែជំងឺរបស់លោកមានសភាពរ៉ាំរ៉ៃយូរឆ្នាំ រហូតដល់អស់ប្រាក់ចុងក្រោយពីការលក់ផ្ទះ។ យ៉ាងណាក៏ដោយ នាងថា បានជំនួយពីតារាសិល្បៈជាហូរហែរ ទើបនាងអាចមានលទ្ធភាពទិញថ្នាំសង្កូវឲ្យលោក និងភរិយា ដែលមានសភាពធ្លាក់ខ្លួនឈឺដូចគ្នានៅពេលធ្វើទុក្ខធ្ងន់។

អ្នកស្រី ផ្លុង ចំណាប់ ថា លោកតា ផ្លុង មឿក និងម្ដាយរបស់ខ្លួន សុទ្ធតែមានជំងឺលើសឈាមធ្វើទុក្ខ ហើយនិយាយពីលោកតា ផ្លុង មឿ គឺកាន់តែសភាពវង្វេងវង្វាន់ជេរកូនជេរចៅ និងមានសភាពឆេវឆាវរាល់ពេលអស់ថ្នាំ។ នាងទទូចឲ្យមានការជួយដល់ឪពុក និងគ្រួសាររបស់ខ្លួន ដោយអះអាងក្រោយពេលអស់ផ្ទះ ព្រោះតែជាប់បំណុលស្អេកស្កះ គឺមិនមានក្ដីសង្ឃឹមទៀតទេ នៅក្នុងពេលនេះ៕

photo_2016-08-10_07-47-45photo_2016-08-10_07-47-47photo_2016-08-10_07-47-50photo_2016-08-10_07-47-53photo_2016-08-10_07-47-55photo_2016-08-10_07-47-58photo_2016-08-10_07-48-00photo_2016-08-10_07-48-02

មតិយោបល់